
CI សំដៅលើ កំណត់ហេតុស្ដីពីការបង្ហាញខ្លួនភ្លាម ដែលមានបញ្ញត្តិនៅក្នុង មាត្រា៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌដូចខាងក្រោម៖
មាត្រា ៤៨៖ នីតិវិធីនៃការបង្ហាញខ្លួនភ្លាម
កាលណាសម្រេចថា ត្រូវប្រើនីតិវិធីបង្គាប់ឱ្យ ចូលបង្ហាញខ្លួនភ្លាម ព្រះរាជអាជ្ញាត្រូវ ៖
-ពិនិត្យអត្តសញ្ញាណបុគ្គលដែលគេបញ្ជូនមកឱ្យខ្លួន
-ឱ្យដំណឹងដល់ជននោះ អំពីរឿងរ៉ាវដែលចោទប្រកាន់ និងឈ្មោះបទល្មើស
-ទទួលចម្លើយរបស់បុគ្គលនោះ ប្រសិនបើសាមីខ្លួនចង់និយាយ
-ធ្វើកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម ។
ព្រះរាជអាជ្ញា ប្រាប់ជនជាប់ចោទថា ខ្លួនមានសិទ្ធិសុំពឹងមេធាវីតាមការជ្រើសរើសរបស់ខ្លួន ឬចាត់តាំងឡើងដោយអនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។
មេធាវីជ្រើសរើស ឬចាត់តាំង ត្រូវបានទទួលដំណឹងភ្លាម ។ មេធាវីអាចពិនិត្យសំណុំរឿងនិងទាក់ទងជាមួយជនជាប់ចោទបាន ។
និទ្ទេសនៃទម្រង់ការទាំងនេះ ត្រូវចុះនៅកំណត់ហេតុ បើពុំដូច្នោះទេ នីតិវិធីត្រូវទុកជាមោឃៈ ។
តុលាការជាន់ដំបូង ត្រូវបានទទួលបណ្តឹងតាមកំណត់ហេតុស្តីពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម ។
ជនជាប់ចោទត្រូវបង្ខាំងទុកដោយមានកងកម្លាំងការពារ រហូតដល់ពេលសាមីខ្លួនចូលបង្ហាញខ្លួននៅចំពោះមុខតុលាការដែលត្រូវបើកសវនាការនៅក្នុងថ្ងៃនោះតែម្តង ។
នៅពេលបង្ហាញខ្លួននេះ តុលាការក្រោយពីបានផ្ទៀងផ្ទាត់មើលអត្តសញ្ញាណរបស់ជនជាប់ចោទ និងធ្វើរបាយការណ៍សង្ខេបរឿងរ៉ាវដែលបានចោទប្រកាន់ ត្រូវប្រាប់ដល់ជនជាប់ចោទថា សាមីខ្លួនអាមានរយៈពេលដើម្បីរៀបចំការពារខ្លួន ។
ប្រសិនបើជនជាប់ចោទសុំរយៈពេល ឬប្រសិនបើតុលាការយល់ឃើញថា រឿងក្តីនោះមិនទាន់អាចជំនុំជម្រះភ្លាមៗបានទេនោះ សំណុំរឿងត្រូវលើកទៅពេលសវនាការក្រោយ ។
តុលាការអាចបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទជាបណ្តោះអាសន្ន ដោយសាលក្រមដែលមានបញ្ជាក់ពីសំអាងហេតុ ។ នៅក្នុងសាលក្រមនោះ តុលាការត្រូវយោងតាមលក្ខខណ្ឌនៃមាត្រា ២០៥ (មូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្ន) នៃក្រមនេះ ។ តុលាការចេញដីកាសម្រេចបង្គាប់ឱ្យឃុំខ្លួន ។
សាលក្រមលើអង្គសេចក្តី ត្រូវតែប្រកាសក្នុងរយៈពេលដែលមិនអាចលើសពី ២ (ពីរ) សប្តាហ៍ គិតពីថ្ងៃចូលទៅបង្ហាញខ្លួននៅមុខតុលាការ ។ ការឃុំខ្លួនបណ្តោះអាសន្នត្រូវតែបញ្ឈប់ដោយពេញច្បាប់ ក្រោយពីផុតរយៈពេល ២ (ពីរ) សប្តាហ៍ ។
ប្រសិនបើតុលាការដែលបានទួលបណ្តឹងតាមនីតិវិធីបង្គាប់ឱ្យបង្ហាញខ្លួនភ្លាម យល់ឃើញថាលក្ខខណ្ឌនៃមាត្រា ៤៧ (ការបង្ហាញខ្លួនភ្លាម) នៃក្រមនេះ មិនបានបំពេញទេ ឬក៏ដោយភាពសាំញ៉ាំនៃសំណុំរឿង តម្រូវជាចាំបាច់ឱ្យធ្វើការស្រាវជ្រាវឱ្យបានជ្រាលជ្រៅបន្ថែម តុលាការត្រូវបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ដើម្បីបើកការស៊ើបសួរ។ ជនជាប់ចោទត្រូវតែនាំទៅបង្ហាញខ្លួននៅថ្ងៃនោះតែម្តងនៅចំពោះមុខចៅក្រមស៊ើបសួរ បើពុំដូច្នោះទេ ជនជាប់ចោទត្រូវតែដោះលែងឱ្យមានសេរីភាពវិញដោយឯកឯង ។
CD សំដៅលើ ដីកាដោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ដែលមានបញ្ញត្តិនៅក្នុងមាត្រា ៤៦ នៃក្រមនីតិវិធីរដ្ឋប្បវេណីដូចខាងក្រោម៖
មាត្រា ៤៦៖ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់
ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ គឺជាបញ្ជាឱ្យជនជាប់ចោទចូលទៅបង្ហាញខ្លួននៅមុខតុលាការជាន់ដំបូង ។ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់រួមាន ៖
– អត្តសញ្ញាណនៃជនជាប់ចោទ
– សេចក្តីសង្ខេបនៃអង្គហេតុ
– ឈ្មោះបទល្មើស
– អត្ថបទច្បាប់ដែលកំណត់ និងបង្ក្រាបបទល្មើស ។
ដីកានេះត្រូវចង្អុលប្រាប់ពីតុលាការ ព្រមទាំងទីកន្លែង កាលបរិច្ឆេទ និងម៉ោងពេលនៃសវនាការ ។ ដីកានេះត្រូវបញ្ជាក់ថា ជនជាប់ចោទអាចពឹងមេធាវីឱ្យអមខ្លួនបាន ។
RI សំដៅលើ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ដូចមានបញ្ញត្តិនៅក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌដូចខាងក្រោម៖
មាត្រា ៤៤៖ ការបើកការស៊ើបសួរ
ក្នុងករណីបទឧក្រិដ្ឋ ព្រះរាជអាជ្ញាត្រូវតែបើកការស៊ើបសួរ ។
ការស៊ើបសួរត្រូវបានបើក តាមដីកាបញ្ជូនរឿងឱ្យស៊ើបសួរដែលត្រូវប្តឹងទៅចៅក្រមស៊ើបសួរ ។ ការស៊ើបសួរ អាចបើកប្រឆាំងលើ បុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះ ឬប្រឆាំងទៅលើអញ្ញាតជន ។
ដីកាបញ្ជូនរឿងឱ្យស៊ើបសួររួមាន ៖
– សេចក្តីសង្ខេបនៃអង្គហេតុ
– ការកំណត់ឈ្មោះបទល្មើស
– ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្ក្រាបបទល្មើស និង
– ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន ។
ដីកាបញ្ជូនរឿងឱ្យស៊ើបសួរត្រូវចុះកាលបរិច្ឆេទ និងចុះហត្ថលេខា ។
ទម្រង់ការនេះមានលក្ខណៈដាច់ខាតត្រូវតែគោរព បើពុំដូច្នេះទេ ដីកាបញ្ជូនរឿងឱ្យស៊ើបសួរនេះ ត្រូវទុកជាមោឃៈ ។
RD សំដៅលើ ដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញា ដូចមានបញ្ញត្តិនៅក្នុង មាត្រា ២៤៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌដូចខាងក្រោម៖
មាត្រា ២៤៦៖ ដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញា
កាលណាចៅក្រមស៊ើបសួរយល់ឃើញថា ការស៊ើបសួរបានបញ្ចប់ ចៅក្រនស៊ើបសួរជូនព័ត៌មាននេះដល់ព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវី ។
២ (ពីរ) ថ្ងៃ ក្រោយមក ចៅក្រមស៊ើបសួរបញ្ជូនសំណុំរឿងឱ្យ ព្រះរាជអាជ្ញាពិនិត្យ ។
ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថាចាំបាច់ត្រូវធ្វើកិច្ចស៊ើបសួរថ្មីទៀតនោះ ព្រះរាជអាជ្ញាត្រូវធ្វើតាមមាត្រា ១៣២ (ការស្នើសុំឱ្យបំពេញកិច្ចដោយព្រះរាជអាជ្ញា) នៃក្រមនេះ ។
ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ប្រសិនបើជនត្រូវចោទត្រូវឃុំខ្លួន និង ១ (មួយ) ខែ ក្នុងករណីដែលជនត្រូវចោទនៅក្រៅឃុំ ព្រះរាជអាជ្ញាបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរវិញ ដោយមានដីកាសន្និដ្ឋានស្ថាពរភ្ជាប់ជាមួយផង ។ ថិរវេលានេះត្រូវគិតពីថ្ងៃដែលព្រះរាជអាជ្ញាបានទទួលសំណុំរឿង ។
ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញដូចចៅក្រមស៊ើបសួរដែរថា ការស៊ើបសួរត្រូវបញ្ចប់នោះព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានស្ថាពរជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ ។ ព្រះរាជអាជ្ញាអាចប្តឹងសុំឱ្យចៅក្រមស៊ើបសួរសម្រេចបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់តុលាការជំនុំជម្រះ ឬក៏លើលែងចោទប្រកាន់ ។
CSS សំដៅលើ ដីកាតម្កល់រឿងទុកឥតចាត់ការ ដូចមានបញ្ញត្តិនៅក្នុង មាត្រា ៤១ នៃក្រមនីតិវិធីព្រហ្មទណ្ឌខាងក្រោម៖
មាត្រា ៤១៖ ការតម្កល់រឿងទុកឥតចាត់ការ
កាលបើបណ្តឹងណាមួយត្រូវបានតម្កល់ទុកឥតចាត់ការ ព្រះរាជអាជ្ញាត្រូវឱ្យដំណឹងដល់អ្នកប្តឹង អំពីសេចក្តីសម្រេចរបស់ខ្លួន នៅក្នុងរយៈពេលយ៉ាងខ្លីបំផុត ហើយយ៉ាងយូរបំផុតរយៈពេល ២ (ពីរ) ខែ គិតពីថ្ងៃ ចុះពាក្យប្តឹងក្នុងបញ្ជីដែលមានចែងក្នុងមាត្រា ៥០ (បញ្ជីនៃពាក្យប្តឹង) នៃក្រមនេះ ។
ការតម្កល់រឿងទុកឥតចាត់ការ ត្រូវតែមានសំអាងច្បាប់ និងសំអាងហេតុ ។ ការតម្កល់ទុកឥតចាត់ការនេះគ្មានអាជ្ញាអស់ជំនុំទេ ។
ព្រះរាជអាជ្ញាអាចសើរើកែប្រែសេចក្តីសម្រេចរបស់ខ្លួនវិញ ក្នុងខណៈដែលបណ្តឹងអាជ្ញាមិនទាន់ផុតរលត់នៅឡើយ ។
ប្រសិនបើអ្នកប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចតមកល់រឿងទុកឥតចាត់ការទេ សាមីខ្លួនអាចធ្វើការតវ៉ាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាន ។
ការតវ៉ានេះត្រូវធ្វើនៅក្នុងរយៈពេល ២ (ពីរ) ខែ គិតពីថ្ងៃទទួលដំណឹងអំពីសេចក្តីសម្រេចតម្កល់រឿងទុកឥតចាត់ការ ។ ការតវ៉ានេះត្រូវធ្វើតាមបណ្តឹងសាមញ្ញ នៅអង្គការអយ្យការដែលពាក់ព័ន្ធ ។ បន្ទាប់មកសំណុំរឿងត្រូវបានបញ្ជូនភ្លាមទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដោយតំណាងអយ្យការអមសាលាដំបូង។
ប្រសិនបើយល់ឃើញថា ការតវ៉ានេះមានមូលហេតុត្រឹមត្រូវ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ចេញអធិបញ្ជាដល់ព្រះរាជអាជ្ញាអមសាលាដំបូង ឱ្យធ្វើការចោទប្រកាន់ ។ អគ្គព្រះរាជអាជ្ញាធ្វើអធិបញ្ជា តាម
ការណែនាំជាលាយលក្ខណ៍អក្សរ ។ នៅក្នុងករណីផ្ទុយពីនេះ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ តម្កល់ សេចក្តីសម្រេចរបស់ព្រះរាជអាជ្ញាអមសាលាដំបូង ទុកជាបានការ ។ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ត្រូវឱ្យដំណឹងអំពីសេចក្តីសម្រេចនេះដល់អ្នកប្តឹងតវ៉ា ។
OR សំដៅលើ ដីកាបញ្ជូនទៅជំនុំជម្រះ និងNL សំដៅលើ ដីកាសម្រេចលើកលែងការចោទប្រកាន់ ដូចមានបញ្ញត្តិនៅក្នុងមាត្រា ២៤៧ថ្មី នៃក្រមនីតិវិធីព្រហ្មទណ្ឌដូចខាងក្រោម៖
មាត្រា ២៤៧ថ្មី៖ ដីកាដំណោះស្រាយ
ចៅក្រមស៊ើបសួរបិទការស៊ើបសួរតាមដីកាដំណោះស្រាយ ។ ដីកានេះអាចជា ដីកាបញ្ជូនទៅជំនុំជម្រះ ឬ ដីកាលើកលែងចោទប្រកាន់ ។
ប្រសិនបើយល់ឃើញថាអំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ ។ ដីកាត្រូវរៀបរាប់អំពើដែលត្រូវចោទប្រកាន់ និងឈ្មោះបទល្មើសតាមច្បាប់ ។
ចៅក្រមស៊ើបសួរចេញដីកាលើកលែងចោទប្រកាន់នៅក្នុងករណីដូចតទៅ ៖
១- អំពើប្រព្រឹត្តមិនមែនជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ។
២- ជនដែលប្រព្រឹត្តអំពើនោះនៅតែគេមិនស្គាល់ ។
៣- គ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទ ។
៤- ករណីដែលបណ្តឹងអាជ្ញារលត់ ។
ដីកាដំណោះស្រាយជានិច្ចកាលត្រូវតែមានសំអាងហេតុ ។ ចៅក្រមស៊ើបសួរមិនត្រូវជាប់កាតព្វកិច្ចគោរពតាមដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញាទេ ។ ដីកាអាចជាដីកាបញ្ជូនទៅតុលាការជំនុំជម្រះចំពោះអំពើមួយចំនួន និងជាដីកាលើកលែងចោទប្រកាន់ចំពោះអំពើដទៃទៀត ។
ក្នុងករណីដែលសំណុំរឿងស៊ើបសួរពាក់ព័ន្ធនឹងអង្គហេតុច្រើន ចៅក្រមស៊ើបសួរធាចចេញដីកាដំណោះស្រាយចំពោះអង្គហេតុដែលការស៊ើបសួរបានចប់សព្វគ្រប់ និងបន្តការស៊ើបសួរចំពោះអង្គហេតុផ្សេងទៀតបាន។ ចៅក្រមស៊ើបសួរក៏អាចចេញដីកាលើកលែងចោទប្រកាន់ចំពោះជនត្រូវចោទដែលត្រូវបានស៊ើបសួររកឃើញថា មិនមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ឬការចូលរួមប្រព្រឹត្តបទល្មើស និងការធ្វើការស៊ើបសួររកអត្តសញ្ញាណជនល្មើសបន្តទៀតបាន ។
ដីកាដំណោះស្រាយត្រូវជូនដំណឹងក្នុងរយៈពេលដ៏ខ្លីបំផុតដល់ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី។
ក្នុងករណីដែលមានការលើកលែងចោទប្រកាន់ដោយមូលហេតុអត្តសញ្ញាណរបស់ជនត្រូចោទមិនត្រូវបានស្គាល់ ឬក្នុងករណីដែលជនត្រូវចោទទទួលមរណភាព ចៅក្រមស៊ើបសួរអាចប្តឹងសុំទៅតុលាការព្រហ្មទណ្ឌតាមដីកាបញ្ជូនឱ្យសម្រេចរឹបអូសឧបករណ៍ សម្ភារៈ មូលនិធិ ផលទុន ឬទ្រព្យសម្បត្តិ ប្រសិនបើមានការសង្ស័យដោយសមហេតុផលថា ឧបករណ៍ សម្ភារៈ មូលនិធិ ផលទុន ឬទ្រព្យសម្បត្តិទាំងនោះពាក់ព័ន្ធនឹងបទល្មើស ។ ក្នុងករណីនេះ តុលាការព្រហ្មទណ្ឌត្រូវសម្រេចអំពីការរឹបអូសដោយសាលក្រមក្នុងសវនាការជាសាធារណៈ ដោយមានការចូលរួមពីតំណាងអយ្យការ និងបុគ្គលពាក់ព័ន្ធ ប្រសិនបើមាន ។ សាលក្រមដែលសម្រេចអំពីការរឹបអូសត្រូវបិទផ្សាយនៅទីកន្លែងដែលតុលាការបានចេញសាលក្រម និងផ្សាយជាសាធារណៈតាមសារព័ត៌មាន ឬមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ។
បុគ្គលដែលមានប្រយោជន៍ពាក់ព័ន្ធ ឬដែលអះអាងថាខ្លួនជាម្ចាស់នៃវត្ថុដែលជាកម្មវត្ថុនៃការរឹបអូស មានសិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនោះបានក្នុងរយៈពេល ១ (មួយ) ខែ គិតពីថ្ងៃប្រកាសសាលក្រម ប្រសិនបើបុគ្គលនេះបានចូលរួមនៅក្នុងនីតិវិធីនៃការជំនុំជម្រះរបស់តុលាការ និងក្នុងរយៈពេល ២ (ពីរ) ខែ គិតពីថ្ងៃប្រកាសផ្សាយជាសាធារណៈតាមសារព័ត៌មាន ឬមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ប្រសិនបើបុគ្គលមិនបានចូលរួមនៅក្នុងនីតិវិធីតុលាការ ។ បែបបទ និងនីតិវិធីនៃការប្តឹងឧទ្ធរណ៍នេះត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃក្រមនេះ ។
RS សំដៅលើ ដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរបន្ថែម ដូចមានបញ្ញត្តិនៅក្នុង មាត្រា២៤៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ខាងក្រោម៖
មាត្រា ២៤៦៖ ដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញា
កាលណាចៅក្រមស៊ើបសួរយល់ឃើញថា ការស៊ើបសួរបានបញ្ចប់ ចៅក្រនស៊ើបសួរជូនព័ត៌មាននេះដល់ព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវី ។
២ (ពីរ) ថ្ងៃ ក្រោយមក ចៅក្រមស៊ើបសួរបញ្ជូនសំណុំរឿងឱ្យ ព្រះរាជអាជ្ញាពិនិត្យ ។
ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថាចាំបាច់ត្រូវធ្វើកិច្ចស៊ើបសួរថ្មីទៀតនោះ ព្រះរាជអាជ្ញាត្រូវធ្វើតាមមាត្រា ១៣២ (ការស្នើសុំឱ្យបំពេញកិច្ចដោយព្រះរាជអាជ្ញា) នៃក្រមនេះ ។
ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ប្រសិនបើជនត្រូវចោទត្រូវឃុំខ្លួន និង ១ (មួយ) ខែ ក្នុងករណីដែលជនត្រូវចោទនៅក្រៅឃុំ ព្រះរាជអាជ្ញាបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរវិញ ដោយមានដីកាសន្និដ្ឋានស្ថាពរភ្ជាប់ជាមួយផង ។ ថិរវេលានេះត្រូវគិតពីថ្ងៃដែលព្រះរាជអាជ្ញាបានទទួលសំណុំរឿង ។
ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញដូចចៅក្រមស៊ើបសួរដែរថា ការស៊ើបសួរត្រូវបញ្ចប់នោះព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានស្ថាពរជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ។ ព្រះរាជអាជ្ញាអាចប្តឹងសុំឱ្យចៅក្រមស៊ើបសួរសម្រេចបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់តុលាការជំនុំជម្រះ ឬក៏លើលែងចោទប្រកាន់ ។
OPJ សំដៅលើ មន្ត្រីនគរបាលយុត្តិធម៌ ដូចមានបញ្ញត្តិនៅក្នុងមាត្រា ៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌដូចខាងក្រោម៖
មាត្រា ៦០៖ មន្តី្រនគរបាលយុត្តិធម៌
មានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ ៖
១-មន្ត្រីនគរបាលជាតិ មានឋានន្តរសក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ ដែលបានបម្រើការងារយ៉ាងតិចបំផុត ២ (ពីរ) ឆ្នាំ ក្នុងនគរបាលជាតិរួចហើយ ហើយបន្ទាប់ពីបានទទួលសញ្ញាប័ត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ។
២-នាយទាហាននៃកងរាជអាវុធហត្ថ ដែលបានបម្រើការងារយ៉ាងតិចបំផុត ២ (ពីរ) ឆ្នាំ ក្នុងកងរាជអាវុធហត្ថរួចហើយ ហើយបន្ទាប់ពិបានទទួលសញ្ញាប័ត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ។
៣-អ្នកមានឋានន្តរស័ក្តិ និងមុខងារដូចខាងក្រោម ៖
ក. អភិបាល និងអភិបាលរង ខេត្ត ក្រុង, អភិបាល និងអភិបាលរង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ។
ខ. ប្រធាន និងអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធាន និង អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងប្រធាន និងអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
គ. ប្រធាន និងអនុប្រធាននាយកដ្ឋាន, ប្រធាន និងអនុប្រធានការិយាល័យ, ប្រធាន និងអនុប្រធានផ្នែក ដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ និងស្ថិតក្រោឱវាទរបស់នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នាយកដ្ឋានកណ្តាលសន្តិសុខ និងនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ។
ឃ. ប្រធាន និងអនុប្រធាននាយកដ្ឋាន, ប្រធាន និងអនុប្រធានការិយាល័យ, ប្រធាន និងអនុប្រធានផ្នែកនៃ ៖
– នាយកដ្ឋាននគរបាលព្រំដែន “ចំពោះបទល្មើសឆ្លងដែន”
– មន្ទីរប្រឆាំងគ្រឿងញៀន
– នាយកដ្ឋាននគរបាលទេសចរណ៍
– ស្នងការពិសេសការពារបេតិកភ័ណ្ឌ ។
ង. ស្នងការ ស្នងការរងនគរបាលខេត្ត ក្រុង ។
ច.ប្រធាន និងអនុប្រធានការិយាល័យ, ប្រធាន និងអនុប្រធានផ្នែកដែលទទួលបន្ទុកការងារព្រហ្មទណ្ឌចំណុះស្នងការនគរបាលខេត្ត ក្រុង ដូចជា ៖
-ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
-ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
-ការិយាល័យនគរបាលសេដ្ឋកិច្ច
-ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌ
-ការិយាល័យប្រឆាំងគ្រឿងញៀន
-ការិយាល័យប្រឆាំងភេរវកម្ម និង
-ការិយាល័យជនបរទេស។
ឆ. អធិការ និងអធិការរង ប្រធាន និងអនុប្រធានផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក ខណ្ឌ ។
ជ. ប្រធាន និងអនុប្រធានការិយាល័យនគរបាលចរាចរ ប្រធាន និងអនុប្រធានផ្នែកនគរបាលចរាចរ “ចំពោះបទល្មើសចរាចរ” ។ ប្រធាន និងអនុប្រធានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងប្រធាន និងអនុប្រធានផ្នែកនៃការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ “ចំពោះបទល្មើសអាវុធ ជាតិផ្ទុះ” ។ ប្រធាន និងអនុប្រធានអង្គភាព ប្រធាន និងអនុប្រធានការិយាល័យនគរបាលទេសចរណ៍ និងប្រធាន និងអនុប្រធាន ផ្នែកនៃការិយាល័យនគរបាលទេសចរណ៍ ។
ឈ. ប្រធាន និងអនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ “ចំពោះបទល្មើសព្រហ្មទណ្ឌ” ។
ញ. មេបញ្ជាការ និងមេបញ្ជាការរងនៃកងរាជអាវុធហត្ថ ដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ ។
ដ. មេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថប្រចាំខេត្ត ក្រុង ដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ។
ឋ. មេមេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថប្រចាំស្រុក ខណ្ឌ ដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ។
ឌ. ប្រធាន និងអនុប្រធានការិយាល័យ ប្រធាន និងអនុប្រធានផ្នែកនៃកងរាជអាវុធហត្ថទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ ។
ឍ. ប្រធាន និងអនុប្រធានអង្គភាពផ្សេងទៀត ដែលទទួលបន្ទុកកិច្ចការស៊ើបអង្កេត បទល្មើសព្រហ្មទណ្ឌ ដែលត្រូវបានបង្កើតឡើងក្នុងករណីចាំបាច់ ។
រដ្ឋមន្ត្រីជាអាណាព្យាបាលនៃមន្ត្រីនគរបាល ឬជាអាណាព្យាបាលនៃនាយទាហានកងរាជអាវុធហត្ថទាំងឡាយ ដែលមានចែងនៅក្នុងចំណុចទី១ ទី២ ទី៣ នៃមាត្រានេះ មានភារកិច្ចតែងតាំងមន្ត្រីនគរបាល និងនាយទាហានកងរាជអាវុធហត្ថទាំងឡាយណា ដែលត្រូវបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌ ដោយប្រកាសរួមជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment