
ការខ្ចីបរិភោគ
តើអ្វីទៅជាការខ្ចីបរិភោគ?
ការខ្ចីបរិភោគ គឺសំដៅទៅលើកិច្ចសន្យាមួយដែលភាគីម្ខាងហៅថា “អ្នកឱ្យខ្ចី” មានករណីយកិច្ចប្រគល់ការប្រើប្រាស់ដោយសេរីនូវ៖
- ប្រាក់ ។
- ស្បៀងអាហារ ។
- ស្រូវ ។ ឬ
- វត្ថុជំនួសផ្សេងទៀត ក្នុងអំឡុងពេលដែលមានកំណត់ឱ្យទៅភាគីម្ខាងទៀតហៅថា “អ្នកខ្ចី” ហើយនៅក្រោយពេលដែលអំឡុងពេលនោះបានកន្លងផុត អ្នកខ្ចីមានករណីយកិច្ចសងទៅឱ្យអ្នកឱ្យខ្ចីវិញ នូវវត្ថុដែលមានប្រភេទ គុណភាព និងចំនួនស្មើគ្នានឹងវត្ថុដែលបានទទួលពីអ្នកឱ្យខ្ចីនោះ។
ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ
កិច្ចសន្យាខ្ចីបរិភោគត្រូវបង្កើតឡើង ដោយការព្រមព្រៀងរវាង “អ្នកឱ្យខ្ចី” និង “អ្នកខ្ចី” តែប៉ុណ្ណោះ។
ការដកកិច្ចសន្យាខ្ចីបរិភោគមិនយកការប្រាក់ដែលមិនធ្វើជាលិខិតលាយល័ក្ខណ៍អក្សរចំពោះកិច្ចសន្យាខ្ចីបរិភោគមិនយកការប្រាក់ដែលមិនធ្វើជាលិខិតលាយល័ក្ខណ៍អក្សរ ភាគីនីមួយៗនៃកិច្ចសន្យាអាចដកកិច្ចសន្យានោះនៅពេលណាក៏បាន។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះផ្នែកនៃវត្ថុដែលជាកម្មវត្ថុដែលអ្នកឱ្យខ្ចីបានប្រគល់ហើយ។
ការរំលាយដោយការធ្លាក់ចុះនូវទំនុកចិត្តចំពោះអ្នកខ្ចី
- នៅក្នុងចន្លោះពេលដែលកិច្ចសន្យា បានបង្កើតឡើង រហូតទៅដល់ពេលប្រគល់វត្ថុដែលជាកម្មវត្ថុ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចរបស់អ្នកខ្ចី ធ្លាក់ចុះយ៉ាងខ្លាំង ដែលនឹងធ្វើឱ្យមានឧបសគ្គដល់ការអនុវត្តកាតព្វកិច្ចសង អ្នកឱ្យខ្ចីអាចរំលាយកិច្ចសន្យាខ្ចីបរិភោគបាន។
- បើអ្នកឱ្យខ្ចីបានរំលាយកិច្ចសន្យាដោយផ្អែកតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ នៅក្នុងករណីដែលបានទទួលការប្រាក់កម្រៃជើងសារ ឬតម្លៃថ្នូរផ្សេងទៀតជាមុន អ្នកឱ្យខ្ចីនោះត្រូវសងទៅឱ្យ អ្នកខ្ចីវិញ។
ឧបសន្យានៃការខ្ចីបរិភោគ
- បុគ្គលដែលមានករណីយកិច្ចផ្តល់តាវកាលិកជាបា្រក់ ឬវត្ថុជំនួសផ្សេងទៀត ដោយមូលហេតុក្រៅអំពីការខ្ចីបរិភោគ ប្រសិនបើបានព្រមព្រៀងជាមួយម្ចាស់បំណុលថា យកវត្ថុនោះធ្វើជាកម្មវត្ថុនៃការខ្ចីបរិភោគ ការខ្ចីបរិភោគត្រូវបានបង្កើតឡើងដោយការព្រមព្រៀងនេះ។
- ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ប្រាតិភោគសម្រាប់កាតព្វកិច្ចចាស់ ត្រូវបានសន្មតថា ត្រូវក្លាយទៅជាប្រាតិភោគសម្រាប់កាតព្វកិច្ចថ្មី។
ការខ្ចីបរិភោគដោយភ្ជាប់ការប្រាក់
សិទ្ធិលើបំណុលដែលជាការប្រាក់
- ការប្រាក់ សំដៅទៅលើចំនួនទឹកប្រាក់ ឬវត្ថុផ្សេងទៀត ដែលត្រូវបានផ្តល់ទៅឱ្យតាមសមាមាត្រនៃអំឡុងពេលនៃការប្រើប្រាស់ ក្នុងនាមជាតម្លៃតបចំពោះការប្រើបា្រស់ប្រាក់ ឬវត្ថុ ដែលត្រូវបានប្រគល់ឱ្យ អ្នកខ្ចី ហើយដែលត្រូវគណនាដោយយកចំនួនទឹកប្រាក់ ឬវត្ថុ ដែលបានខ្ចី មកគុណជាមួយនឹងអត្រាដែលត្រូវបានកំណត់។
- នៅក្នុងបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ វត្ថុដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចីហៅថា ប្រាក់ដើម ភាគដែលបានកំណត់ ដែលត្រូវបានដាក់ចូលទៅក្នុងចំនួនទឹកប្រាក់នៃប្រាក់ដើម ហៅថាអត្រាការប្រាក់។
- ភាគីនៃកិច្ចសន្យាខ្ចីបរិភោគ អាចយកកម្មវត្ថុនៃការសងការប្រាក់មកបង្កើតជាសិទ្ធិលើបំណុល តាមការព្រមព្រៀងបាន។ ប៉ុន្តែ ចំពោះការព្រមព្រៀងបង្កើតសិទ្ធិលើបំណុលនៃការប្រាក់ ប្រសិនបើពុំបានធ្វើតាមលិខិតជាលាយល័ក្ខណ៍អក្សរ ដោយមានចុះហត្ថលេខារបស់អ្នកខ្ចីទេ ពុំមានអានុភាពឡើយ។
- នៅក្នុងការព្រមព្រៀងបង្កើតសិទ្ធិលើបំណុលនៃការប្រាក់ ដោយមិនយោលតាមលិខិតជាលាយល័ក្ខណ៍អក្សរ ដែលមានចុះហត្ថលេខារបស់អ្នកខ្ចី ប្រសិនបើអ្នកខ្ចីបានសង ដោយដឹងអំពីការអនុវត្តបញ្ញត្តិវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ៣ ខាងលើនេះ ការសងមានអានុភាពត្រឹមកម្រិតដែលត្រូវបានសងនោះតែប៉ុណ្ណោះ។
អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ និងអត្រាការប្រាក់ក្នុងកិច្ចសន្យា
- អត្រាការប្រាក់ អាចកំណត់បានតាមបញ្ញត្តិច្បាប់ ឬដោយការព្រមព្រៀងរបស់ភាគី។
- ក្នុងករណីដែលត្រូវបង់ការប្រាក់ តាមការព្រមព្រៀងរវាងភាគី ឬបញ្ញត្តិច្បាប់ ប្រសិនបើភាគីពុំបានកំណត់អំពីអត្រាការប្រាក់ទេនោះ ត្រូវអនុលោមតាមអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ដែលបញ្ញត្តិនៅក្នុងក្រមនេះ ឬច្បាប់ពិសេស។
- អត្រាការប្រាក់ដែលកំណត់តាមការព្រមព្រៀងរបស់ភាគី ហើយដែលហួសអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ ពុំមានអានុភាពឡើយ បើពុំបានកំណត់តាមលិខិតជាលាយល័ក្ខណ៍អក្សរ យោងតាមរូបមន្តដែលកំណត់ក្នុងកថាខណ្ឌទី ៣ មាត្រា ៥៨៣ (សិទ្ធិលើបំណុលដែលជាការប្រាក់) ខាងលើទេ។
ការកម្រិតការប្រាក់
- អត្រាការប្រាក់ដែលត្រូវបានកម្រិត សំដៅទៅលើអត្រាការប្រាក់អតិបរមាដែលអាចកំណត់បានដោយស្របច្បាប់ តាមការព្រមព្រៀងរបស់ភាគី ដែលកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀត។
- ភាគីអាចកំណត់ការប្រាក់ ខ្ពស់ជាងអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ដែលបានបញ្ញត្តិក្នុងកថាខណ្ឌទី ២ នៃមាត្រា ៥៨៤ (អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ និងអត្រាការប្រាក់ក្នុងកិច្ចសន្យា) ខាងលើនេះបាន តែមិនអាចកំណត់លើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិតបានឡើយ។
- ប្រសិនបើភាគី បានកំណត់អត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិត កិច្ចសន្យានៃភាគដែលលើសពីកម្រិតនៃអត្រាការប្រាក់នោះត្រូវទុកជាមោឃៈ រីឯអ្នកខ្ចីមានករណីយកិច្ចសងតែចំពោះការបា្រក់ដែលត្រូវបានគណនា តាមអត្រាការប្រាក់ដែលត្រូវបានកម្រិតនោះតែប៉ុណ្ណោះ។
- នៅក្នុងករណីដែលបានសងការប្រាក់ដែលលើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិតហើយ ត្រូវចាត់ទុកថាភាគដែលលើសពីការកម្រិតនោះជាការកាត់បំណុល ទៅលើប្រាក់ដើម។ នៅក្នុងករណីដែលបានកាត់បំណុលទៅលើប្រាក់ដើម ចំពោះផ្នែកដែលលើសពីការកម្រិតហើយ តែនៅមានសេសសល់ទៀត អ្នកឱ្យខ្ចីត្រូវសងទៅឱ្យអ្នកខ្ចី ដោយភ្ជាប់ជាមួយ នូវប្រាក់សំណងនៃការខូចខាត ដោយគណនាតាមអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ ដោយគិតចាប់ពីថ្ងៃដែលបានបង្កើតឱ្យមានការសេសសល់នៃការសងរហូតដល់ថ្ងៃដែលបានសងនោះ។
- ចំពោះការអនុវត្តមាត្រានេះ នៅក្នុងករណីដែលចំនួនប្រាក់ដើមលើកិច្ចសន្យា ខុសគ្នាពីចំនួនទឹកប្រាក់នៃវត្ថុដែលអ្នកឱ្យខ្ចីបានប្រគល់ដោយជាក់ស្តែង ដូចជាករណីនៃការប្រគល់ប្រាក់ដើមដោយដកការប្រាក់ដែលត្រូវបង់នាពេលអនាគត ជាអាទិ៍ ចំនួនទឹកប្រាក់នៃវត្ថុដែលអ្នកឱ្យខ្ចីបានប្រគល់ដោយជាក់ស្តែងទៅឱ្យ អ្នកខ្ចីនោះ ត្រូវទុកជាចំនួនបា្រក់ដើម។
- ចំពោះការអនុវត្តមាត្រានេះប្រាក់ និងវត្ថុផ្សេងទៀត ដែលអ្នកឱ្យខ្ចីបានទទួលក្រៅពីប្រាក់ដើម ទាក់ទងទៅនឹងកិច្ចសន្យាខ្ចីបរិភោគ ទោះបីជាបានទទួលនៅក្នុងនាមជាប្រាក់រង្វាន់ កម្រៃជើងសារ កម្រៃស៊ើបអង្កេត និងកម្រៃផ្សេងៗទៀតក៏ដោយ ត្រូវចាត់ទុកថាជាការប្រាក់។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះសោហ៊ុយនៃការធ្វើកិច្ចសន្យា និងសោហ៊ុយនៃការសង។
ពេលវេលានៃការបង់ការប្រាក់ និងការប្រាក់សមាសដែលកំណត់ដោយច្បាប់
- បើគ្មានការកំណត់ពិសេសទេ ការប្រាក់ ត្រូវបង់នៅរៀងរាល់ពេលដែលពេលវេលា ១ (មួយ) ឆ្នាំ បានកន្លងផុត គិតចាប់ពីពេលដែលបានប្រគល់វត្ថុដែលជាកម្មវត្ថុ។ ប៉ុន្តែ ប្រសិនបើត្រូវសងវត្ថុដែលជាកម្មវត្ថុនោះ នៅមុនពេលដែលពេលវេលា ១ (មួយ) ឆ្នាំ មិនទាន់បានកន្លងផុត ត្រូវបង់ការប្រាក់នៅពេលប្រគល់វត្ថុដែលជាកម្មវត្ថុនោះ។
- ក្នុងករណីដែលមានការយឺតយ៉ាវមិនបានសងការប្រាក់ សម្រាប់រយៈពេលចាប់ពី ១ (មួយ) ឆ្នាំ ឡើងទៅ ហើយទោះបីជាអ្នកឱ្យខ្ចីបានដាស់តឿនឱ្យសងយ៉ាងណាក៏ដោយ ក៏អ្នកខ្ចីមិនព្រមសងការប្រាក់នោះ អ្នកឱ្យខ្ចីអាចបូកការប្រាក់បញ្ចូលទៅក្នុងប្រាក់ដើមបាន។
ករណីយកិច្ចឱ្យខ្ចីរបស់អ្នកឱ្យខ្ចី
ករណីយកិច្ចឱ្យខ្ចីវត្ថុដែលជាកម្មវត្ថុ
- អ្នកឱ្យខ្ចី មានករណីយកិច្ចឱ្យអ្នកខ្ចីប្រើប្រាស់វត្ថុ ដោយសមស្របតាមកិច្ចសន្យា។
- អ្នកខ្ចី អាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុ ដោយសេរីបាន ហើយត្រូវទទួលបន្ទុកហានិភ័យ លើការបាត់បង់ ឬខូចខាត ចំពោះវត្ថុដែលជាកម្មវត្ថុ ដែលកើតឡើងដោយសារមូលហេតុដែលមិនមែនជាបន្ទុករបស់អ្នកឱ្យខ្ចី ក្នុងនាមជាកម្មសិទ្ធិករ គិតចាប់ពីថ្ងៃដែលបានទទួលការប្រគល់វត្ថុដែលជាកម្មវត្ថុ។
ការទទួលខុសត្រូវក្នុងការធានារបស់អ្នកឱ្យខ្ចី ក្នុងការប្រគល់វត្ថុរបស់អ្នកដទៃ
- នៅក្នុងកិច្ចសន្យាខ្ចីបរិភោគដែលមានភ្ជាប់ការប្រាក់ អ្នកឱ្យខ្ចីដែលបានប្រគល់វត្ថុដែលមិនស្ថិតនៅក្រោមកម្មសិទ្ធិរបស់ខ្លួន មានករណីយកិច្ចត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិនៃវត្ថុនោះ ហើយផ្ទេរទៅឱ្យអ្នកខ្ចី ឬត្រូវប្តូរជាមួយនឹងវត្ថុផ្សេងទៀតដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់ខ្លួន។ ប៉ុន្តែ នៅក្រោយពេលដែលអ្នកខ្ចីបានបរិភោគវត្ថុនោះរួចហើយ ពុំអាចទាមទារឱ្យប្រគល់វត្ថុជំនួសបានឡើយ។
- ប្រសិនបើអ្នកឱ្យខ្ចី ពុំអាចអនុវត្តកាតព្វកិច្ចដែលបានបញ្ញត្តិក្នុងកថាខណ្ឌទី ១ ខាងលើនេះទេ អ្នកខ្ចីអាចរំលាយកិច្ចសន្យាបាន។
- ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និងទី ២ ខាងលើនេះ ប្រសិន បើបានទទួលការប្រគល់ដោយពុំបានដឹងថាអ្នកឱ្យខ្ចីនោះគ្មានសិទ្ធិ អ្នកខ្ចីអាចទាមទារឱ្យអ្នកឱ្យខ្ចីសងសំណងនៃការខូចខាតបាន។
- នៅក្នុងកិច្ចសន្យាខ្ចីបរិភោគដោយគ្មានការប្រាក់ បញ្ញត្តិនៃកថាខណ្ឌទី ១ ទី ២ និងទី ៣ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះតែករណីដែលអ្នកឱ្យខ្ចីបានដឹងថាខ្លួនគ្មានសិទ្ធិចាត់ចែងវត្ថុដែលជាកម្មវត្ថុ ហើយបានប្រគល់វត្ថុរបស់អ្នកដទៃនោះដោយពុំបានជូនដំណឹងទៅឱ្យអ្នកខ្ចី។
- លើកលែងតែករណីដែលបានទទួលការប្រគល់វត្ថុជំនួស ដោយផ្អែកតាមបញ្ញត្តិនៃកថាខណ្ឌទី ១ឬទី ៤ ខាងលើនេះ ប្រសិនបើអ្នកខ្ចីវត្ថុរបស់អ្នកដទៃ បានសងវត្ថុដែលត្រូវបានផ្តល់ ឬតម្លៃនៃវត្ថុនោះ ឱ្យទៅកម្មសិទ្ធិករ អ្នកខ្ចីវត្ថុរបស់អ្នកដទៃនោះ ត្រូវរួចផុតពីករណីយកិច្ចសង ចំពោះអ្នកឱ្យខ្ចី។
សិទ្ធិរំលាយរបស់អ្នកឱ្យខ្ចីវត្ថុអ្នកដទៃ
អ្នកឱ្យខ្ចីដែលបានប្រគល់វត្ថុដែលជាកម្មវត្ថុ ដោយពុំដឹងថាជាវត្ថុរបស់អ្នកដទៃ ប្រសិនបើពុំអាចធ្វើឱ្យ អ្នកខ្ចីបានលទ្ធកម្មនូវកម្មសិទ្ធិលើវត្ថុ ឬវត្ថុជំនួសទេ អាចរំលាយកិច្ចសន្យាបាន។ ប៉ុន្តែ ប្រសិនបើអ្នកខ្ចីសុចរិត មានសិទ្ធិទាមទារសំណងនៃការខូចខាត ដោយផ្អែកតាមបញ្ញត្តិនៃមាត្រា ៥៨៨ (ការទទួលខុសត្រូវក្នុងការធានារបស់អ្នកឱ្យខ្ចី ក្នុងការប្រគល់វត្ថុរបស់អ្នកដទៃ) ខាងលើនេះ លុះត្រាតែក្នុងករណីដែលបានសងសំណងនៃការខូចខាតនោះ ទើបអាចរំលាយកិច្ចសន្យាបាន។
ការទទួលខុសត្រូវក្នុងការធានារបស់អ្នកឱ្យខ្ចីនូវវត្ថុដែលមានវិការៈ
- នៅក្នុងកិច្ចសន្យាខ្ចីបរិភោគដែលមានភ្ជាប់ការប្រាក់ ប្រសិនបើមានវិការៈកំបាំងនៅក្នុងវត្ថុដែលអ្នកឱ្យខ្ចីបានប្រគល់អ្នកខ្ចីដែលបានទទួលការប្រគល់ដោយមិនបានដឹងអំពីវិការៈនោះ អាចទាមទារឱ្យប្ដូរជាមួយនឹងវត្ថុដែលគ្មានវិការៈ និងអាចទាមទារសំណងនៃការខូចខាតបាន។
- នៅក្នុងកិច្ចសន្យាខ្ចីបរិភោគដែលគ្មានការប្រាក់ អ្នកខ្ចីដែលបានទទួលការប្រគល់វត្ថុដែលមានវិការៈ អាចសងតម្លៃនៃវត្ថុដែលមានវិការៈបាន។ ប៉ុន្តែ បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលអ្នកឱ្យខ្ចីបាន ដឹងអំពីវិការៈនោះហើយ តែពុំបានជូនដំណឹងទៅឱ្យអ្នកខ្ចី។
ករណីយកិច្ចសងរបស់អ្នកខ្ចី
ករណីយកិច្ចត្រូវសងប្រាក់ដើម និងបង់ការប្រាក់របស់អ្នកខ្ចី
- អ្នកខ្ចី មានករណីយកិច្ចត្រូវសងទៅអ្នកឱ្យខ្ចីនូវវត្ថុដែលមានប្រភេទ គុណភាព និងចំនួនស្មើគ្នានឹងវត្ថុដែលបានទទួលការប្រគល់ នៅថ្ងៃដែលត្រូវសង។
- អ្នកខ្ចីនៃកិច្ចសន្យាខ្ចីបរិភោគដែលមានភ្ជាប់ការប្រាក់ ត្រូវបង់ការប្រាក់តាមបញ្ញត្តិពីមាត្រា ៥៨៤ (អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ និងអត្រាការប្រាក់ក្នុងកិច្ចសន្យា) ដល់មាត្រា ៥៨៦ (ពេលវេលានៃការបង់ការប្រាក់ និងការប្រាក់សមាសដែលកំណត់ដោយច្បាប់) នៃក្រមនេះ។
ការសងដោយយោលតាមតម្លៃ
- ប្រសិនបើពុំអាចសងដោយផ្អែកតាមបញ្ញត្តិនៃមាត្រា ៥៩១ (ករណីយកិច្ចត្រូវសងប្រាក់ដើម និងបង់ការប្រាក់របស់អ្នកខ្ចី) ខាងលើបានទេ អ្នកខ្ចីមានករណីយកិច្ចត្រូវបង់ប្រាក់ដែលសមរម្យនឹងតម្លៃនៃវត្ថុដែលជាកម្មវត្ថុ នៅទីកន្លែង និងថ្ងៃដែលត្រូវសង។
- ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើពុំបានកំណត់ថ្ងៃ ឬទីកន្លែងដែលត្រូវសងទេ ត្រូវចាត់ទុកថាត្រូវបង់ចំនួនប្រាក់ដែលសមរម្យនឹងតម្លៃនោះនៅថ្ងៃ និងទីកន្លែងដែលបានធ្វើកិច្ចសន្យា។
ការប្រែប្រួលនៃតម្លៃរូបិយវត្ថុ ជាអាទិ៍
ទោះបីជាតម្លៃរូបិយវត្ថុ ឬតម្លៃនៃវត្ថុ មានការប្រែប្រួលនៅមុនពេលសងក៏ដោយ លើកលែងតែក្នុងករណីដែលមានការព្រមព្រៀងពិសេស អ្នកខ្ចីត្រូវសងនូវចំនួនទឹកប្រាក់ដូចគ្នានឹងចំនួនទឹកប្រាក់ដែលទទួលបានពីការប្រគល់។
ពេលវេលានៃការសង
- ប្រសិនបើភាគី បានកំណត់កាលបរិច្ឆេទនៃការសង អ្នកឱ្យខ្ចីមិនអាចទាមទារឱ្យសងវត្ថុដែលជាកម្មវត្ថុបានឡើយ រហូតដល់ពេលកំណត់ត្រូវសងតាមកាលបរិច្ឆេទនៃកិច្ចសន្យា។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលហេតុដែលបានកំណត់នៅក្នុងមាត្រា ៣៣១ (ការបាត់បង់ផលប្រយោជន៍នៃការកំណត់ពេល) នៃក្រមនេះបានកើតឡើង។
- ប្រសិនបើភាគីមិនបានកំណត់កាលបរិច្ឆេទនៃការសងទេ អ្នកឱ្យខ្ចីអាចដាស់តឿនឱ្យសង ដោយកំណត់អំឡុងពេលសមរម្យបាន។
- អ្នកខ្ចីនៃកិច្ចសន្យាខ្ចីបរិភោគដោយគ្មានការប្រាក់ អាចសងនៅពេលណាក៏បាន។
- អ្នកខ្ចីនៃកិច្ចសន្យាខ្ចីបរិភោគដែលមានការប្រាក់ អាចសងទៅមុនកាលបរិច្ឆេទ សងដែលបានកំណត់ដោយកិច្ចសន្យាបាន។ ប៉ុន្តែ នៅក្នុងករណីដែលធ្វើឱ្យមានការខូចខាតដល់អ្នកឱ្យខ្ចីដោយសារការសងនោះ អ្នកខ្ចីត្រូវសងសំណងនៃការខូចខាត ដោយផ្អែកតាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ៣៣០ (ប្រយោជន៍នៃការកំណត់ពេល) នៃក្រមនេះ។
ទីកន្លែងនៃការសង
ប្រសិនបើពុំមានការព្រមព្រៀងរវាងភាគី អំពីទីកន្លែងនៃការសងទេ អ្នកខ្ចីត្រូវយកវត្ថុដែលជាកម្មវត្ថុនោះទៅសង នៅលំនៅឋានរបស់អ្នកឱ្យខ្ចី។
សូមអរគុណ!

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment