
នីតិវិធីដាស់តឿន
មាត្រា ៣១៩៖ លក្ខខ័ណ្ឌនៃដីកាសម្រេចដាស់តឿន
ចំពោះការទាមទារដែលមានគោលបំណងឱ្យសងជាប្រាក់ តុលាការអាចចេញដីកាសម្រេចដាស់តឿន តាមពាក្យសុំរបស់ម្ចាស់បំណុលបាន ។ ប៉ុន្តែ ករណីនេះ អាចធ្វើទៅបានលុះត្រាតែអាចធ្វើការបញ្ជូនដីកានោះនៅព្រះរាជាណាចក្រកម្ពុជា បានតាមនីតិវិធីក្រៅពីការបញ្ជូន តាមការផ្សាយជាសាធារណៈ ។
មាត្រា ៣២០៖ ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន
១-ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿនចំពោះកូនបំណុលដូចមានកំណត់ក្នុងចំណុចខាងក្រោម ត្រូវធ្វើទៅសាលាដំបូងដែលមានសមត្ថកិច្ច លើតំបន់ដែលបានកំណត់ក្នុងចំណុចនីមួយៗ ខាងក្រោមនេះ ៖
ក-រូបវន្តបុគ្គល៖ លំនៅឋាន ឬ បើពុំមានលំនៅឋាន ឬ មានលំនៅឋានមិនពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ គឺទីសំណាក់ ។
ខ-នីតិបុគ្គលក្នុងប្រទេស៖ ទីស្នាក់ការកណ្ដាល ឬ ទីកន្លែងអាជីវកម្មចម្បង ឬ បើពុំមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មទេ គឺលំនៅឋានរបស់អ្នកតំណាង ឬ របស់អ្នកទទួលខុសត្រូវភារកិច្ចចាត់ចែងការងារជាចម្បង ។
គ- នីតិបុគ្គលបរទេស៖ ទីស្នាក់ការកណ្ដាល ឬ ទីកន្លែងអាជីវកម្មចម្បងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬ បើពុំមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ គឺលំនៅឋានរបស់អ្នកតំណាងប្រចាំព្រះរាជាណាចក្រកម្ពុជា ឬ របស់អ្នកទទួលខុសត្រូវភារកិច្ចចាត់ចែងការងារជាចម្បងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២- ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿនអំពីការទាមទារដែលបានកំណត់ក្នុងចំណុចខាងក្រោមនេះ អាចធ្វើទៅសាលាដំបូងដែលមានសមត្ថកិច្ចលើតំបន់ដែលបានកំណត់ក្នុងចំណុចនីមួយៗខាងក្រោមនេះបានដែរ៖
ក-ការទាមទារចំពោះបុគ្គលដែលមានទីស្នាក់ការ ឬ កន្លែងអាជីវកម្ម ហើយការទាមទារនោះទាក់ទងនឹងការងារនៃទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនោះ ៖ កន្លែងដែលមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនោះ ។
ខ-ការទាមទារឱ្យសងជាប្រាក់ដោយរូបិយាណត្តិ ឬ មូលប្បទានប័ត្រ និង ការទាមទារបន្ទាប់បន្សំដែលទាក់ទងនឹងវត្ថុទាំងនេះ ៖ កន្លែងដែលត្រូវសងរូបិយាណត្តិ ឬមូលប្បទានប័ត្រនោះ ។
៣-សមត្ថកិច្ចដែលកំណត់តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ឬ ទី ២ ខាងលើនេះ គឺជាសមត្ថកិច្ចផ្ដាច់មុខ។
មាត្រា ៣២១៖ ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្ដីពីបណ្ដឹង
បញ្ញត្តិស្ដីពីបណ្ដឹង ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន លុះត្រាតែគ្មានភាពផ្ទុយនឹងលក្ខណៈរបស់ពាក្យសុំនោះ ។
មាត្រា ៣២២៖ ការលើកចោលនូវពាក្យសុំ
ក្នុងករណីដែលពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន មានភាពផ្ទុយនឹងបញ្ញត្តិនៃមាត្រា ៣១៩ (ល័ក្ខខ័ណ្ឌនៃដីកាសម្រេចដាស់តឿន) ឬ មាត្រា ៣២០ (ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន) ខាងលើនេះ ឬ ក្នុងករណីដែលមានភាពច្បាស់លាស់ថា គ្មានមូលហេតុក្នុងការទាមទារ ដោយគិតអំពីខ្លឹមសារនៃពាក្យសុំទេ តុលាការត្រូវលើកចោលពាក្យសុំនេះ ដោយដីកាសម្រេច ។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដែរ ចំពោះការទាមទារមួយភាគដែលមិនអាចចេញដីកាសម្រេចដាស់តឿនភាគនោះ ។
មាត្រា ៣២៣៖ ការចេញដីកាសម្រេចដាស់តឿន ជាអាទិ៍
១-ដីកាសម្រេចដាស់តឿន ត្រូវចេញដោយមិនបាច់សួរកូនបំណុល ។
២-កូនបំណុលអាចដាក់ពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ទៅតុលាការដែលបានចេញដីកាសម្រេចនោះបាន ។
មាត្រា ៣២៤៖ ចំណុចដែលត្រូវសរសេរបញ្ជាក់ក្នុងដីកាសម្រេចដាស់តឿន
១-ដីកាសម្រេចដាស់តឿន ត្រូវសរសេរបញ្ជាក់នូវចំណុចដូចខាងក្រោមនេះ៖
ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគី ហើយនិង ឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ។
ខ-ដីកាសម្រេចដែលម្ចាស់បំណុលទាមទារឱ្យតុលាការចេញ និង អង្គហេតុចំបាច់ដើម្បីបញ្ជាក់នូវការទាមទារនេះ ។
២-ក្នុងដីកាសម្រេចដាស់តឿននៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវសរសេរបន្ថែមថា បើកូនបំណុលមិនបានដាក់ពាក្យប្ដឹងតវ៉ាការដាស់តឿន ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ បន្ទាប់ពីបានទទួលការបញ្ជូននូវដីកាសម្រេចដាស់តឿននេះទេ នោះតុលាការត្រូវប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។
មាត្រា ៣២៥៖ ការបញ្ជូនដីកាសម្រេចដាស់តឿន
១-តុលាការត្រូវជូនដំណឹងអំពីដីកាសម្រេចដាស់តឿនទៅឱ្យម្ចាស់បំណុល ហើយត្រូវបញ្ជូនដីកាសម្រេចនោះ ទៅកូនបំណុលផងដែរ ។
២-ដីកាសម្រេចដាស់តឿននេះត្រូវមានអានុភាព នៅពេលដែលបានបញ្ជូនទៅដល់កូនបំណុល ។
៣-ប្រសិនបើមិនអាចបញ្ជូនដីកាសម្រេចដាស់តឿន ដោយសារគ្មានលំនៅឋាន ទីសំណាក់ ទីស្នាក់ការ ទីកន្លែងអាជីវកម្ម របសកូនបំណុល ឬ លំនៅឋានរបស់អ្នកទទួលបន្ទុកភារកិច្ចការងារចម្បង នៅទីកន្លែងដែលម្ចាស់បំណុលបានរាយការណ៍ទេ តុលាការត្រូវជូនដំណឹងអំពីហេតុការណ៍នេះទៅម្ចាស់បំណុល ។ ក្នុងករណីនេះ ប្រសិនបើម្ចាស់បំណុលមិនបានរាយការណ៍អំពីទីកន្លែងដែលត្រូវបញ្ជូន ក្រៅពីទីកន្លែងដែលខ្លួនបានរាយការពីមុនក្នុងអំឡុងពេល ២ (ពីរ) ខែ ដោយគិតចាប់ពីថ្ងៃដែលម្ចាស់បំណុលទទួលដំណឹង ត្រូវចាត់ទុកថា ម្ចាស់បំណុលនោះបានដកពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿនវិញ ។
៤-អំឡុងពេលដែលបានកំណត់ក្នុងវក្យខណ្ឌទី ២ នៃកថាខណ្ឌទី ៣ ខាងលើនេះ មិនអាចពន្យារបានឡើយ ។
មាត្រា ៣២៦៖ ការលើកចោលនូវពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅមុនការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន
១-ប្រសិនបើតុលាការយល់ឃើញថា ពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលបានធ្វើនៅមុនការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន មិនស្របច្បាប់ទេ តុលាការត្រូវលើកចោលនូវពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿននោះ ដោយដីកាសម្រេច ។
២-ចំពោះដីកាសម្រេចដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។
មាត្រា ៣២៧៖ អានុភាពនៃពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅមុនការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន
១-ប្រសិនបើមានពាក្យសុំតវ៉ាស្របច្បាប់ចំពោះដីកាសម្រេចដាសតឿន នៅមុនការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ដីកាសម្រេចដាស់តឿននោះ ត្រូវបាត់បង់អានុភាពក្នុងទំហំនៃការតវ៉ានោះ ។
២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះការទាមទារដែលទាក់ទងនឹងការតវ៉ាចំពោះដីកាសម្រេចដាស់តឿន ត្រូវចាត់ទុកថា បានដាក់ពាក្យបណ្ដឹងទៅតុលាការដែលបានកំណត់នៅមាត្រា ៣២០ (ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន) នៃក្រមនេះ នៅពេលដែលមានពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន ។ ក្នុងករណីនេះ ប្រាកសោហ៊ុយសម្រាប់ នីតិវិធីដាស់តឿន គឺជាផ្នែកមួយនៃប្រាក់ប្រដាប់ក្ដី ។
មាត្រា ៣២៨៖ ការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន
១-ប្រសិនបើកូនបំណុលមិនបានដាក់ពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅមុនការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ បន្ទាប់ពីថ្ងៃដែលបានទទួលការបញ្ជូនដីកាសម្រេចដាស់តឿន ឬ បើដីកាសម្រេចដែលលើកចោលនូវពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន មុនការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន បានចូលជាស្ថាពរ តុលាការត្រូវប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ដោយកំណត់បញ្ជាក់បន្ថែមនូវប្រាក់សោហ៊ុយសម្រាប់នីតិវិធីដាស់តឿនលើដីកាសម្រេចដាស់តឿន ដោយឆន្ទានុសិទ្ធិ ។
២-ការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ត្រូវបញ្ជាក់នៅក្នុងដីកាសម្រេចដាស់តឿន ហើយត្រូវបញ្ជូនទៅភាគី ។
៣-បញ្ញត្តិនៃមាត្រា ១៩៧ (ការបាត់បង់អានុភាពនៃការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន និង បដិទានស្ថានភាពដើម) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
មាត្រា ៣២៩.– ពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន
១- ពាក្យសុំតវ៉ាការដាស់តឿននៃកថាខណ្ឌទី ២ មាត្រា ៣២៣ (ការចេញដីកាសម្រេចដាស់តឿន ជាអាទិ៍) នៃក្រមនេះ ចំពោះដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ត្រូវធ្វើនៅក្នុងអំឡុងពេល ២ សប្ដាហ៍ ក្រោយពីបានទទួលការបញ្ជូនដីកាសម្រេចដាស់តឿននោះ ។
២-អំឡុងពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចពន្យារបានឡើយ ។
មាត្រា ៣៣០៖ ការលើកចោលនូវពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន
១-ប្រសិនបើតុលាការយល់ឃើញថា ពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តភឿនដែលបានធ្វើនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ននោះ មិនស្របច្បាប់ទេតុលាការត្រូវលើកចោលពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿននោះ ដោយដីកាសម្រេច ។
២-ចំពោះដីកាសម្រេចដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។
មាត្រា ៣៣១៖ ការផ្ទេរនីតិវិធីដាស់តឿន ទៅនីតិវិធីនៃបណ្ដឹង ដោយពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលបានធ្វើនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន
ប្រសិនបើមានពាក្យសុំតវ៉ាស្របច្បាប់ចំពោះដីកាសម្រេចដាស់តឿន នៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ការទាមទារដែលទាក់ទងនឹងការតវ៉ាចំពោះដីកាសម្រេចដាស់តឿន ត្រូវចាត់ទុកថា បានដាក់ពាក្យបណ្ដឹងទៅតុលាការដែលបានចេញដីកាសម្រេចដាស់តឿននោះ នៅពេលដែលមានពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន ។ ក្នុងករណីនេះ ប្រាក់សោហ៊ុយសម្រាប់នីតិវិធីដាស់តឿនគឺជាផ្នែកមួយនៃប្រាក់ប្រដាប់ក្ដី ។
មាត្រា ៣៣២៖ សាលក្រមនៃបណ្ដឹងដែលត្រូវបានផ្ទេរនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន
១-ប្រសិនបើសាលក្រមនៃបណ្ដឹងដែលត្រូវបានផ្ទេរ តាមបញ្ញត្តិនៃមាត្រា ៣៣១ (ការផ្ទេរនីតិវិធីដាស់តឿនទៅនីតិវិធីនៃបណ្ដឹង ដោយពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលបានធ្វើនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន) ខាងលើនេះ ស្របគ្នានឹងដីកាសម្រេចដាស់តឿននោះ តុលាការត្រូវទទួលស្គាល់នូវដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ក្នុងសាលក្រមនេះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលនីតិវិធីដាស់តឿនត្រូវបានធ្វើឡើងដោយខុសច្បាប់ ។
២-ក្នុងសាលក្រមនៃបណ្ដឹងដែលត្រូវបានផ្ទេរ តាមបញ្ញត្តិនៃមាត្រា ៣៣១ (ការផ្ទេរនីតិវិធីដាស់តឿនទៅនីតិវិធីនៃបណ្ដឹង ដោយពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលបានធ្វើនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន) នៃក្រមនេះ តុលាការត្រូវលុបចោលនូវដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន លើកលែងតែក្នុងករណីដែលតុលាការទទួលស្គាល់នុវដីកាសម្រេចដាស់តឿន ដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។
មាត្រា ៣៣៣៖ អានុភាពនៃដីកាសម្រេចដាស់តឿន
ប្រសិនបើគ្មានពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្ន ឬ ប្រសិនបើដីកាសម្រេចលើកចោលនូវពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្ដោះអាសន្នបានចូលជាស្ថាពរ ដីកាសម្រេចដាស់តឿននោះនឹងមានអានុភាពដូចសាលក្រមស្ថាពរដែរ ។

SOPHEAPCAMBOLAW strongly believes that knowledge is the true property of every individual.
This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment