កិច្ចសន្យាជួល (ភតិសន្យា) ។

ភតិសន្យា

ភតិសន្យា សំដៅទៅលើកិច្ចសន្យាមួយដែលភាគីម្ខាង ឱ្យភាគីម្ខាងទៀតប្រើបា្រស់ និងអាស្រ័យផលពីវត្ថុណាមួយ ដោយយកថ្លៃ។ វត្ថុដែលជាកម្មវត្ថុនៃភតិសន្យា មានចលនវត្ថុ និងអចលនវត្ថុ។

ការបង្កើតភតិសន្យា

ភតិសន្យា ត្រូវមានអានុភាព ដោយភាគីម្ខាង សន្យាថាឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយ ចំណែកឯភាគីម្ខាងទៀតសន្យាថាបង់ថ្លៃឈ្នួលចំពោះវត្ថុនោះ។

ល័ក្ខខ័ណ្ឌតតាំងនៃសិទ្ធិជួលអចលនវត្ថុ

  • ដោយយោងតាមលទ្ធកម្មនៃការកាន់កាប់ និងការប្រើប្រាស់និងអាស្រ័យផលជាបន្តបន្ទាប់នូវវត្ថុជួល ភតិកៈនៃភតិសន្យាអចលនវត្ថុ អាចតតាំងចំពោះជនដែលបានធ្វើលទ្ធកម្មនូវសិទ្ធិប្រត្យក្សលើអចលនវត្ថុ នៅក្រោយពេលដែលភតិកៈបានទទួលការកាន់កាប់បាន។
  • ភតិកៈដែលកំពុងតែកាន់កាប់វត្ថុជួល អាចអនុវត្តសិទ្ធិទាមទារឱ្យប្រគល់វិញ សិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំង និងសិទ្ធិទាមទារឱ្យបង្ការជាមុននូវការរារាំង ចំពោះការបំពានសិទ្ធិជួល ដូចសិទ្ធិដែលកម្មសិទ្ធិករមាន។

អំឡុងពេលដែលភតិសន្យាមានអត្ថិភាព

  • ភតិសន្យា អាចធ្វើឡើងដោយកំណត់ ឬមិនកំណត់អំឡុងពេលបាន។
  • ភតិសន្យាអចលនវត្ថុ ដែលមិនបានធ្វើជាលាយលក្ខណ៍អក្សរ ត្រូវចាត់ទុកថាជាភតិសន្យាដែលគ្មានកំណត់អំឡុងពេល។
  • ភតិសន្យាអចលនវត្ថុដែលមានកំណត់អំឡុងពេលចាប់ពី ១៥ (ដប់) ឆ្នាំ ឡើងទៅ ត្រូវអនុលោមតាមបញ្ញត្តិចាប់ពីមាត្រា ២៤៤ (និយមន័យនៃសិទ្ធិជួលអចិន្ត្រៃយ៍) ទៅ នៃក្រមនេះ។

អានុភាពនៃភតិសន្យា

សិទ្ធិ និងករណីយកិច្ចនៃការប្រើប្រាស់ និងអាស្រ័យផល ផ្អែកតាមវិធីប្រើប្រាស់ របស់ភតិកៈ

  • ភតិកៈមានសិទ្ធិ និងករណីយកិច្ចលើការប្រើប្រាស់ និងអាស្រ័យផលលើវត្ថុជួល ដោយផ្អែកទៅតាមវិធីប្រើប្រាស់ ដែលត្រូវបានកំណត់នៅក្នុងកិច្ចសន្យា ឬតាមលក្ខណៈនៃវត្ថុជួលនោះ។
  • បើភតិកៈ បានធ្វើខុសនឹងករណីយកិច្ចនៃបញ្ញត្តិកថាខណ្ឌទី ១ ខាងលើនេះ ភតិបតីអាចរំលាយកិច្ចសន្យានោះបាន។
  • ភតិបតី មិនត្រូវធ្វើឱ្យរាំងស្ទះក្នុងការប្រើប្រាស់ និងអាស្រ័យផល ដែលភតិកៈធ្វើដោយផ្អែកតាមវិធីប្រើប្រាស់ឡើយ។

ករណីយកិច្ចប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងដោយសុចរិត របស់ភតិកៈ

  • ភតិកៈ មានករណីយកិច្ចគ្រប់គ្រងវត្ថុជួល ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នក គ្រប់គ្រងដោយសុចរិត។
  • បើភតិកៈ បានធ្វើខុសនឹងករណីយកិច្ចនៃបញ្ញត្តិកថាខណ្ឌទី ១ ខាងលើនេះ ភតិបតីអាចរំលាយកិច្ចសន្យានោះបាន។

ករណីយកិច្ចជួសជុលរបស់ភតិបតី

ភតិបតី មានករណីយកិច្ចធ្វើការជួសជុលដែលចាំបាច់សម្រាប់ការប្រើប្រាស់ និងអាស្រ័យផលនៃវត្ថុជួលនោះ។

សកម្មភាពថែរក្សារបស់ភតិបតី

  • បើភតិបតី មានបំណងចង់អនុវត្តសកម្មភាពដែលចាំបាច់ក្នុងការថែរក្សាវត្ថុជួល ភតិកៈមិនអាចបដិសេធបានឡើយ។
  • ក្នុងករណីដែលភតិបតីមានបំណងចង់អនុវត្តសកម្មភាពដែលចាំបាច់ក្នុងការថែរក្សាវត្ថុជួល ផ្ទុយពីឆន្ទៈរបស់ភតិកៈ ប្រសិនបើហេតុនោះ បណ្តាលឱ្យភតិកៈពុំអាចសម្រេចគោលបំណងនៃការជួលទេ ភតិកៈអាចទាមទារឱ្យ បន្ថយថ្លៃឈ្នួល ឬអាចរំលាយកិច្ចសន្យបាន។

សិទ្ធិទាមទារឱ្យសងវិញនូវសោហ៊ុយរបស់ភតិកៈ

  • បើភតិកៈបានចំណាយសោហ៊ុយចាំបាច់ ដែលត្រូវជាបន្ទុករបស់ភតិបតី ចំពោះវត្ថុជួល ភតិកៈអាចទាមទារសំណងនោះពីភតិបតី ជាបន្ទាន់បាន។
  • បើភតិកៈបានចំណាយសោហ៊ុយដើម្បីកែលំអវត្ថុជួល ឬចំណាយផ្សេងទៀត ដើម្បីបង្កើនតម្លៃ លុះត្រាតែក្នុងករណីដែលកម្រិតនៃកំណើនតម្លៃនោះនៅតែមាន នាពេលបញ្ចប់ភតិសន្យាតែប៉ុណ្ណោះទេ ទើបភតិកៈអាចទាមទារចំពោះភតិបតីឱ្យសងវិញនូវប្រាក់ដែលបានចំណាយ ឬតម្លៃប្រាក់ដែលកើននោះ ដោយផ្អែកតាមការជ្រើសរើសរបស់ភតិបតីបាន។ ប៉ុន្តែ តុលាការអាចអនុញ្ញាតដោយកំណត់អំឡុងពេលសមរម្យ ឱ្យសងវិញ យោលតាមការទាមទាររបស់ភតិបតីបាន។

ការទទួលខុសត្រូវរបស់ភតិបតី ចំពោះវិការៈនៃវត្ថុជួល

  • ប្រសិនបើភតិកៈមិនបានពិនិត្យស្ថានភាពនៃវត្ថុដែលជាកម្មវត្ថុនៃភតិសន្យាថា ត្រឹមត្រូវតាមស្ថានភាពដែលបានកំណត់នៅក្នុងលិខិតកិច្ចសន្យា នៅពេលទទួលការប្រគល់វត្ថុដែលជាកម្មវត្ថុនោះ ភតិកៈមិនអាចទាមទារឱ្យភតិបតីទទួលខុសត្រូវបានឡើយ ចំពោះភាពខុសពីស្ថានភាពដែលបានកំណត់នៅក្នុងលិខិតកិច្ចសន្យាដែលខ្លួនអាចដឹងដោយងាយស្រួលបើពិនិត្យ។
  • នៅក្នុងករណីដែលវត្ថុជួលមានវិការៈកំបាំង បើភតិកៈមិនបានដឹងអំពីវិការៈនោះទេ ភតិកៈអាចទាមទារឱ្យជួសជុលវិការៈនោះ ឬឱ្យដូរវត្ថុដែលគ្មានវិការៈ និងអាចទាមទារសំណងនៃការខូចខាតបាន។
  • ភតិបតីអាចជួសជុលវិការៈ ដោយសោហ៊ុយខ្លួនបាន លុះត្រាតែមិនធ្វើឱ្យមានការខូចខាតដោយមិនត្រឹមត្រូវនូវផលប្រយោជន៍របស់ភតិកៈ។ ប៉ុន្តែ ភតិកៈមិនត្រូវបានរារាំងក្នុងការអនុវត្តសិទ្ធិទាមទារសំណងនៃការខូចខាតឡើយ។
  • ជំនួសនឹងការទាមទារដែលកំណត់ក្នុងកថាខណ្ឌទី ២ ខាងលើនេះ ភតិកៈអាចទាមទារឱ្យ បន្ថយថ្លៃឈ្នួលដែលសមរម្យនឹងវិការៈបាន ដោយគិតតាំងពីពេលដែលបានប្រគល់។
  • បើពុំអាចសម្រេចនូវគោលបំណងដែលបានធ្វើកិច្ចសន្យា ដោយសារមូលហេតុនៃវិការៈកំបាំងនោះទេ ភតិកៈអាចរំលាយភតិសន្យានោះបាន។
  • ការទាមទារឱ្យជួសជុល ឱ្យដូរ ឱ្យបន្ថយថ្លៃឈ្នួល និងការរំលាយ ត្រូវអនុវត្តនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលភតិកៈបានដឹង ឬពេលដែលត្រូវដឹងអំពីហេតុនោះបាន។

សិទ្ធិរំលាយ និងសិទ្ធិទាមទារឱ្យបន្ថយថ្លៃឈ្នួល នៅក្នុងករណីដែលចំណូលថយចុះ

  • បើភតិកៈនៃដីដែលមានគោលបំណងអាស្រ័យផលពីដី ទទួលផលបានតិចជាងថ្លៃឈ្នួល ដោយសារករណីប្រធានសក្តិ ភតិកៈអាចទាមទារឱ្យបន្ថយថ្លៃឈ្នួល រហូតដល់ត្រឹមចំនួនទឹកប្រាក់នៃការអាស្រ័យផលនោះ បាន។
  • ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើការទទួលផលបានតិចជាងថ្លៃឈ្នួល លើសពី ២ (ពីរ) ឆ្នាំ ជាបន្តបន្ទាប់ ដោយសារករណីប្រធានសក្តិ ភតិកៈអាចរំលាយភតិសន្យាបាន។

សិទ្ធិរំលាយ និងសិទ្ធិទាមទារបន្ថយថ្លៃឈ្នួល ដោយសារការបាត់បង់ ឬវិនាសវត្ថុជួលមួយភាគ

  • បើវត្ថុជួលមួយភាគត្រូវបានបាត់បង់ ឬវិនាស ដោយមិនមែនជាកំហុសរបស់ភតិកៈទេ ភតិកៈអាចទាមទារឱ្យបន្ថយថ្លៃឈ្នួលទៅតាមសមាមាត្រនៃភាគដែលត្រូវបានបាត់បង់ ឬវិនាសនោះបាន។
  • ក្នុងករណីនៃកថាខណ្ឌទី ១ ខាងលើនេះ បើភតិកៈពុំអាចសម្រេចគោលបំណង ដែលបានធ្វើកិច្ចសន្យាជួល ទៅលើភាគដែលនៅសេសសល់នោះទេ ភតិកៈអាចរំលាយភតិសន្យាបាន។

អនុប្បទានសិទ្ធិជួល និងការជួលបន្ត នូវវត្ថុជួល

  • បើគ្មានការយល់ព្រមពីភតិបតីទេ ភតិកៈពុំអាចធ្វើអនុប្បទានសិទ្ធិជួល ឬជួលបន្តនូវវត្ថុជួលបានឡើយ លើកលែងតែករណីនៃសិទ្ធិជួលអចិន្ត្រៃយ៍។
  • បើភតិកៈបានឱ្យតតិយជនប្រើប្រាស់ ឬអាស្រ័យផលពីវត្ថុជួល ផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី ១ខាងលើនេះ ភតិបតីអាចរំលាយកិច្ចសន្យាបាន។

ការជួលបន្ត

  • បើភតិកៈបានជួលបន្តនូវវត្ថុជួលដោយត្រឹមត្រូវតាមច្បាប់ ភតិកៈបន្តត្រូវមានករណីយកិច្ចដោយផ្ទាល់ ចំពោះភតិបតី។ ចំពោះករណីយកិច្ចបង់ថ្លៃឈ្នួលជួលបន្ត ភតិកៈបន្តពុំអាចយកការបង់ថ្លៃជាមុនទៅឱ្យភតិកៈ មកតតាំងជាមួយភតិបតី បានឡើយ។
  • បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ពុំរារាំងដល់ការអនុវត្តសិទ្ធិរបស់ភតិបតី ចំពោះភតិកៈឡើយ។

ករណីយកិច្ច និងពេលវេលានៃការបង់ថ្លៃឈ្នួល

  • ភតិកៈ មានករណីយកិច្ចបង់ថ្លៃឈ្នួលទៅឱ្យភតិបតី ទៅតាមពេលវេលាដែលបានកំណត់។
  • នៅក្នុងករណីដែលមិនបានកំណត់ជាពិសេសនៅក្នុងកិច្ចសន្យា អំពីពេលវេលាដែលត្រូវបង់ថ្លៃឈ្នួលទេ ចំពោះចលនវត្ថុ និងផ្ទះ ឬអាគារ ត្រូវបង់នៅរៀងរាល់ចុងខែ ចំពោះដីធ្លីវិញត្រូវបង់នៅរៀងរាល់ចុងឆ្នាំ។ ប៉ុន្តែ ចំពោះវត្ថុដែលមានរដូវប្រមូលផល ត្រូវបង់នៅក្រោយពេលដែលរដូវនោះកន្លងផុត ដោយគ្មានការយឺតយ៉ាវ។

ករណីយកិច្ចជូនដំណឹង របស់ភតិកៈ

បើមានការចាំបាច់លើការជួសជុលវត្ថុជួល ឬបើមានតតិយជនអះអាងអំពីសិទ្ធិចំពោះវត្ថុជួល ភតិកៈត្រូវជូនដំណឹងនោះទៅឱ្យភតិបតី ដោយគ្មានការយឺតយ៉ាវ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ បើភតិបតីបានដឹងអំពីហេតុនោះរួចហើយ។

ការបញ្ចប់ភតិសន្យា

ការផុតអំឡុងពេលកំណត់

ភតិសន្យាដែលមានកំណត់អំឡុងពេល ត្រូវបញ្ចប់ដោយការផុតអំឡុងពេលដែលបានកំណត់នោះ។

ការបដិសេធការបន្តជាថ្មី នូវភតិសន្យាអចលនវត្ថុ

ចំពោះភតិសន្យាអចលនវត្ថុ បើភាគីម្ខាងពុំបានបង្ហាញឆន្ទៈបដិសេធការបន្តជាថ្មីនៅមុនរយៈពេល ៣ (បី) ខែ មុនផុតកំណត់អំឡុងពេល ចំពោះផ្ទះ ឬអាគារ ឬនៅមុនរយៈពេល ១ (មួយ) ឆ្នាំ មុនផុតកំណត់អំឡុងពេល ចំពោះដីធ្លីទៅភាគីម្ខាងទៀតទេ ត្រូវចាត់ទុកថាបានយល់ព្រមក្នុងការបន្តជាថ្មី។ ប៉ុន្តែ ក្នុងករណីនេះ ភតិសន្យាដែលត្រូវបានបន្តជាថ្មីនេះ គឺជាភតិសន្យាដែលពុំមានកំណត់អំឡុងពេល។

ការបន្តជាថ្មីដោយតុណ្ហីភាព

ចំពោះភតិសន្យាចលនវត្ថុ នៅក្នុងករណីដែលភតិកៈបានបន្តការប្រើប្រាស់ ឬអាស្រ័យផលលើវត្ថុជួលនោះ ទោះនៅក្រោយអំឡុងពេលនៃភតិសន្យាបានផុតកំណត់ហើយក៏ដោយ បើភតិបតីបានដឹងអំពីហេតុនោះហើយ តែមិនបានធ្វើការតវ៉ាទេ ត្រូវសន្មតថាជាភតិសន្យាដែលបានបន្តជាថ្មី ដោយគ្មានកំណត់អំឡុងពេល ហើយមានល័ក្ខខ័ណ្ឌដូចគ្នានឹងកិច្ចសន្យាដែលបានជួលពីមុន លើកលែងតែអំឡុងពេលចេញ។

ការស្នើសុំឱ្យរំលាយភតិសន្យាដែលពុំមានកំណត់អំឡុងពេល

  • បើពុំបានកំណត់អំឡុងពេលជួលនៅក្នុងកិច្ចសន្យាទេ ភាគីនីមួយៗអាចស្នើសុំឱ្យរំលាយកិច្ចសន្យា នៅពេលណាក៏បាន។ ក្នុងករណីដែលការស្នើសុំឱ្យរំលាយ មិនបានបញ្ជាក់អំពីពេលរលាយ និងក្នុងករណីដែលអំឡុងពេលចាប់ពីពេលស្នើសុំឱ្យរំលាយរហូតដល់ពេលរលាយដែលបានបញ្ជាក់នៅក្នុងការស្នើសុំឱ្យរំលាយនោះតិចជាងអំឡុងពេលដូចបានកំណត់ខាងក្រោមនេះ ភតិសន្យាត្រូវរលាយនៅពេលដែលអំឡុងពេលដូចបានកំណត់ខាងក្រោមនេះ បានកន្លងហួសគិតចាប់ពីពេលស្នើសុំឱ្យរំលាយៈ

ក-មួយ ថ្ងៃ ចំពោះចលនវត្ថុ។

ខ- បី ខែ ចំពោះ អាគារ។

គ-មួយ ឆ្នាំ ចំពោះដីធ្លី។

  • ចំពោះភតិសន្យាដីធ្លីដែលមានរដូវប្រមូលផល ត្រូវធ្វើការស្នើសុំរំលាយកិច្ចសន្យា នៅក្រោយរដូវនោះ មុនការចាប់ផ្តើមការធ្វើកសិកម្ម សម្រាប់រដូវបន្ទាប់។

ការរក្សាទុកសិទ្ធិរំលាយកិច្ចសន្យា

ទោះនៅក្នុងករណីដែលភាគីបានកំណត់អំឡុងពេលនៃភតិសន្យាក៏ដោយ បញ្ញត្តិនៃមាត្រា ៦១៥ (ការស្នើសុំឱ្យរំលាយភតិសន្យាដែលពុំមានកំណត់អំឡុងពេល) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ បើភាគីតែម្ខាង ឬភាគីទាំងសងខាង បានរក្សាទុកនូវសិទ្ធិអំណាចអនុវត្តការរំលាយកិច្ចសន្យា នៅក្នុងអំឡុងពេលនោះ។

ភាពគ្មានអានុភាពប្រតិសកម្មនៃការរំលាយកិច្ចសន្យា

នៅក្នុងករណីដែលបានរំលាយភតិសន្យា ការរំលាយកិច្ចសន្យានោះ ត្រូវមានអានុភាពឆ្ពោះទៅអនាគតតែប៉ុណ្ណោះ។

ករណីយកិច្ចប្រគល់វត្ថុជួល

  • បើភតិសន្យាត្រូវបានបញ្ចប់ហើយ ភតិកៈមានករណីយកិច្ចធ្វើបដិទានវត្ថុជួល ប្រគល់ទៅឱ្យភតិបតីវិញជាបន្ទាន់។
  • លើកលែងតែការបាក់បែក ខូចខាតដែលកើតឡើងដោយសារការប្រើប្រាស់ជាធម្មតា ភតិកៈត្រូវជួសជុលការខូចខាតដែលកើតឡើងដោយសារមូលហេតុជាបន្ទុករបស់ខ្លួនឡើងវិញ ឬត្រូវមានករណីយកិច្ចសងសំណងនៃការខូចខាតនោះ។

សិទ្ធិរុះរើចេញ របស់ភតិកៈ

បើភតិសន្យាត្រូវបានបញ្ចប់ហើយ ភតិកៈអាចរុះរើចេញ នូវវត្ថុដែលបានភ្ជាប់ជាមួយនឹងវត្ថុជួលនោះបាន។

សិទ្ធរំលាយកិច្ចសន្យារបស់សន្តតិជន នៅក្នុងករណីដែលភតិកៈទទួលមរណភាព

ប្រសិនបើគ្មានបំណងចង់បន្តភតិសន្យាតទៅទៀតទេ សន្តតិជនរបស់ភតិកៈអាចរំលាយកិច្ចសន្យានោះបាន។

អំឡុងពេលប្រើសិទ្ធិទាមទារសំណងនៃការខូចខាត និងការទាមទារឱ្យសងសោហ៊ុយមកវិញ​

សំណងនៃការខូចខាតដែលកើតឡើងដោយសារភតិកៈ ក្នុងការប្រើប្រាស់ និងអាស្រ័យផលដែលផ្ទុយនឹងអត្ថន័យដើមនៃកិច្ចសន្យា និងការសងមកវិញនូវសោហ៊ុយ ដែលភតិកៈបានចេញ ត្រូវទាមទារនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលភតិបតីបានទទួលការសងវត្ថុជួលនោះ។

សូមអរគុណ!

SOPHEAPCAMBOLAW strongly believes that knowledge is the true property of every individual.

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

សព្វទានំ ធម្មទានំ ជិនាតិ
Sharing knowledge is the most worthwhile endeavor of all.

-ព្រះពុទ្ធ-

Leave a comment