ការបញ្ចប់នីតិវិធីដោយមិនធ្វើទៅតាមការសម្រេចសេចក្ដី។

មាត្រា ២១៧.-  ការដក់ពាក្យបណ្ដឹង

១- ដើមចោទអាចដកពាក្យបណ្ដឹងទំាងអស់ ឬ មួយផ្នែកបាន រហូតដល់ពេលសាលក្រមចូលជាស្ថាពរ ។

២- ក្រោយពីចុងចម្លើយបានដាក់ឯកសារត្រៀមអំពីអង្គសេចក្ដី ឬ បានឆ្លើយក្នុងនីតិវិធីត្រៀមសម្រាប់ការទាញ់ហេតុផលអំពីអង្គសេចក្ដី ឬ បានធ្វើការទាញហេតុផលដោយផ្ទាល់មាត់អំពីអង្គសេចក្ដីហើយ ការដកពាក្យបណ្ដឹង មិនត្រូវមានអានុភាពឡើយ លើកលែងតែបានទទួលការយល់ព្រមពីចុងចម្លើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះការដកពាក្យបណ្ដឹងតបក្នុងករណីដែលដើមចោទបានដកពាក្យបណ្ដឹងដើម ។

៣-ការដកពាក្យបណ្ដឹង ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ។ ប៉ុន្តែ នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ                   កាលបរិច្ឆេទនៃការផ្សះផ្សា ការដកពាក្យបណ្ដឹងអាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន ។

៤-  ក្នុងករណីដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ១ នៃកថាខណ្ឌទី ២ ខាងលើនេះ ប្រសិនបើការដកពាក្យបណ្ដឹង ត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ តុលាការត្រូវបញ្ជូនលិខិតនេះទៅ              ចុងចម្លើយ ហើយប្រសិនបើការដកពាក្យបណ្ដឹង ត្រូវបានធ្វើឡើងដោយផ្ទាល់មាត់នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សា តុលាការត្រូវបញ្ជូនឯកសារចម្លងនៃកំណត់ហេតុនៃកាលបរិច្ឆេទនេះ ទៅចុងចម្លើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការដកពាក្យបណ្ដឹង ត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬកាលបរិច្ឆេទនៃការផ្សះផ្សា ហើយចុងចម្លើយបានចូលរួមនៅក្នុងកាលបរិច្ឆេទនោះ ។

៥-  ប្រសិនបើចុងចម្លើយមិនបានប្ដឹងតវ៉ា ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ បន្ទាប់ពីបានទទួលលិខិតដកពាក្យបណ្ដឹងដែលត្រូវបានបញ្ជួនទេ នោះត្រូវចាត់ទុកថា ចុងចម្លើយបានយល់ព្រមនឹងការដកពាក្យបណ្ដឹងនេះ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដែរ ចំពោះការណីដែលការដកពាក្យបណ្ដឹង ត្រូវបានធ្វើឡើងដោយផ្ទាល់មាត់នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលចរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សា ហើយចុងចម្លើយមិនបានប្ដឹងតវ៉ា ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ បន្ទាប់ពីថ្ងៃដែលមានការដកពាក្យបណ្ដឹង ប្រសិនបើចុងចម្លើយក៏បានចូលរួមនៅកាលបរិច្ឆេទនោះដែរ ឬ ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ បន្ទាប់ពីបានទទួលការបញ្ជូនឯកសារចម្លងដែលបានកំណត់ក្នុងកថាខណ្ឌទី ៤ ខាងលើនេះ ប្រសិនបើចុងចម្លើយមិនបានចូលរួមនៅកាលបរិច្ឆេទនោះទេ ។

មាត្រា ២១៨.-  អានុភាពនៃការដកពាក្យបណ្ដឹង

១-  ផ្នែកដែលត្រូវបានដកពាក្យបណ្ដឹង ត្រូវចាត់ទុកថា មិនបានចាត់ការតាំងពីដំបូង ។

២-  ភាគីដែលបានដកពាក្យបណ្ដឹងក្រោយពីចេញសាលក្រមចុងក្រោយអំពីអង្គសេចក្ដីមិនអាចដាក់ពាក្យបណ្ដឹងដូចគ្នាម្ដងទៀតបានទេ ។

មាត្រា ២១៩.-  ការចាត់ទុកថា ដកពាក្យបណ្ដឹង

 ក្នុងករណីដែលភាគីទាំងសងខាងមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ហើយមិនបានដាក់ពាក្យសុំឱ្យតុលាការកំណត់កាលបរិច្ឆេទជាថ្មីទៀត ក្នុងអំឡុងពេល ១ (មួយ) ខែ ទេ នោះត្រូវចាត់ទុកថា បានដកពាក្យបណ្ដឹង ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណីដែលភាគីទាំងសងខាងមិនបានបង្ហាញខ្លួន           នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ពីរដងជាប់គ្នា ។

មាត្រា ២២០.-  ការផ្សះផ្សាលើបណ្ដឹង

១-  ភាគីអាចធ្វើការផ្សះផ្សា នៅកាលបរិច្ឆេទ នៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សាបាន ។

២-  ការផ្សះផ្សាដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចធ្វើនៅក្រៅទីតាំងតុលាការក៏បានដែរ ប្រសិនបើតុលាការយល់ឃើញថាសមរម្យ ។

មាត្រា ២២១.- ការលះបង់ ឬ ការទទួលស្គាល់នូវការទាមទារ

            ការលះបង់នូវការទាមទារ ឬ ការទទួលស្គាល់នូវការទាមទារ ត្រូវធ្វើឡើងនៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ កាលបរិច្ឆេទនៃការផ្សះផ្សា ។

មាត្រា ២២២.-  អានុភាពនៃកំណត់ហេតុស្ដីពីការសះជា ជាអាទិ៍

            ក្នុងករណីដែលមានការសះជា ការលះបង់នូវការទាមទារ ឬ ការទទួលស្គាល់នូវការទាមទារ ត្រូវបានកត់ត្រានៅក្នុងកំណត់ហេតុ កំណត់ត្រានេះ មានអានុភាពដូចគ្នានឹងសាលក្រមស្ថាពរ ។

សូមអរគុណ!

សព្វទានំ ធម្មទានំ ជិនាតិ
Sharing knowledge is the most worthwhile endeavor of all.

-ព្រះពុទ្ធ-

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

SOPHEAPCAMBOLAW strongly believes that knowledge is the true property of every individual.

Leave a comment