
ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ ដែលត្រូវបានសាងសង់រួច មុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ហៅកាត់ថា “ដ.ន.ស.”) បានចេញស្ដីអំពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូឆ្នាំ១៩៩៧។
ដើម្បីធានាការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់ចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ ដែលបានសាងសង់រួចមុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងដើម្បីសម្រួលការអនុវត្តបែបបទ និងនីតិវិធី របស់មន្ត្រីជំនាញ ដ.ន.ស. បានចេញសារាចរស្ដីពីការអនុវត្តនីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ ដែលត្រូវបានសាងសង់រួចមុនឆ្នាំ ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ បន្ថែមទៅប្រកាសខាងដើម។
ជាគោលការណ៏នៃការចុះបញ្ជីចំណែកឯកជននៃអគាសហកម្មសិទ្ធិ÷
ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ ដែលត្រូវបានសាងសង់រួចមុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ត្រូវផ្អែកលើមូលដ្ឋានចំនួនពីរដូចខាងក្រោម៖
១. ការចុះបញ្ជីក្បាលដីដែលអគារសហកម្មសិទ្ធិនោះស្ថិតនៅ ។ និង
២. ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ ។
ពាក់ព័ន្ធនីតិវិធីនៃការអនុវត្តការចុះបញ្ជីខាងដើមនេះ គឺត្រូវស្របគ្នាក្នុងក្របខណ្ឌភូមិជាតំបន់វិនិច្ឆ័យនីមួយៗ ដោយអនុលោមតាម៖
- គោលការណ៍និងនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។ និង
- គោលការណ៍និងនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំផងដែរ ។
នៅក្នុងសាចរនេះផងដែរ ដ.ន.ស. ក៏បានកំណត់អំពីនីតិវិធីនៃការធ្វើអត្តសញ្ញាណកម្មលើក្បាលដី, អត្តសញ្ញាណកម្មលើចំណែកឯកជន និងការចុះបញ្ជី ការចេញបណ្ណ និងការក្សាទុកឯកសារបណ្ណក្បាលដីនៃអគារសហកម្មសិទ្ធិដូចខាងក្រោម៖
១. ការធ្វើអត្តសញ្ញាណកម្មលើក្បាលដី
១.១. ចំពោះអគារសហកម្មសិទ្ធិដែលគ្មានឈ្មោះ៖
ចំពោះការធ្វើអត្តសញ្ញាណកម្មលើក្បាលដីនេះ មន្ត្រីវិនិច្ឆ័យនឹងប្រើប្រាស់ទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី ក្នុងការកត់ត្រាព័ត៌មានពាក់ព័ន្ធនឹងក្បាលដីសហកម្មសិទ្ធិ និងអគារសហកម្មសិទ្ធិ ពាក់ព័ន្ធនឹងការចុះបញ្ជីក្បាលដីដែលអគារសហកម្មសិទ្ធិស្ថិតនៅ ដោយកំណត់កម្មសិទ្ធិករនៃក្បាលដីជាអគារសហកម្មសិទ្ធិ ហើយយកលេខក្បាលដីនេះធ្វើជាឈ្មោះនៃអគារសហកម្មសិទ្ធិនោះតែម្ដង។
១.២. ចំពោះអគារសហកម្មសិទ្ធិមានឈ្មោះ៖
ករណីអគារសហកម្មសិទ្ធិមានឈ្មោះស្រាប់ ត្រូវយកលេខក្បាលដីនិងបន្ថែមឈ្មោះដែលមានស្រាប់នោះ ដើម្បីកត់ត្រាបញ្ចូលក្នុងទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី។
២. ការធ្វើអត្តសញ្ញាណកម្មលើចំណែកឯកជន
២.១. ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ ត្រូវអនុវត្តស្របគ្នានឹងការចុះបញ្ជីក្បាលដីដែលអគារ សហកម្មសិទ្ធិស្ថិតនៅ ផ្អែកលើសំណុំឯកសារស្នើសុំចុះបញ្ជី ដូចមានចែងក្នុងប្រការ៤ នៃប្រកាសខាងដើម។
២.២. មន្ត្រីវិនិច្ឆ័យត្រូវប្រើប្រាស់ទម្រង់បែបបទប្រមូលទិន្នន័យចំណែកឯកជននៃអគារសហកម្មសិទ្ធិ។
៣.ការចុះបញ្ជី ការចេញបណ្ណ និងការរក្សាទុកឯកសារបណ្ណក្បាលដីនគារសហកម្មសិទ្ធិ៖
ក្រោយពីទិន្នន័យក្បាលដីនិងទិន្នន័យចំណែកឯកជននៃអគារសហកម្មសិទ្ធិត្រូវបានស្រង់រួចហើយ តាមរយៈ ប្រតិបត្តិការបច្ចេកទេស គណៈកម្មការរដ្ឋបាលនៃតំបន់វិនិច្ឆ័យ ត្រូវរៀបចំការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដោយអនុលោមតាមគោលការណ៍និងនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីធ្លី។ រាល់ការជំទាស់ ឬការតវ៉ាចំពោះឯកសារនៃការវិនិច្ឆ័យ ត្រូវដាក់ជូនគណៈកម្មការរដ្ឋបាលពិនិត្យ ស្រាវជ្រាវ និង សម្រុះសម្រួល ដោយមានកំណត់ហេតុសម្រុះសម្រួលវិវាទ និងរបាយការណ៍បូកសរុបលទ្ធផលនៃការបិទផ្សាយជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យ។
ព័ត៌មានលម្អិតសូមពិនិត្យមើល សាចារចលេខ ០០១ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៥។
សូមអរគុណ!

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment