ឈ្វេងយល់អំពី “បរធនបាលកិច្ច” -Understanding on Trust

បរធនបាលកិច្ច Trust
Trust

តើអ្វីជាបរធនបាលកិច្ច?

បរធនបាលកិច្ច៖ សំដៅដល់កិច្ចការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន ។ បរធនបាលកិច្ច ត្រូវបានបង្កើតឡើងដោយបរធនបាលទាយក ឬបទប្បញ្ញត្តិជាធរមាននឹងត្រូវមានកម្មវត្ថុស្របច្បាប់ និងមិនផ្ទុយទៅនៅសណ្ដាប់ធ្នាប់ជាសាធារណៈ ។ ទំនាក់ទំនងនេះ គឺជាកាតព្វកិច្ចដែលចែងដោយច្បាប់ក្នុងការតម្រូវឱ្យបរធនបាលមានសិទ្ធិកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ជាប្រយោជន៍ដល់បុគ្គលដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិនោះ។ 1

ភាគីសំខាន់ៗនៃបរធនបាលកិច្ច

បរធនបាលកិច្ចទាយក-Trustor

បរធនបាលកិច្ចទាយក គឺជាបុគ្គលដែលបានបង្កើត និងកំណត់ លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្ដល់ទ្រព្យសម្បត្តិ ឬ មូលធិនិដំបូងទៅក្នុងបរធនបាលកិច្ច និងមានសិទ្ធិទទួលព័ត៌មានពាក់ព័ន្ធនឹងកាគ្រប់គ្រងបរធនបាលកិច្ចព្រមទាំងតែងតាំង និងបញ្ឈប់បរធនបាល។2

បរធនបាល -Trustee

បរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធនពីបរធនបានទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញត្តិជាធរមាន ។3

អត្ថគាហកៈ -Beneficiary

អត្ថគាហកៈ គឺជាបុគ្គលដែលអាចទទួលផលពីបរធនបាលកិច្ចចាប់ពីកាលបរិច្ឆេទចូលជាធរមាននៃបរធនបាលកិច្ច លើកលែងតែមានប្បញ្ញត្តិផ្សេងទៀត ។4

តើប្រតិបត្តិការបរធនបាលកិច្ចអាចបង្កើតឡើងដោយរបៀបណា

ការចុះបញ្ជីបរធនបាលកិច្ច

  • បរធនបាលកិច្ចទាំងអស់មានសុពលភាពលុះត្រាតែចុះបញ្ជីនៅនិយតករបរធនបាលកិច្ច (ន.ប.ធ) ក្នុងរយៈពេលមិនលើសពី ៣ (បី) ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការបង្កើតបរធនបាលកិច្ច ។5
  • លក្ខខណ្ឌ និងនីតិវិធីលម្អិតនៃការចុះបញ្ជីត្រូវកំណត់ដោយអនុក្រឹត្យស្ដីពីការចុះបញ្ជីបរធនបាលកិច្ច។
  • មុននឹងធ្វើការចុះបញ្ជិសម្រាប់ប្រតិបត្តិករបរធនបាលកិច្ចនៅ ន.អ.ធ ស្របតាមមាត្រា ២៨ នៃច្បាប់ស្ដីពីបរធនបាលកិច្ច ការបង្កើតបរធនបាលកិច្ចដើម្បីគោលបំណងណាមួយនៃច្បាប់នេះ ត្រូវមានការអនុញ្ញាតជាគោលការណ៍ជាមុនពី ន.អ.ថ និងបញ្ញត្តិករពាក់ព័ន្ធ។6

សិទ្ធិ និងកាតព្វកិច្ចបរធនបាលទាយក

សិទ្ធិរបស់បរធនបាលទាយក7

  • ទទួលព័ត៌មានពាក់ព័ន្ធ នឹងការគ្រប់គ្រងបរធនបាលកិច្ចដែលជាអាទិ៍ របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សវនកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត។
  • តែងតាំង និងបញ្ឈប់បរធនបាល តាមលក្ខខណ្ឌដែលបានកំណត់ក្នុងលិខិតបរធនបាលកិច្ច ។

កាតព្វកិច្ចរបស់បរធនបាល8

  • ផ្ទេរទ្រព្យសម្បត្តិ ឬមូលធិនិជាបរធនឱ្យទៅបរធនបាល គ្រប់គ្រង និងចាត់ចែងជំនួស សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ។
  • ចូលរួល ឬសម្របសម្រួលក្នុងកិច្ចការផ្ទេរបរធនបាល គ្រប់គ្រង និងចាត់ចែង ។
  • ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះការផ្លាស់ប្ដូរបរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច ឬការកែប្រែលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច ។
  • គោរពតាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ច និងបទប្បញ្ញត្តិជាធរមាន ។

បរធនបាល

សិទ្ធិរបស់បរធនបាល9

  • ទទួលលាភការ ឬកម្រៃនានាក្នុងការគ្រប់គ្រងបរធនបាលកិច្ច ដែលអាចប្រែប្រួលទៅតាមបទពិសោធការងារ និង/ឬគុណវុឌ្ឍិវិជ្ជាជីវៈរបស់ខ្លួន ។
  • គ្រប់គ្រង និងចាត់ចែងបរធនបាលតាមគោលបំណង និងលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច។
  • ចំណាយក្នុងសកម្មភាពសង្គម ស្របតាមគោលបំណងនិងលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច ។
  • ស្វែងរកជំនួយ ឬមូលនិធិផ្សេងៗ ដើម្បីជាប្រយោជន៍របស់បរធនបាលកិច្ច ។
  • តំណាងឱ្យបរធនបាលទាយក ឬអត្ថគាហកៈនៅចំពោះមុខច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច ។ និង
  • គោរពតាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន ។

កាតព្វកិច្ចរបស់បរធនបាល10

  • ដាក់ពាក្យសុំចុះបញ្ជីបរធនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុតាមបែបបទ និងនីតិវិធីដូចមានបញ្ជាក់នៅក្នុងសេចក្ដីសង្ខេបនេះ ។
  • បែងចែកឱ្យបានច្បាស់លាស់រវាងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិបរធនបាលកិច្ចគ្រប់គ្រងទ្រព្យសម្បត្តិបរធនបាលកិច្ចដោយយកចិត្តទុកដាក់ និងដោយប្រុងប្រយ័ត្ន។
  • រក្សាភាពស្មោះត្រង់និងសុចរិត ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិបរធនបាលកិច្ច ។
  • មិនអាចផ្ទេរមុខងាររបស់ខ្លួនឱ្យទៅបុគ្គលផ្សេងទៀតបានឡើយ ។
  • គ្រប់គ្រង និងចាត់ចែងលើទ្រព្យសម្បត្តិបរធនបាលកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍របស់អត្ថគាហកៈ ។
  • ចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិបរធនបាលកិច្ច ។
  • រាយការណ៍និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ចឱ្យបរធនបាលទាយក អត្ថគាហកៈ និងបញ្ញត្តិករពាក់ព័ន្ធ។
  • ចាត់វិធានការសមស្របដើម្បីការពារទ្រព្យសម្បត្តិបរធនបាលកិច្ច និងអត្ថគាហកៈ ។
  • បង់ពន្ធគ្រប់ប្រភេទដែលទាក់ទងទៅនឹងទ្រព្យសម្បត្តិបរធនបាលកិច្ច។
  • ចុះកិច្ចសន្យាធានារ៉ាប់រងលើការទទួលខុសត្រូវក្នុងមុខងារជាបរធនបាល ។
  • ផ្ដល់របាយការណ៍ហិរញ្ញវត្ថុជាប្រចាំទៅបញ្ញត្តិករពាក់ព័ន្ធនិងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
  • មិនអាចទទួលយកផលប្រយោជន៍ពីតតិយជនបានឡើយ ក្នុងករណីមានទំនាស់ផលប្រយោជន៍ ។ និង
  • គោរពតាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន ។

អត្ថគាហកៈ

សិទ្ធិរបស់អត្ថគាហកៈ11

  • ទទួលអត្ថប្រយោជន៍ដូចដែលមានចែងនៅក្នុងលិខិតបរធនបាលកិច្ច ។
  • ទាមទារឱ្យបរធនបាលបំពេញកាតព្វកិច្ចដែលបានកំណត់ក្នុងលិខិតបរធនបាលកិច្ច និងតាមបទប្បញ្ញត្តិជាធរមាន ។
  • ទទួលព័ត៌មានដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងចាត់ចែងនៃបរធនបាលកិច្ច និងតាមបទប្បញ្ញត្តិជាធរមាន ។
  • ទទួលព័ត៌មានដែលជាក់ព័ន្ធនឹងការគ្រប់គ្រង និងចាត់ចែងនៃបរធនបាលកិច្ច ។ និង
  • សិទ្ធិផ្សេងៗទៀតដែលមានចែងក្នុងលិខិតបរធនបាលកិច្ចនិងបទប្បញ្ញត្តិជាធរមាន ។
  1. ចំណុច ៨ នៃឧបសម្ព័ន្ធនៃច្បាប់ស្ដីពីបរធនបាលកិច្ច ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ↩︎
  2. ចំណុច ៩ នៃច្បាប់ខាងលើ ↩︎
  3. ចំណុច ៧ នៃច្បាប់ខាងលើ ↩︎
  4. ចំណុច ១៦ នៃច្បាប់ខាងលើ ↩︎
  5. មាត្រា ២៨ នៃច្បាប់ស្ដីពីបរធនបាលកិច្ច ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៩) ↩︎
  6. មាត្រា ២៨ នៃច្បាប់ខាងលើ ↩︎
  7. មាត្រា ១៧ នៃច្បាប់ខាងលើ ↩︎
  8. មាត្រា ១៨ នៃច្បាប់ខាងលើ ↩︎
  9. មាត្រា ២១ នៃច្បាប់ខាងលើ ↩︎
  10. មាត្រា ២២ នៃច្បាប់ខាងលើ ↩︎
  11. មាត្រា ២៧ នៃច្បាប់ខាងលើ ↩︎

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

សព្វទានំ ធម្មទានំ ជិនាតិ
Sharing knowledge is the most worthwhile endeavor of all.

-ព្រះពុទ្ធ-

Leave a comment