គំរូនៃ ការតាក់តែងកិច្ចសន្យាទិញលក់

កិច្ចសន្យា គឺជាប្រភេទមួយនៃកាតព្វកិច្ច ។1 ហើយកិច្ចសន្យាសំដៅលើ សកម្មភាព (កិរិយា) ដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមព្រៀងបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ចុ។​2

ខាងក្រោមនេះគឺជាគំរូកិច្ចសន្យាទិញលក់ដែលយើងឧស្សាហ៍ឃើញនៅក្នុងប្រតិបត្តិការទិញលក់នាពេលបច្ចុប្បន្ននេះ ។​

​ជាតិ សាសនា ព្រះមហាក្សត្រ​

​កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ​

​កិច្ចសន្យាលក់​​ទិញ​អចលនវត្ថុ​នេះ (តទៅ​ហៅកាត់ថា “​កិច្ចសន្យាលក់ទិញ​”) ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​០០ ខែ០០ ឆ្នាំ២០២៥ នៅ​រាជធានី​ភ្នំពេញ​ ធ្វើឡើយដោយ និង រវាងៈ ភាគីដូចខាងក្រោម៖

អ្នកលក់៖ ឈ្មោះ​……………………​ភេទ ប្រុស អាយុ ………​ឆ្នាំ សញ្ជាតិ​ខ្មែរ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​……………………. ចុះ​ថ្ងៃទី​……/………/……… មាន​អាសយដ្ឋាន​ផ្ទះ​លេខ​……​ផ្លូវ ………​ភូមិ​………………​ឃុំ​/​សង្កាត់​………………… ស្រុក​/​ខណ្ឌ​…………………​ខេត្ត​/​ក្រុង​………………………(​ចាប់ពីពេលនេះ​តទៅ ហៅ​កាត់​ថា “​អ្នកលក់​”) ។​ និង

អ្នកទិញ៖ ឈ្មោះ​……………………​ភេទ ប្រុស អាយុ ………​ឆ្នាំ សញ្ជាតិ​ខ្មែរ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​……………………. ចុះ​ថ្ងៃទី​……/………/……… មាន​អាសយដ្ឋាន​ផ្ទះ​លេខ​……​ផ្លូវ ………​ភូមិ​………………​ឃុំ​/​សង្កាត់​………………… ស្រុក​/​ខណ្ឌ​…………………​ខេត្ត​/​ក្រុង​………………………(​ចាប់ពីពេលនេះ​តទៅ ហៅ​កាត់​ថា “​អ្នកទិញ​”) ។​

​អ្នកលក់​ និង អ្នកទិញ​ អាច​ហៅ​ដាច់ឡែក​ហៅថា “​ភាគី​” និង ហៅ​រួមគ្នា​ថា “​គូភាគី​” ។​

​បុព្វកថា​

ដោយហេតុថា​៖ អ្នកលក់ ជា​កម្មសិទ្ធិករ​ស្របច្បាប់​នៃ​ដី និង​ផ្ទះល្វែង​មួយកន្លែង ដែលមាន​ក្បាលដី លេខ ០០០០ ដែលមាន​ផ្ទៃក្រឡា​សរុប​​០០​ម​២ (០០ ម៉ែត្រ​ការេ​) ដែលមាន ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ ០០ ភូមិ ០០ សង្កាត់​០០ ខណ្ឌ០០ រាជធានី​ភ្នំពេញ សម្គាល់ដោយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ០០ ចុះថ្ងសទី០០ ខែ០០ ឆ្នាំ០០ (​ចាប់ពីពេលនេះ​តទៅ ហៅថា “​អចលនវត្ថុ​”) ដូច​មានភ្ជាប់​ជូន​ជា​ឧបសម្ព័ន្ធ​នៃ​កិច្ចសន្យា​នេះ ។​

​ដោយហេតុថា​៖ អ្នកលក់ មានបំណង​លក់​អចលនវត្ថុ ហើយ​អ្នកទិញ មានបំណង​ទិញ​អចលនវត្ថុ​ពី​អ្នកលក់ ដោយ​អនុលោម​តាម​ខ្លឹមសារ និង​លក្ខខណ្ឌ ដែល​មានចែង​ដូចខាងក្រោម​នេះ ។ 

​ហេតុដូច្នេះ គូភាគី​បាន​ព្រមព្រៀងគ្នា​ដូចខាងក្រោម ៖     

ប្រការ ១៖ កម្មវត្ថុ​នៃ​កិច្ចសន្យា

អ្នកលក់​យល់ព្រម​លក់ ហើយ​អ្នកទិញ​យល់ព្រម​ទិញ​អចលនវត្ថុ ទៅតាម​តម្លៃ​ដែល​បានកំណត់​នៅក្នុង​ចំណុច ២.១ ខាងក្រោម ស្របតាម​ខ្លឹមសារ និង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​នេះ ។​

ប្រការ ២៖ តម្លៃ​លក់​-​ទិញ និង​លក្ខខណ្ឌ​នៃ​ការទូទាត់​ប្រាក់

  • តម្លៃ​លក់​-​ទិញ​

គូភាគី ​បាន​ព្រមព្រៀង​លើ​តម្លៃ​លក់​-​ទិញ​អចលនវត្ថុ ក្នុងតម្លៃសរុបចំនួន ០,០០០ (០០០០ ​ដុល្លារ​អាមេរិក​គត់​) (​តទៅ​នេះ​ហៅថា “​តម្លៃ​លក់​-​ទិញ​”) ដែល​នឹងត្រូវ​ទូទាត់​ទៅ​ឲ្យ​អ្នកលក់ ដោយ​អនុលោម​តាម​ចំណុចខាងក្រោម​នេះ ។​

  • លក្ខខណ្ឌ​នៃ​ការទូទាត់​ប្រាក់​

​គូភាគី​ព្រមព្រៀង​លើ​លក្ខខណ្ឌ​នៃ​ការទូទាត់​ប្រាក់​ដូចខាងក្រោម ៖

  • ការបង់ប្រាក់​កក់​៖ ប្រាក់​កក់​ចំនួន ១.០០០​ដុល្លារ (​មួយ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​គ​ត់​) (​តទៅ​នេះ​ហៅថា “​ប្រាក់​កក់​”) ត្រូវ​បង់​ទៅ​ឲ្យ​អ្នកលក់ នៅ​ថ្ងៃ​ចុះហត្ថលេខា និង​/​ឬ ផ្តិតមេដៃ​ដើម្បី​អនុវត្ត​កិច្ចសន្យា​នេះ ។ ដើម្បី​ជាការ​ធានា​ក្នុង​កិច្ចសន្យា​នេះ អ្នកលក់​បន្ទាប់ពី​ទទួលបាន​ប្រាក់​កក់​នេះហើយ មិនអាច​កែប្រែ​លែង​លក់ ឬ​លក់​អចលនវត្ថុ​ទៅ​ឲ្យ​តតិយជន ដោយ​មិនមាន​ការយល់ព្រម​ពី​អ្នកទិញ​បានឡើយ ។​ ក្នុងករណី​កែប្រែ​លែង​លក់ ឬ​លក់​អចលនវត្ថុ​ទៅ​ឲ្យ​តតិយជន ឬ​ការរត់​ការផ្ទេរ​សិ​ទិ្ធ​ដាក់ឈ្មោះ​អ្នកទិញ​មិនអាច​ធ្វើទៅបាន​ដោយ​ប្រការ​ណាមួយ នោះ​អ្នកលក់​ត្រូវ ប្រគល់​ប្រាក់​កក់​មក​ឲ្យ​អ្នកទិញ​វិញ ក្នុង​រយៈពេល​មិន​ឲ្យ​លើសពី ០៣(​បី​)​ថ្ងៃ នៃ​ថ្ងៃ​ប្រតិទិន បូករួម​នឹង​សំណង​ជម្ងឺ​ចិត្ត​ស្មើនឹង​ចំនួន​ប្រាក់​កក់​នេះ គឺ​ស្មើនឹង ២,០០០​ដុល្លារ (​ពីរពាន់​ដុល្លារ​សហរដ្ឋអាមេរិក​គ​ត់​)​។​
  • នៅពេល​ទទួល​ប្រាក់​កក់ ដូចដែល​មានចែង​នៅក្នុង​ប្រការ​ខាងលើ អ្នកលក់​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ស្នើសុំ​ចុះបញ្ជី​ផ្ទេរ​កម្ម​សិ​ទិ្ធ​អចលនវត្ថុ (​ប្លង់​ទន់​) ជាមួយនឹង​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ និង មាន​សមត្ថកិច្ច​នៅ​ថ្នាក់ភូមិ សង្កាត់ និង​ខណ្ឌ ទៅជា​ឈ្មោះ​អ្នកទិញ ដោយ អនុលោម​តាម​តាម​ខ្លឹមសារ​និង​លក្ខខណ្ឌ​ដែល​មានចែង​នៅក្នុង​កិច្ចសន្យា​នេះ​រវាង​គូភាគី​។​
  • អ្នកលក់​យល់ព្រម​ថា​ខ្លួន​ត្រូវ​ប្រើប្រាស់​រយៈពេល ០៣(​បី​)​ថ្ងៃ រាប់​ចាប់ពី​កាលបរិច្ឆេទ​ទទួល​ប្រាក់​កក់ ឬ​ថ្ងៃ​ផ្តិតមេដៃ​លើ​កិច្ចសន្យា​នេះ សម្រាប់​ដំណើរការ និង​ការបញ្ចប់​នៃ​ការចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ (​ប្លង់​ទន់​) លើ​អចលនវត្ថុ ដូចដែល​មានចែង​នៅក្នុង​ចំណុច ខាងលើ​នៃ​កិច្ចសន្យា​នេះ (​តទៅ​នេះ​ហៅថា “​រយៈពេល​ចុះបញ្ជី​ផ្ទេរ​សិ​ទិ្ធ​”)​។ រយៈពេល​ចុះបញ្ជី​ផ្ទេរសិទ្ធិ ដែល​មានចែង​នៅក្នុង​ប្រការនេះ នឹងត្រូវ​បាន​ពន្យា​ពេល​ចំនួន ០២(​ពីរ​)​ថ្ងៃ បន្ថែមទៀត ដោយមាន​បញ្ជាក់​ពី​មូលហេតុ​សមស្រប ហើយ ដែលមាន​ការយល់ព្រម​ពី​គូភាគី​នៃ​កិច្ចសន្យា​នេះ​។  
  • ការទូទាត់​ប្រាក់​ចុងក្រោយ​

ទឹកប្រាក់​សរុប​ចំនួន ៨៩.០០០​ដុល្លារ (​ប្រាំបី​ម៉ឺន​ប្រាំបួន​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​) (​ហៅថា “​ការទូទាត់​ប្រាក់​ចុងក្រោយ​”) ត្រូវ​ទូទាត់​ទៅ​ឲ្យ​ភាគី​អ្នកលក់ នៅពេលដែល​អ្នកលក់ បាន​បំពេញ​ចប់​រួចរាល់​នូវ​ដំណើរការ​ចុះបញ្ជី​នៃ​ការផ្ទេរ​សិ​ទិ្ធ​ពី​ឈ្មោះ​របស់​អ្នកលក់ ទៅ​ឲ្យ​ឈ្មោះ​អ្នកទិញ ហើយ​អ្នកលក់​បានបង្ហាញ​លិខិត​ផ្ទេរ​សិ​ទិ្ធ​ថ្មី​នេះ ឲ្យ​អ្នកទិញ​បានឃើញ និង ពិនិត្យ​តាមផ្លូវ​ច្បាប់​ត្រឹមត្រូវ ។ ហើយ​ការទូទាត់​ប្រាក់​ចុងក្រោយ​នេះ នឹងត្រូវ​ធ្វើឡើង​តាមរយៈ​ធនាគារ​ណាមួយ​ដែលមាន​ការព្រមព្រៀងរ​វាង​គូភាគី​នៃ​កិច្ចសន្យា​នេះ បន្ទាប់ពី​អ្នកទិញ​បាន​ត្រួតពិនិត្យ ភាពស្របច្បាប់​នៃ​ការចុះបញ្ជី​ផ្ទេរ​សិ​ទិ្ធ​អចលនវត្ថុ ដូច​មានចែង​ក្នុង​ប្រការ​ខាងលើ ។​

៣. ការចុះបញ្ជី ការផ្ទេរសិទ្ធិ និង​សោហ៊ុយ​ចំណាយ​ផ្សេងៗ​

  • អ្នកលក់​យល់ព្រម​ចុះបញ្ជី​ផ្ទេរ​អចលនវត្ថុ​បច្ចុប្បន្ននេះ (​តទៅ​នេះ​ហៅថា​“​លិខិត​ផ្ទេរ​សិ​ទិ្ធ​”) ទៅជា (“​លិខិត​ផ្ទេរសិទ្ធិ​”) ដដែល ជាមួយនឹង​អាជ្ញាធរ​សុរិយោដី​ដែល​ពាក់ព័ន្ធ មាន​ជាអាទិ៍ ភូមិ សង្កាត់ និង​ថ្នាក់​ខណ្ឌ ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ អ្នកទិញ  ។​
  • រាល់​ថ្លៃ​សេវា ឬ​សោហ៊ុយ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ រួមមាន​៖ សេវា​រដ្ឋបាល សេវា​តម្រូវ​បង់​ជូន​រដ្ឋ សេវា​សុរិយោដី សេវា​មេធាវី​/​សេវា​ផ្នែក​ច្បាប់ និង​ការបង់ពន្ធ​ជា​ធរមាន​នានា មាន​ជាអាទិ៍ អាករ​លើ​តម្លៃបន្ថែម (VAT) ដែល​បាន​ចំណាយ​សម្រាប់​ការស្នើសុំ​ចុះបញ្ជី និង​ការផ្ទេរកម្មសិទ្ធិ​លើ​អចលនវត្ថុ និង​ការបញ្ជា​ក់លើ និង​ការរៀបចំ​សំណុំ​ឯកសារ និង​បែបបទ​ផ្សេងៗ ខាងលើ ជា​បន្ទុក​របស់​អ្នកលក់ ។​

៤. ការធានា និង​ការទទួលខុសត្រូវ​រប​ស់​អ្នកលក់

  • អ្នកលក់​ធានាថា ខ្លួន​គឺជា​ម្ចាស់​កម្ម​សិ​ទិ្ធ​ស្របច្បាប់ និង​ផ្តាច់មុខ​លើ​អចលនវត្ថុ និង​មាន​សិ​ទិ្ធ​ផ្ទេរ ហើយនឹង​ផ្ទេរ​ទៅ​ឲ្យ​អ្នកទិញ នូវ​អចលនវត្ថុ​ដែល​មិនមាន​ចំណែក​របស់​តតិយជន មិន​ជាប់​សិ​ទិ្ធ​ឃាត់ទុក មិន​ជាប់​បន្ទុក ការ​រឹតត្បិត ហ៊ី​ប៉ូ​តែ​ក ការដាក់​បញ្ចាំ ការដាក់​ធានា បណ្តឹង​តតិយជន សេចក្តី​ស​ម្រ​ចរ​បស់​តុលាការ វិវាទ​ដែល​កំពុងដំណើរការ ឬ​ផ្អាក​បណ្តោះអាសន្ន​ណាមួយ​ឡើយ ។​
  • អ្នកលក់​យល់ព្រម ចុះបញ្ជី​ផ្ទេរសិទ្ធិ​អចលនវត្ថុ ក្នុង​ទម្រង់​ជា​លិខិត​ផ្ទេរ​សិ​ទិ្ធ នៅ​ថ្នាក់ភូមិ សង្កាត់ និង​ខណ្ឌ ដោយ​ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ​អ្នកទិញ​ធ្វើជា​កម្ម​សិ​ទិ្ធ​ករ​ស្របច្បាប់​នៃ​អចលនវត្ថុ​នេះ ចាប់​ពីថ្ងៃ​ផ្តិតមេដៃ​ស្តាំ​លើ​កិច្ចសន្យា​នេះ​តទៅ ។​
  • គ្មាន​តតិយជន​ណាមួយ​ដែល​ត្រូវបាន​ផ្តល់​សិ​ទិ្ធ ឬ​ទាមទារ​អចលនវត្ថុ ចាប់ពី​ថ្ងៃ​បំពេញ​ការផ្ទេរ​សិ​ទិ្ធ​លើ​អចលនវត្ថុ ដោយ​អនុលោម​តាម​ចំណុច ៣.១ និង ៣.២ នៃ កិច្ចសន្យា​នេះ ។​
  • នៅមុន​ពេល​ទទួល​ប្រាក់​កក់ និង​នៅពេល​ផ្តិតមេដៃ និង​/​ឬ ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ អ្នកលក់​ត្រូវ​បង្ហាញ​ដល់​អ្នកទិញ នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ ទាំង​ច្បាប់ដើម និង​ថតចម្លង ដែល​បញ្ជាក់ថា ខ្លួន​គឺជា​កម្ម​សិ​ទិ្ធ​ករ​ស្របច្បាប់ និង​តែ​ម្នាក់​គត់​លើ​អចលនវត្ថុ​នេះ និង​ថា អចលនវត្ថុ​នេះ​មិន​ពាក់ព័ន្ធ​អ្វី​ទាំងអស់​ដូច​មានចែង​ក្នុង​ខ្លឹមសារ​នៃ​ប្រការ ៤.១ ខាងលើ នៃ​កិច្ចសន្យា​នេះ ។​
  • ក្រោយពី អ្នកទិញ បាន​ទូទាត់ ប្រាក់​កក់ រួចរាល់​ហើយ អ្នកលក់ មិនត្រូវ​លក់ អចលនវត្ថុ ទៅ​ឲ្យ​តតិយជន ឬ ស​ម្រ​ច​ចិត្ត​ថា​មិន​លក់ តម្លើង​តម្លៃ​លក់​-​ទិញ ឈប់​លក់ ផ្អាក​លក់ និង​/​ឬ ធ្វើ​កិច្ច​ការដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការលក់​-​ទិញ អចលនវត្ថុ តាម​ខ្លឹមសារ និង​លក្ខខណ្ឌ​ដូចដែល​បានកំណត់​នៅក្នុង​កិច្ចសន្យា​នេះ ។ ប្រសិនបើ អ្នកលក់ នៅតែ​ប្រព្រឹត្តិ​ដូច​ការចែង​ក្នុង​ប្រការនេះ អ្នកលក់ ត្រូវប្រគល់​ប្រាក់​ប្រាក់​កក់ និង​ប្រា​ក់បង់​ផ្សេងៗ​ទៀត មក​ឲ្យ​អ្នកទិញ​វិញ ក្នុង​រយៈពេល​មិន​ឲ្យ​លើសពី ០៣(​បី​)​ថ្ងៃ នៃ​ថ្ងៃ​ប្រតិទិន ។​
  • រាល់​សោហ៊ុយ និង​ការចំណាយ​ផ្សេងៗ​លើ​ការចុះបញ្ជី និង​ការផ្ទេរកម្មសិទ្ធិ​លើ​អចលនវត្ថុ និង​ការចំណាយ​ផ្សេងៗ ដូច​មានចែង​ក្នុង​ចំណុច ខាងលើ នៃ​កិច្ចសន្យា​នេះ ជា​បន្ទុក​របស់​អ្នកលក់ ។​
  • ក្នុងករណី អ្នកលក់​៖ សម្រេចចិត្ត​ឈប់​លក់​អចលនវត្ថុ ទៅ​ឲ្យ​អ្នកទិញ ក្រោយពី​ថ្ងៃ​ចុះ​កិច្ចសន្យាលក់​-​ទិញ​នេះ​។​
  • ខកខាន​មិនបាន​ផ្ទេរ​កម្ម​សិ​ទិ្ធ​នៃ​អចលនវត្ថុ ដែលជា​កម្មវត្ថុ​ដូចដែល​បានចែង​នៅក្នុង​កិច្ចសន្យា​នេះ​។​ អ្នកលក់​ត្រូវប្រគល់​ត្រឡប់មកវិញ​នូវ​ប្រាក់​កក់ និង​ការចំណាយ​ផ្សេងទៀត​ដែល​អ្នកទិញ​បាន​ចំណាយ និង​ត្រូវ​បង់​ការពិន័យ​ដែល​ស្មើនឹង​ចំនួន​ប្រាក់​កក់ និង​ការចំណាយ​ផ្សេងទៀត​ជា​សំណង​នៃ​ការខូចខាត និង​ប្រាក់​ជម្ងឺ​ចិត្ត​ទៅ​ឲ្យ​អ្នកទិញ ។ ដើម្បី​បញ្ជៀ​សភាព​មន្ទិលសង្ស័យ អ្នកទិញ​យល់ព្រម​យ៉ាង​ជាក់លាក់ និង​ដោយ​ឥត​លក្ខខណ្ឌ​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​លើ​អចលនវត្ថុ ឬ​ផ្នែក​ដ៏​ទៃ​ផ្សេងទៀត​នៃ​អចលនវត្ថុ ដែល​បាន​ផ្ទេរ​ទៅ​ឲ្យ​អ្នកទិញ​តាមរយៈ​កិច្ចសន្យា​នេះ​ត្រឡប់​ទៅ​ឲ្យ​អ្នកលក់​វិញ ប្រសិនបើ​បាន​ផ្ទេរកម្មសិទ្ធិ​រួចរាល់ ដោយ​ការចំណាយ ផ្សេងៗ​ជា​បន្ទុក​ផ្តាច់មុខ និង​ទាំងស្រុង​របស់​អ្នកលក់ ដោយ​ផ្អែក​ទៅតាម​នីតិវិធី​ច្បាប់ និង​រដ្ឋបាល និង​ការអនុវត្ត រួមមាន​ជាអាទិ៍​ដូចជា ការចុះហត្ថលេខា និង​/​ឬ ផ្តិតមេដៃ​លើ​លិខិតស្នាម​ដែល​តម្រូវ​ផ្សេងៗ​ទៀត ដើម្បី​ផ្ទេរកម្មសិទ្ធិ​លើ​អចលនវត្ថុ ឬ ផ្នែក​ដ៏​ទៃ​ផ្សេងទៀត​នៃ​អចលនវត្ថុ​ត្រឡប់​ទៅ​ឲ្យ​អ្នកលក់​វិញ ។​

៥. ការធានា​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​អ្នកទិញ​

  • អ្នកទិញ ធានា​ចំពោះ​អ្នកលក់​ថា អ្នកទិញ​នឹង​គោរព​តាម​រាល់​ខ្លឹមសារ និង​លក្ខខណ្ឌ​ទាំងឡាយ​ដែលមាន​ចែង​ក្នុង​កិច្ចសន្យា​នេះ ដែល​ទាក់ទិន​នឹង​ខ្លួន ។​
  • អ្នកទិញ ត្រូវអនុវត្ត​នូវ​កាតព្វកិច្ច​ទាំងឡាយ​របស់ខ្លួន ដូចដែល​មានចែង​ក្នុង​កិច្ចសន្យា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រកបដោយ​សុ​ច្ចរិតភាព​។​
  • អ្នកទិញ​ត្រូវ​សហការ​ជាមួយ​អ្នកលក់ ក្នុងការ​រៀបចំ​ឯកសា​រ​ដែល​ចាំបាច់​នានា​ដែល​ទាក់ទង​ទៅនឹង​ការផ្ទេរ​កម្ម​សិ​ទិ្ធ (​ប្រសិនបើ​មានការ​ស្នើសុំ និង​តម្រូវ​)​។​

រាល់​សោហ៊ុយ និង​ការចំណាយ​ទាំងឡាយណា​ទាក់ទង​នឹង​ការរៀបចំ និង ការតាក់តែង​កិច្ចសន្យា​នេះ​ជា​បន្ទុក​ចំណាយ​របស់​អ្នកទិញ​។​

  • ក្នុងករណី អ្នកទិញ​ សម្រេច​លុបចោល​ការទិញ​អចលនវត្ថុ ពី​អ្នកលក់ ក្រោយ​ថ្ងៃ​ផ្តិតមេដៃ និង មុន​ការចាប់ផ្តើម​ដំណើរការ​ផ្ទេរ​កម្ម​សិ​ទិ្ធ ដូចដែល​បាន​រៀបរាប់​ក្នុង​ចំណុច ៣.២ ទោះ​ក្នុង​មូលហេតុ​ណាមួយ​ក៏ដោយ អ្នកលក់​មាន​សិ​ទិ្ធ​រំលាយ​កិច្ចសន្យា​នេះ​ភ្លាមៗ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​មាន​សិ​ទិ្ធ​ដកហូតយក​ប្រាក់​កក់ ដែល​អ្នកទិញ​បាន​បង់​ជូន​អ្នកលក់​។​

៦. បញ្ញត្តិ​ផ្សេងៗ​

  • កិច្ចសន្យា​ទាំងមូល

​កិច្ចសន្យា និង​ឧបសម្ព័ន្ធ​នៃ​កិច្ចសន្យា​នេះ​បង្កើតបាន​កិច្ចសន្យា​ទាំងមូល​របស់​គូភាគី​។ រាល់​កិច្ចសន្យា  ដែលមាន​ពីមុនមក ទោះ​ធ្វើ​ដោយផ្ទាល់​មាត់​ក្តី ឬ​ជា​លាយលក្ខណ៍អក្សរ​ក្តី ដែល​ផ្ទុយ​នឹង​កិច្ចសន្យា​នេះ​ត្រូវ​ចាត់ជា​មោ​ឃៈ​។ គ្មាន​ការកែប្រែ​ណាមួយ​នៃ​កិច្ចសន្យា​នេះ​នឹងមាន​សុពលភាព​ឡើយ ប្រសិនបើ​មិនមាន​ការយល់ព្រម​ជាលាយលក្ខណ៍អក្សរ និង​ចុះហត្ថលេខា​ដោយ​គូភាគី​នៃ​កិច្ចសន្យា​នេះ​ទេ​។​

  • វិសោធនកម្ម​

​គ្មាន​ការធ្វើ​វិសោធនកម្ម​នៃ​កិច្ចសន្យា​នេះ នឹងមាន​សុពលភាព​ឡើយ ប្រសិនបើ​វា​មិនមាន​ការធ្វើជា​លាយលក្ខណ៍​អក្សរ និង​មាន​ចុះហត្ថលេខា​ដោយ​គូភាគី​នៃ​កិច្ចសន្យា​នេះ ។​

  • អនុប្បទាន ឬ​ការផ្ទេរសិទ្ធិ​

តាម​ឆន្ទានុសិទ្ធិ​ផ្តាច់​មុខរប​ស់​ខ្លួន អ្នកទិញ​មាន​សិ​ទិ្ធ​ធ្វើ​អនុប្បទាន ឬ​ផ្ទេរ​សិ​ទិ្ធ​នានា​របស់ខ្លួន​ទៅ​ឲ្យ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ដែល​បាន​ចាត់តាំង​សម្រាប់​អ្នកលក់ ឬ​តំណាង​របស់​អ្នកលក់​តាមរយៈ​លិខិត​លាយលក្ខណ៍អក្សរ ដោយ​តំណាង អ្នកទិញ  ក្នុងករណី​ដែល អ្នកលក់ និង​អ្នកតំណាង​របស់ អ្នកលក់ ត្រូវគោរព​តាម​កាតព្វកិច្ច និង​ការធានា​អះអាង​របស់ខ្លួន ដូច ដែល​មានចែង​នៅក្នុង​កិច្ចសន្យា​នេះ ដែល​ទាក់ទង​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​នោះ ឲ្យ​តែ កាតព្វកិច្ច និង​ការធានា​អះអាង​របស់ អ្នកលក់ ត្រូវបាន​គេ​គោរព​ផងដែរ ។​

  • ស្វ័យភាព​នៃ​បញ្ញត្តិ​

ប្រសិនបើ​បញ្ញត្តិ​ណាមួយ​នៃ កិច្ចសន្យា នេះ​មិនមាន​សុពលភាព ឬ​មិនអាច​អនុវត្តបាន កិច្ចសន្យា​នេះ ត្រូវ​ចាត់ទុកថា មិនបាន​ចែង​ពី​បញ្ញត្តិ​នោះ ហើយ​សិ​ទិ្ធ និង​កាតព្វកិច្ច​របស់ គូភាគី នៃ​កិច្ចសន្យា​នេះ ត្រូវ​ចាត់ទុកថា​មាន​សុពលភាព និង​អនុវត្ត​តាមច្បាប់ ។​

  • ភាសា និង​ការតម្កល់​កិច្ចសន្យា​

​កិច្ចសន្យា​នេះ និង​លិខិត​ជូនដំណឹង និង​វិសោធនកម្ម​ទាំងឡាយ​នៃ​កិច្ចសន្យា​នេះ ត្រូវបានធ្វើ​ឡើងជា​ភាសា​ខ្មែរ​ចំនួន ០២ច្បាប់ ដោយ​ ០១ ច្បាប់​រក្សាទុក​ដោយ​អ្នកលក់​ និង ០១ ច្បាប់​រក្សាទុក​ដោយ​អ្នកទិញ ។

  • ច្បាប់​គ្រប់គ្រង និង​ដំណោះស្រាយ​វិវាទ​

កិច្ចសន្យា​នេះ ត្រូវ​គ្រប់គ្រង និង​បកស្រាយ​នូវ​គ្រប់​ទិដ្ឋភាព​ទាំងអស់ ដោយ​អនុលោម​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​គូភាគី​ប្តេជ្ញា​ថា​ប្រឹងប្រែង​ដោះស្រាយ​នូវ​ការមិនចុះសម្រុង​នឹង​គ្នា ឬ​ការខ្វែងគំនិត​គ្នា ដែល​ទាក់ទង​ទៅនឹង​ការបកស្រាយ ឬ​ការអនុវត្តន៍​កិច្ចសន្យា​នេះ ដោយ​ការយោគយល់​គ្នា និង​មិត្តភាព ដើម្បី​សម្រេចបាន​នូវ​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​មួយ ។​

​ប្រសិនបើ​ភាគី​ទាំងពីរ​មិនអាច​ឈានដល់​ការព្រមព្រៀង​គ្នា​ដោយ​យោគយល់​គ្នា និង​មិត្តភាព និង​សម្រេចបាន​នូវ​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​នោះទេ វិវាទ​នោះ​នឹងត្រូវ​ដាក់​ទៅ​តុលាការ​មាន​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ដើម្បី​ជា​សក្ខីភាព គូភាគី​បាន​បង្កើត​កិច្ចសន្យាលក់​-​ទិញ​អចលនវត្ថុ​នេះ ដែល​នឹងត្រូវ​ផ្តិតមេដៃ​ដើម្បី​អនុវត្ត​នូវ​កិច្ចសន្យា​នេះ ព្រមទាំង​បាន​យល់ ឯកភាព និង​ទទួលយក​នូវ​គ្រប់​រាល់​ខ្លឹមសារ និង​លក្ខខណ្ឌ និង​/​ឬ​បទបញ្ញត្តិ​ទាំងឡាយ​ដែលមាន​ចែង​នៅក្នុង​កិច្ចសន្យា តាមរយៈ​ការ​ផ្តិតមេដៃ​រៀងៗ​ខ្លួន ខាងក្រោម​នេះ។

​ស្នាមមេដៃស្នាំរបស់ភាគីអ្នកលក់ ស្នាមមេដៃស្ដាំរបស់ភាគីអ្នកទិញ

 

  1. មាត្រា ៣០៩ [ប្រភេទនៃកាតព្វកិច្ច] នៃក្រមរដ្ឋប្បវេណី។ ↩︎
  2. មាត្រា ៣១០ [និយមន័យនៃកិច្ចសន្យា] នៃក្រមរដ្ឋប្បវេណី។ ↩︎

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances.

សព្វទានំ ធម្មទានំ ជិនាតិ
Sharing knowledge is the most worthwhile endeavor of all.

-ព្រះពុទ្ធ-

Leave a comment