
តើអ្វីជាការតំណាង?
ការតំណាង
ការតំណាង៖ សំដៅទៅលើទំនាក់ទំនងគតិយុត្ដដែលអានុភាពនៃកិច្ចសន្យាត្រូវមានចំពោះម្ចាស់សិទ្ធិផ្ទាល់ ក្នុងករណីដែលអ្នកតំណាង ធ្វើកិច្ចសន្យាជាមួយភាគីម្ខាងទៀត ដោយហេតុថាការធ្វើកិច្ចសន្យានោះគឺធ្វើសម្រាប់ម្ចាស់សិទ្ធិ ក្នុងទំហំនៃសិទ្ធិតំណាង។
កំណើតនៃសិទ្ធិតំណាង
កំណើតនៃសិទ្ធិតំណាង៖ សិទ្ធិតំណាងកើតមានឡើងដោយកិច្ចសន្យារវាងម្ចាស់សិទ្ធិ និងអ្នកតំណាង ឬដោយបញ្ញត្ដិនៃច្បាប់។
ទំហំនៃសិទ្ធិតំណាង
ទំហំនៃសិទ្ធិតំណាងត្រូវកំណត់ដោយកិច្ចសន្យាដែលប្រគល់សិទ្ធិតំណាងទៅឱ្យអ្នកតំណាង។ ក្នុងករណីដែលសិទ្ធិតំណាងត្រូវកើតឡើងដោយបញ្ញត្ដិនៃច្បាប់ ទំហំនៃសិទ្ធិតំណាងក៏ត្រូវកំណត់ដោយច្បាប់នោះដែរ។
ក្នុងករណីដែលទំហំនៃសិទ្ធិតំណាងមិនបានកំណត់ទេ អ្នកតំណាងត្រូវមានសិទ្ធិចំពោះអំពើថែរក្សា និងអំពើកែលម្អ។ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះអំពើកែលំអដែលផ្លាស់ប្ដូរលក្ខណៈនៃវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃការតំណាង។
ការកម្រិតសិទ្ធិតំណាង
ទោះបីក្នុងទំហំនៃសិទ្ធិតំណាងក៏ដោយ ចំពោះអំពើដែលផលប្រយោជន៍របស់អ្នកតំណាង និងរបស់ម្ចាស់សិទ្ធិមានភាពផ្ទុយគ្នា អ្នកតំណាងគ្មានសិទ្ធិទេ។ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលមានការយល់ព្រមពីម្ចាស់សិទ្ធិ។
ចំពោះកិច្ចការជំនួញរវាងម្ចាស់សិទ្ធិ និងអ្នកតំណាង ត្រូវសន្មតថាផលប្រយោជន៍ម្ចាស់សិទ្ធិ និងផលប្រយោជន៍របស់អ្នកតំណាងមានភាពផ្ទុយគ្នា។
បញ្ញត្ដិនៃកថាខណ្ឌទី ១ និងទី ២ ខាងលើនេះត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះករណីដែលអ្នកតំណាងធ្វើជាម្ចាស់ឱ្យម្ចាស់សិទ្ធិផង ធ្វើជាតំណាងឱ្យតតិយជនផង ហើយផលប្រយោជន៍ម្ចាស់សិទ្ធិ និងផលប្រយោជន៍តតិយជនមានភាពផ្ទុយគ្នា។
មូលហេតុនៃការរលត់សិទ្ធិតំណាង
សិទ្ធិតំណាងដែលបានទទួលពីម្ចាស់សិទ្ធិដោយកិច្ចសន្យា ត្រូវរលត់ដោយសារមូលហេតុខាងក្រោមនេះ៖
- មរណភាព ធនក្ស័យ ឬការរំលាយរបស់ម្ចាស់សិទ្ធិ។
- មរណភាព ធនក្ស័យ ឬការកម្រិតនូវសមត្ថភាពក្នុងការធ្វើសកម្មភាពរបស់អ្នកតំណាង។
- ការបញ្ចប់អាណត្ដិ កិច្ចសន្យាការងារ ឬទំនាក់ទំនងគតិយុត្ដផ្សេងទៀតដែលបានប្រគល់សិទ្ធិតំណាង។
ការតំណាងដែលច្បាប់បានកំណត់ ត្រូរលត់ដោយសារមូលហេតុដែលបានកំណត់ក្នុងច្បាប់។
ការតំណាងដោយគ្មានសិទ្ធិ
អំពើដែលអ្នកគ្មានសិទ្ធិតំណាងធ្វើក្នុងនាមជាអ្នកតំណាងរបស់អ្នកដទៃ មិនត្រូវបង្កើតអានុភាពចំពោះម្ចាស់សិទ្ធិទេ។ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលម្ចាស់សិទ្ធិបានផ្ដល់សច្ចានុមតិចំពោះអំពើនោះ។
ភាគីម្ខាងទៀតនៃសកម្មភាពនៃការតំណាងដោយគ្មានសិទ្ធិ មិនអាចអះអាងថាអានុភាពសកម្មភាពត្រូវមាន ចំពោះអ្នកតំណាងដោយគ្មានសិទ្ធិឡើយ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវរារាំងភាគីម្ខាងទៀត ក្នុងការទាមទារឱ្យអ្នកតំណាងដែលគ្មានសិទ្ធិទទួលខុសត្រូវដោយផ្អែកលើបញ្ញត្ដិនៃមាត្រា ៣៧១ (ការទទួលខុសត្រូវរបស់អ្នកតំណាងដោយគ្មានសិទ្ធិ) នៃក្រមនេះ។
ការផ្ដល់សច្ចានុមតិ
សច្ចានុមតិចំពោះអំពើតំណាងដោយគ្មានសិទ្ធិ និងសិទ្ធិលុបចោលរបស់ភាគីម្ខាងទៀត។
ប្រសិនបើមិនបានផ្ដល់សច្ចានុមតិចំពោះភាគីម្ខាងទៀតទេ ម្ចាស់សិទ្ធិមិនអាចអះអាងអានុភាពនៃសច្ចាមតិនោះ ចំពោះភាគីម្ខាងទៀតបានឡើយ។
អំពើតំណាងដោយគ្មានសិទ្ធិត្រូវមានអានុភាពប្រតិសកម្ម ដោយសច្ចានុមតិតាំងពីពេលដែលអំពើនោះ ត្រូវបានធ្វើឡើង។ ប៉ុន្ដែ សច្ចានុមតិនោះមិនអាចធ្វើឱ្យខូចផលប្រយោជន៍តតិយជន ដែលបានធ្វើឡើងក្នុងអំឡុងពេលចាប់តាំងពីពេលដែលអំពើតំណាងដោយគ្មានសិទ្ធិនោះត្រូវបានធ្វើឡើង រហូតដល់ពេលផ្ដល់សច្ចានុមតិ។
ភាគីម្ខាងទៀតនៃអំពើតំណាងដោយគ្មានសិទ្ធិអាចដាស់តឿនឱ្យម្ចាស់សិទ្ធិឆ្លើយអំពីការផ្ដល់ ឬមិនផ្ដល់សច្ចានុមតិដោយកំណត់អំឡុងពេលមួយសមរម្យដើម្បីឆ្លើយ។ ប្រសិនបើម្ចាស់សិទ្ធិមិនឆ្លើយក្នុងអំឡុងពេលដែលបានកំណត់នោះទេ ត្រូវចាត់ទុកថាម្ចាស់សិទ្ធិបដិសេធការផ្ដល់សច្ចានុមតិ។
ភាគីម្ខាងទៀតអាចលុបចោលកិច្ចសន្យាដែលត្រូវបានធ្វើដោយអ្នកគ្មានសិទ្ធិតំណាង មុនពេលម្ចាស់សិទ្ធិផ្ដល់សច្ចានុមតិបាន។ នៅក្រោយពេលភាគីម្ខាងទៀតបានលុបចោលកិច្ចសន្យា ម្ចាស់សិទ្ធិមិនអាចផ្ដល់សច្ចានុមតិចំពោះអំពើតំណាងដោយគ្មានសិទ្ធិបានឡើយ។
ការទទួលខុសត្រូវរបស់អ្នកតំណាងដែលគ្មានសិទ្ធិ
ការទទួលខុសត្រូវរបស់អ្នកតំណាងដែលគ្មានសិទ្ធិ ប្រសិនបើជនដែលបានធ្វើកិច្ចសន្យាក្នុងនាមជាអ្នកតំណាងសម្រាប់ជនដទៃ មិនអាចបញ្ជាក់នូវសិទ្ធិតំណាង ឬមិនអាចទទួលសច្ចានុមតិពីសាមីខ្លួនបានទេ ជននោះត្រូវទទួលខុសត្រូវក្នុងការអនុវត្ដ ឬទទួលខុសត្រូវក្នុងការសងការខូចខាត តាមការជ្រើសរើសរបស់ភាគីម្ខាងទៀត។ ប៉ុន្ដែ ប្រសិនបើភាគីម្ខាងទៀតបានដឹងអំពីនត្ថិភាពនៃសិទ្ធិតំណាង អ្នកតំណាងដោយគ្មានសិទ្ធិអាចរួចផុតពីការទទួលខុសត្រូវនោះបាន។ អ្នកតំណាងដោយគ្មានសិទ្ធិដែលគ្មានកំហុស ក្នុងការធ្វើអំពើតំណាងដោយគ្មានសិទ្ធិ ក៏អាចរួចផុតពីការទទួលខុសត្រូវដែលបានកំណត់ក្នុងមាត្រានេះបានដែរ ទោះបីជាភាគីម្ខាងទៀតមិនបានដឹងអំពីនត្ថិភាពនៃសិទ្ធិតំណាង ដោយកំហុសក៏ដោយ។
ការតំណាងដែលមានលក្ខណៈជារូបភាព
ក្នុងករណីដែលអ្នកតំណាងធ្វើកិច្ចសន្យា ដោយហួសពីទំហំនៃសិទ្ធិតំណាង ប្រសិនបើភាគីម្ខាងទៀតជឿជាក់ថាអ្នកតំណាងមានសិទ្ធិតំណាងចំពោះកិច្ចសន្យានោះ ហើយគ្មានកំហុសក្នុងការជឿនោះទេ ម្ចាស់សិទ្ធិត្រូវទទួលខុសត្រូវក្នុងអនុវត្ដកិច្ចសន្យានោះ ចំពោះភាគីម្ខាងទៀត។
ក្រោយពីពេលដែលសិទ្ធិតំណាងបានរលត់ ប្រសិនបើភាគីម្ខាងទៀតបានធ្វើកិច្ចសន្យាជាមួយនឹងអ្នកដែលបង្ហាញខ្លួនថាជាអ្នកតំណាង ម្ចាស់សិទ្ធិត្រូវទទួលខុសត្រូវក្នុងការអនុវត្ដកិច្ចសន្យានោះចំពោះភាគីម្ខាងទៀត។ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលភាគីម្ខាងទៀតដឹងអំពីការរលត់នៃសិទ្ធិតំណាងនោះ ឬមិនដឹងអំពីការរលត់នោះដោយមានកំហុស។
ក្នុងករណីដែលម្ចាស់សិទ្ធិមិនបានប្រគល់សិទ្ធិតំណាងទៅអ្នកផ្សេង ប៉ុន្ដែ ម្ចាស់សិទ្ធិបានបង្ហាញដូចជាខ្លួនបានប្រគល់សិទ្ធិតំណាងនោះទៅឱ្យអ្នកផ្សេង ឬអនុញ្ញាតឱ្យអ្នកផ្សេងនោះបង្ហាញថាអ្នកនោះមានសិទ្ធិតំណាង ម្ចាស់សិទ្ធិត្រូវទទួលខុសត្រូវក្នុងការអនុវត្ដកិច្ចសន្យាចំពោះភាគីម្ខាងទៀត។ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលភាគីម្ខាងទៀតដឹងអំពីនត្ថិភាពនៃសិទ្ធិតំណាងនោះ ឬមិនដឹងអំពីនត្ថិភាពនោះដោយមានកំហុស។
អំពើតំណាងដែលមិនបង្ហាញច្បាស់លាស់
ក្នុងករណីដែលអ្នកតំណាងមានឆន្ទៈក្នុងការធ្វើសកម្មភាពចំពោះម្ចាស់សិទ្ធិ តែបានធ្វើកិច្ចសន្យានោះ ដោយមិនបង្ហាញថាធ្វើសម្រាប់ម្ចាស់សិទ្ធិទេ ភាគីម្ខាងទៀតអាចអះអាងថាកិច្ចសន្យាត្រូវបានបង្កើតឡើងជាមួយនឹងអ្នកតំណាងនោះបាន។ ប៉ុន្ដែ ប្រសិនបើភាគីម្ខាងទៀតបានដឹងនៅពេលបង្កើតកិច្ចសន្យាថា អ្នកតំណាងធ្វើកិច្ចសន្យានោះ សម្រាប់ម្ចាស់សិទ្ធិភាគីម្ខាងទៀតនោះអាចអះអាងអំពីការបង្កើតកិច្ចសន្យាតែជាមួយម្ចាស់សិទ្ធិប៉ុណ្ណោះ។
ប្រសិនបើភាគីម្ខាងទៀតបែរជាមិនដឹងអំពីអត្ថិភាពនៃម្ចាស់សិទ្ធិ ក្រោយពេលបង្កើតកិច្ចសន្យាជាមួយនឹងអ្នកតំណាងដែលបានធ្វើកិច្ចការ ដោយមិនបង្ហាញថាធ្វើសម្រាប់ម្ចាស់សិទ្ធិទេ ភាគីម្ខាងទៀតនោះអាចអះអាងការបង្កើតកិច្ចសន្យាជាមួយម្ចាស់សិទ្ធិបាន។
វិការៈនៃអំពើតំណាង
ក្នុងករណីដែលអានុភាពកិច្ចសន្យាដែលអ្នកបង្ហាញឆន្ទៈបង្កើត ត្រូវទទួលនូវឥទ្ធិពលដោយសារការភាន់ច្រឡំ ការឆបោក ការគម្រាមកំហែង ឬដោយសារមានកំហុសក្នុងការដឹង ឬមិនដឹងហេតុណាមួយ អត្ថិភាព ឬនត្ថិភាពនៃហេតុនោះ ត្រូវវិនិច្ឆ័យចំពោះអ្នកតំណាង។
ក្នុងការអនុវត្ដក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើម្ចាស់សិទ្ធិបានប្រគល់ឱ្យអ្នកតំណាងធ្វើកិច្ចសន្យាដែលត្រូវបានកំណត់ពិសេស ម្ចាស់សិទ្ធិមិនអាចអះអាងថាអ្នកតំណាងមិនបានដឹងនូវហេតុណាដែលម្ចាស់សិទ្ធិដឹងនោះបានឡើយ។ បញ្ញត្ដិនេះត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះហេតុដែលម្ចាស់សិទ្ធិមិនបានដឹងដោយមានកំហុស។
សមត្ថភាពនៃអ្នកតំណាង
ម្ចាស់សិទ្ធិក៏អាចប្រគល់សិទ្ធិតំណាងដល់ជនដែលត្រូវបានកម្រិតសកម្មភាពបានដែរ។ ក្នុងករណីនេះម្ចាស់សិទ្ធិមិនអាចលុបចោលនូវកិច្ចសន្យាដែលត្រូវបានធ្វើឡើងដោយអ្នកតំណាងដែលជាជនដែលត្រូវបានសម្រិតសមត្ថភាព ជាមួយនឹងភាគីម្ខាងទៀត ដោយយកមូលហេតុនៃការកម្រិតសមត្ថភាពរបស់អ្នកតំណាងនោះបានឡើយ។
សូមអរគុណ!

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment