ពាក្យបច្ចេកទេសច្បាប់ ដែលមានប្រើប្រាស់នៅក្នុងច្បាប់ភូមិបាល ២០០១ ។

ពាក្យបច្ចេកទេស នៅក្នុងច្បាប់ភូមិបាល ២០០១ ។

សទ្ទានុក្រម

កម្មសិទ្ធិ៖ សិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ ។ សិទ្ធិនេះរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផលនិងសិទ្ធិចាត់ចែងលើទ្រព្យ ។

កម្មសិទ្ធិករ៖ ម្ចាស់កម្មសិទ្ធិលើទ្រព្យ និង មានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យដែលជារបស់ខ្លួន ។

កតិកាភេទ៖ កិរិយាបដិសេធកិច្ចសន្យាណាមួយ ។

កាតព្វកិច្ច៖ ចំណងនៃសិទ្ធិដែលបង្ខំជនម្នាក់ឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិណាមួយឱ្យបំពេញនូវកិច្ចការណាមួយ ឬឱ្យឈប់បំពេញនូវកិច្ចការណាមួយដល់ជនម្នាក់ទៀត ។

ការជំរះមរតក៖ : កិរិយាធ្វើបញ្ជីទ្រព្យសម្បត្តិរបស់ខ្មោចអោយដឹងថានៅសល់ប៉ុន្មាន បាត់ប៉ុន្មានដើម្បីនឹងចែកគ្នារវាងទាយាទ និង ទាយាទ ។

ការ្យ៖ ផលអ្វីទាំងពួងដែលកើតមកពីស្នាដៃជាងឬស្នាដៃសិល្បករ ។ ឧទាហរណ៍៖ តុ ទូ ជាការ្យ របស់ជាង ឯប្រលោមលោកជាការ្យរបស់អ្នកនិពន្ធ ។

កើយ៖ រានហាលតូចគ្មានសរសរទ្រពីក្រោមទេតែមានបង្កាន់ដៃព័ទ្ធជុំវិញ ។

កូនបំណុល៖ ជនជំពាក់ប្រាក់ ឬជំពាក់កាតព្វកិច្ចគេ។

កំពែង៖ ស្នាមភ្លោះ របង ភ្លឺ ។

ចរន្តការ៖ ការកត់ត្រាទុកជាប្រចាំក្នុងឯកសារសុរិយោដីនូវរាល់ការប្រែប្រួល ឬការផ្លាស់ប្តូរដោយយោងតាមឯកសារគតិយុត្ត ។

ចារី៖ អ្នកប្រព្រឹត្ត អ្នកដៃដល់ ។

ច្បាប់៖ លិខិតបទដ្ឋានគតិយុត្តដែលអនុម័តដោយអង្គការនីតិបញ្ញត្តិ (សភា) និងចូលជាធរមានតាមរយៈ ព្រះរាជក្រមប្រកាសឱ្យប្រើ ។

ឆន្ទានិសិទ្ធិ៖ អំណាចដែលប្រគល់ដល់អាជ្ញាធរឱ្យរើសយកមធ្យោបាយណាមួយតាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ ។

ជនជាតិដើមភាគតិច៖ ជនជាតិខ្មែរដើម ។

តតិយជន៖ ជនទីបី ឬភាគីទីបីក្នុងរឿង ។ អ្នកដទៃ ឬអ្នកក្រៅ ។ ឧទាហរណ៍៖ អ្នកលក់ និងអ្នកទិញ ជាភាគីទី១ (មួយ) និងទី២ (ពីរ)។ អ្នកផ្សេងទៀតក្រៅពីអ្នកលក់ និងអ្នកទិញ ហៅថាតតិយជន ។

តីរឋាន៖ ការ្យដែលបានកសាងនៅក្នុងកំពង់ផែ ឬលើច្រាំងទន្លេ សម្រាប់នាវាចូលចត សម្រាប់អ្នកដំណើរឡើងចុះនាវា និងសំរាប់ផ្ទុកទំនិញ និងដាក់ទំនិញចុះ ។

តែងតាំង៖ ឱ្យមុខការ ឱ្យគុណភាព ផ្ដល់ឋានៈនាទី ។ ឧទារណ៍ ឈ្មោះ “ក” បានតែងតាំងឈ្មោះ “ខ” ជាទាយាទរបស់ខ្លួន ។

ថ្លោះសិទ្ធិ៖ ប្រាស់ចាកសិទ្ធិ បាត់បង់សិទ្ធិដោយហេតុទណ្ឌកម្ម ឬដោយហេតុមិនបានបំពេញលក្ខខណ្ឌដែលច្បាប់ឬកិច្ចសន្យាតម្រូវអោយបំពេញក្នុងរយៈពេលមានកំណត់ ។

ទាយាទ៖ អ្នកដែលច្បាប់តម្រូវអោយទទួលមរតកពីជនណាម្នាក់ ។ ឧទាហរណ៍៖ កូនជាទាយាទរបស់ឪពុក ម្តាយចៅជាទាយាទ របស់ជីដូន ជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស ។

ទ្រព្យសម្បត្តិសាធារណៈ៖ ទ្រព្យដែលត្រូវរក្សាឱ្យគង់រូបតាមធម្មជាតិរបស់វា ដើម្បីទុកឱ្យអ្នករួមសង្គមប្រើប្រាស់ ជាអង្វែងទៅដូចជា៖ ស្ពាន ថ្នល់ … ។ ល ។ ទ្រព្យទាំងអស់នេះស្ថិតនៅជាប្រយោជន៍សាធារណៈ មិនអាចលក់ ដូរ និងគ្មានកំណត់អាជ្ញាយុកាលទេ។

ទ្រព្យសម្បត្តិឯកជន៖ ទ្រព្យរបស់សង្គមដែលមិនសំរាប់ឱ្យជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទ ជាសម្បត្តិដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន ។

ធនលាភ៖ ផលដែលផ្តល់អោយមករាល់ឆ្នាំ ដូចជាការប្រាក់ ឈ្នួលដី ឈ្នួលផ្ទះជាដើម ។

ធម្មានុរូប៖ ដែលមានគុណភាពជាអ្វីមួយតាមច្បាប់ ។ ឧទាហរណ៍៖ ចៅហ្វាយស្រុកជាអាជ្ញាធរធម្មានុរូប ។ កូនដែលកើតពីឪពុក-ម្ដាយដែលមានខាន់ស្លា ហៅថាកូនធម្មានុរូប ឬកូនមានខាន់ស្លា ។

និទាយាទភាព៖ ភាពឥតអ្នកត្រូវទទួលមរតក ។

និទ្ទេស៖ សេចក្តីដែលចុះដោយសង្ខេបនៅលើរឹមទំព័រ ឬនៅខាងចុងទំព័រនៃលិខិតណាមួយ ។

និរាករណ៏៖ ការលុបចោលលែងឱ្យប្រើច្បាប់នោះតទៅទៀត ។

នីត្យានុកូល៖ ដែលកើតមកពីច្បាប់ ដែលច្បាប់តាក់តែងមក ។

នីតិបុគ្គល៖ ក្រុមមនុស្សដែលច្បាប់ទទួលស្គាល់ថាជាបុគ្គលដែរតែដទៃពីសមាជិកនៃខ្លួន។ ឧទាហរណ៍៖ ពុទ្ធិកសមាគមជានីតិបុគ្គល ក្រុមហ៊ុនធ្វើស្ករ ក៏ជានីតិបុគ្គលដែរ ។

នីតិបុគ្គលនៃនីតិសាធារណៈ៖ ក្រុមរាជការសាធារណៈ ។ ឧទារណ៍៖ រដ្ឋ ខេត្ត ឃុំ ឬគ្រឹះ៖ ស្ថានសាធារណៈ ដូចជាសកលវិទ្យាល័យជាដើម។

នីតិបុគ្គលនៃនីតិឯកជន៖ សមាគម ក្រុមហ៊ុន ក្រុមមូលនិធិ ។

នីតិវិធី៖ វិធីដែលតុលាការប្រើប្រាស់ ដើម្បីចាត់ចែងរឿងក្តីតាំងពីដើមរហូតដល់ចប់ ។

នីតិសម្បទា៖ សមត្ថភាពដែលច្បាប់បើកឱ្យជនម្នាក់ៗមានយ៉ាងគ្រប់គ្រាន់ដើម្បីធ្វើការអ្វីមួយ ។

បទបញ្ជ៖ លិខិតបទដ្ឋានដែលចេញដោយអង្គការ ឬអាជ្ញាធរមានសមត្ថកិច្ច ។

បទប្បញ្ញត្តិ៖ សេចក្តីបញ្ញត្តិរបស់ច្បាប់ ឬរបស់មាត្រាណាមួយនៃច្បាប់ ខសំខាន់របស់លិខិតក្នុងតុលាការ ។

បដិគាហក៖ អ្នកទទួលអំណោយ ។

បដិប្បញ្ញត្តិ៖ ការតាំងបញ្ញត្តិផ្ទុយ ឬមិនស្រប ។

ប័ណ្ណ៖ លិខិតដែលមានរូបមន្តយថាភូត ដែលមានរូបភាព និង ទម្រង់ត្រឹមត្រូវតាមច្បាប់) សម្រាប់បញ្ជាក់សិទ្ធិណាមួយ ។

ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬប្លង់ក្បាលដី៖ ប្លង់រួមនៃដីតំបន់ណាមួយដែលមន្ត្រីជំនាញសុរិយោដីបានវាស់វែង គូរបំពេញយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់តាមបទដ្ឋានបច្ចេកទេស ហើយដាក់លេខក្បាលដីឬដីឡូត៍យ៉ាងច្បាស់លាស់ ។

បន្ទុក/ភារៈ/ធុរ៖ មុខការ/ មុខងារ/ អាណត្តិ/ ប្រតិកម្មដែលជនណាម្នាក់ធ្វើ ឬបំពេញ ។

បាលិត៖ កូនកំព្រាជាអនីតិជនដែលស្ថិតនៅក្រោមអាណាព្យាបាលនៃជនម្នាក់។

បុព្វសិទ្ធិ៖ សិទ្ធិជាពិសេសដែលឱ្យដាច់ទៅលើមុខងារ ឬទៅលើក្រុមនីមួយៗ លើសពីអ្នកដទៃ ។

បុរិមា៖ សិទ្ធិដែលបើកអោយជនណាម្នាក់បានអ្វីមួយមុនជនឯទៀត។

បេតិកភណ្ឌ៖ ទ្រព្យដែលជនម្នាក់ៗមាន និងបំណុលដែលជនម្នាក់ៗ ជំពាក់គេ ។ ទាំងទ្រព្យ ទាំងបំណុលរបស់ជនម្នាក់ៗហៅថា ”បេតិកភណ្ឌ”

ប្រតិសិទ្ធ៖ អ្នកទទួលសិទ្ធបន្តពីគេដើម្បីប្រកបការរបស់ខ្លួនផង និង ជំនួសគេផង។

ប្រធានសក្ដិ៖ ព្រឹត្តិការណ៍ដែលកើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុនបាននិងមិនអាចជំនះបាន ។

ប្រទានកម្ម៖ ការអោយ-អំណោយ ។

ប្រាតិភោគភណ្ឌិក៖ ការយកទ្រព្យទៅធានាបំណុល ។ ឧទារណ៍៖ កាបញ្ចាំស្រែជាប្រាតិភោគភណ្ឌិកអចលនវត្ថុ ។ ការបញ្ចាំខ្សែមាសជាប្រាតិភោគភណ្ឌិកចលនវត្ថុ ។ ( ក្រមរដ្ឋប្បវេណីចាស់ប្រើប្រាតិភោគប្រត្យក្ស)

ផលទុន៖ ផល ឬ ចំណេញដែលកើតមកពីប្រាក់ទុន ឬពីមូលនិធិដែលគេយកទៅប្រកបមុខរបរណាមួយ ។

ផលធម្មជាតិ៖ ផលិតផលដែលកើតអំពីដីធ្លី ឬកូនសត្វស្រុកដែលកើតពីមេបាវា ។

ផលស៊ីវិល៖ ប្រាក់ដែលបានមកពីវត្ថុ ឬពីប្រាក់ដូចជាការប្រាក់ ឬឈ្នួលផ្ទះជាដើម ។

ផលុបភោគ៖ សិទ្ធិបរិភោគ នឹងប្រើប្រាស់ផល និងផលទុនដែលកើតមកពីទ្រព្យជាកម្មសិទ្ធិរបស់អ្នកដទៃ ។

ផលុបភោគី៖ អ្នកបាននូវផលុបភោគ អ្នកស៊ីផល ។

ព្យសនកម្ម៖ ការខូចខាត ឬសេចក្ដីវិនាសអន្តរាយដល់រូបកាយក្តី ដល់សំភារៈក្តី ដល់ទឹកចិត្តក្តី ដែលបណ្ដាលមកពីអំពើរបស់អ្នកដទៃ ។

ព្រឹត្តិការណ៏៖ អ្វីៗ ដែលកើតមានឡើង ឬដែលប្រព្រឹត្តទៅ ។

ភតិសន្យាបតី៖ ម្ចាស់អចលនវត្ថុដែលដាក់អចលនវត្ថុជួលឱ្យអ្នកដទៃ ។

ភាគី៖ គូក្តី គូសញ្ញា ជនម្ខាងៗ នៃកិច្ចសន្យា ។

ភោគៈ៖ សិទ្ធិដែលជនម្នាក់ៗមានលើទ្រព្យណាមួយជាបណ្តោះអាសន្នមិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនទេ ។ ភោគៈ ” ជាពាក្យផ្ទុយនឹងកម្មសិទ្ធិដែលជាសិទ្ធិពេញបរិបូណ៍របស់ជនម្នាក់ៗ លីទ្រព្យណាមួយ ។ ឧទារណ៍៖ ដីមានប្លង់សុរិយោដី ជាដីកម្មសិទ្ធិ ឯដីមិនទាន់មានប្លង់សុរិយោដី គឺជាដីភោគៈ ។

ភោគី៖ អ្នកទទួលបានភោគៈ ។

មធ្យោបាយ៖ អ្វីដែលជាគ្រឿងសំរាប់យកទៅដោះស្រាយកិច្ចការ ឬ បញ្ហាណាមួយ ។

មាតិកា៖ មេសេចក្តី ដើមសេចក្តី ចំណែកធំៗ នៃច្បាប់ ។ អត្ថបទច្បាប់ចែកចេញជាគម្ពី គន្ធីចែកចេញជាមាតិកា មាតិកាចែកចេញជាជំពូក ជំពូកនិមួយៗចែកចេញជាផ្នែក ។

យថាហេតុ៖ ហេតុដែលពឹងផ្អែកទៅលើព្រឹត្តិការណ៍ណាមួយ គឺថាបើព្រឹត្តិការណ៍នោះកើតឡើងយ៉ាងណា ហេតុនោះ ក៏ត្រូវធ្វើយ៉ាងនោះដែរ ។

យ៉៖ ចំណែកផ្ទះដែលចេញពីជញ្ជាំងទៅខាងមុខ ។

រូបមន្ត៖ ការងារដែលត្រូវបំពេញអោយមានរូបតាមច្បាប់កំណត់ ។

រូបវន្តបុគ្គល៖ បុគ្គលដែលមានរូបមែនៗ គឺមនុស្សមែន ៗ
ផ្ទុយនឹងនីតិបុគ្គលដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់ ។

លេខាចារឹក៖ ការកត់ត្រារឿងហេតុអ្វីមួយចូលក្នុងសៀវភៅ
ឬបញ្ជីតាមរូបមន្តដែលបានកំណត់ដើម្បីគ្រប់គ្រងអចលនវត្ថុ ឱ្យបានត្រឹមត្រូវតាមច្បាប់ ។

លក្ខខណ្ឌ៖ គុណភាពដែលត្រូវមាន ឬខដែលត្រូវបំពេញអោយគ្រប់ចំនួនដើម្បីឱ្យបានសម្រេចបំណងណាមួយ ។

លក្ខណៈ៖ ភិនភាគ ឫកពារ កិរិយា បែបបទ ។

លទ្ធកម្ម៖ ការបានឡើងជាភោគី ឬជាកម្មសិទ្ធិករនៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្តី ដោយទិញក្តីដោយដូរក្តី ដោយសន្តតិកម្មក្តី ។

លិខិតយថាភូត៖ លិខិតធ្វើតាមរូបមន្តនៃច្បាប់ ដូចជាលិខិតបញ្ជាក់ជាដើម ។

វិធាន៖ មូលសាស្ត្រ ច្បាប់ បន្ទាត់ ។

វិធានការ៖ មធ្យោបាយ សេចក្តីប្រយ័ត្ន របៀបចាត់ចែងឡើងដើម្បីបង្ការ ឬទប់ទល់នឹងអ្វីមួយ ។

វិការៈអាថ៌កំបាំង៖ គុណវិបត្តិ ឬការខូចខាតនៃវត្ថុអ្វីមួយដែលបានលក់ហើយដែលគេពិនិត្យមើលលើកដំបូងទៅគ្មានឃើញថាវត្ថុនោះខូចខាតទេ ប៉ុន្តែពេលយកវត្ថុនោះទៅប្រើប្រាស់ ប្រើពុំកើតឡើយ។

សន្តតិកម្ម៖ ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់អោយទៅអ្នករស់ ។មតិកម្មទ្រព្យរបស់ខ្មោចដែលត្រូវបានទៅទាយាទ (អ្នកបន្តមត៌ក) ។

សៀវភៅគោលបញ្ជីដី៖ បញ្ជីគោលសំរាប់កត់ត្រានូវខ្លឹមសារនៃទិន្នន័យដែលបង្កើតជាស្ថានភាពនៃសិទ្ធិទាក់ទងទៅនឹងទ្រព្យណាមួយ ។ ទាក់ទងនឹងស្ថានភាពនេះ ជាទូទៅត្រូវបានកាន់កាប់ និង ធ្វើចរន្តការតាមលំដាប់ពេលវេលា ។

សំរង់សុរិយោដី៖ សេចក្តីដកស្រង់នូវទិន្នន័យពាក់ព័ន្ធនឹងបច្ចេកទេស និង គតិយុត្តក្នុងវិស័យសុរិយោដី ពីស្ថានភាពជាក់ស្តែងលើដី
យកមកកសាងជាឯកសារសុរិយោដីដើម្បីធានាសិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ ។

សម្បទាន៖ អចលនវត្ថុ (ដីធ្លី) ដែលរដ្ឋផ្តល់អោយរូបវន្តបុគ្គល ឬ នីតិបុគ្គល សំរាប់សង់លំនៅឋាន ឬ និង បង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងទំហំដីតូច ពិសេសសំរាប់ ប្រជាពលរដ្ឋក្រីក (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម ) ឬសំរាប់ធ្វើការដាំដុះធ្វើអាជីវកម្មកសិឧស្សាហកម្មក្នុងទំហំដីធំទូលាយពិសេសសំរាប់អ្នកវិនិយោគទុន(សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច) តាមរយៈ កិច្ចសន្យាផ្តល់សម្បទានដោយត្រូវបង់ប្រាក់ជូនរដ្ឋ ។

សម្បទានិក៖ អ្នកទទួលបានសម្បទាន។

សមាមាត៖ ការ ឬរបស់អ្វីមួយដែលសម ដែលល្មមនឹងការឬនឹងរបស់មួយទៀត ។ ឧទារណ៍៖ ទណ្ឌកម្មដែលតុលាការបានផ្តន្ទានេះមានសមាមាត្រនឹងអំពើ ដែលជននោះបានប្រព្រឹត្តហើយ គឺថាសមរម្យនឹងអំពើនោះហើយ ។

សមូហភាព៖ ជនទាំងឡាយដែលមករួមគ្នាជាក្រុម ឬជាសម្ព័ន្ធមួយ ។ មនុស្សទាំងអស់ក្នុងឃុំ ឬក្នុងស្រុកឬក្នុងក្រុងណាមួយហៅថាសមូហភាព ។

សហកម្មសិទ្ធិ៖ កម្មសិទ្ធិតែមួយជារបស់ប្រជាជនច្រើននាក់ ។ ឧទារណ៍៖ ជនច្រើននាក់រួបរួមគ្នាទិញរថយន្តមួយ ។រថយន្តនោះជាសហកម្មសិទ្ធិរបស់ជនទាំងឡាយដែលទិញនោះ ។

សហកម្មសិទ្ធិករ៖ អ្នកដែលមានសហកម្មសិទ្ធិ ។

សហគមន៍៖ អ្វីៗ ដែលជនទាំងឡាយយកមករួមគ្នា ។ ទ្រព្យសហគមន៍ គឺទ្រព្យដែលប្ដី-ប្រពន្ធរកបានជាមួយគ្នា។

សហទាយាទ៖ អ្នកដែលត្រូវចូលរួមក្នុងការចែកមត៌កណាមួយ ។

សហព័ទ្ធ៖ ប្តី ឬប្រពន្ធ ឬ ទាំងប្ដីទាំងប្រពន្ធ ។

ស្ថាពរ៖ មាំមួន ជាប់រហូត ។ ឧទារណ៍៖ សាលក្រមជាស្ថាពរគឺសាលក្រមដែលកាត់សេចក្ដីជាស្រេចដាច់ខាតមិនត្រូវរុះរើទៀតទេ គឺថា គូក្ដីមិនអាចប្តឹងឧទ្ធរណ៍ ប្តឹងសារទុក្ខបានឡើយ។

សិទ្ធិវន្ត៖ អ្នកមានសិទ្ធិលើវត្ថុណាមួយ ។

សិល្បៈការ្យ ឬ ការ្យសិល្បៈ៖​ សំណង់ធំៗ មានសារៈសំខាន់ ធ្វើអំពីដែក ឬ/និង ស៊ីម៉ងត៏ ដូចជា ស្ពាន អង់តែនវិទ្យុ-ទូរទស្សន៍ ផ្លូវរូងក្នុងដីឬភ្នំ ។

សេវភាព៖ បន្ទុកដែលផ្ទុកលើអចលនវត្ថុមួយ(ដីបំរើ ឬ ដីក្រោម) ដើម្បីជាប្រយោជន៍ដល់អចលនវត្ថុមួយទៀត (ដីប្រើ ឬ ដីលើ) ដែលជារបស់កម្មសិទ្ធិករផ្សេងទៀត ។ ឧទារណ៍៖ ស្រែក្រោមមានសេវភាពខាងទទួលទឹកពីស្រែលើ ។ ស្រែក្រោមហៅថាស្រែបំរើ ហើយស្រែលើហៅថាស្រែប្រើ ។

ហិតូបត្ថម្ភកៈ៖ ជនដែលច្បាប់ចាត់ឱ្យឃុំគ្រងទ្រព្យរបស់អនីតិជន ឬទ្រព្យរបស់ជនខ្ចីល្ងើជាដើម ។

អច្ច័យទាន៖ សំបុត្របណ្តាំដែលផ្តាំឱ្យចែកទ្រព្យមត៌កណាមួយឱ្យទៅជនណាម្នាក់ ឬច្រើននាក់ ។

អឌ្ឍសិទ្ធិ៖ ដែលមានសិទ្ធិពាក់កណ្ដាលម្នាក់ ដែលជារបស់ជនពីរនាក់ និងជាព្រំនៃកម្មសិទ្ធិនៃជនទាំងពីរនាក់នោះផង។ ឧទា ជញ្ជាំងអឌ្ឍសិទ្ធិ គឺជញ្ជាំងរបស់ជនពីរនាក់ដែលមានផ្ទះជាប់គ្នា ។

អឌ្ឍសិទ្ធិភាព៖ ភាពដែលជាអឌ្ឍសិទ្ធិ ។

អត្តសញ្ញាណ៖ សញ្ញាទាំងអស់នៃជនម្នាក់ៗ ដែលជាគ្រឿងសម្គាល់កុំឱ្យភាន់ច្រឡំ នឹងជនម្នាក់ទៀត ។

អត្តាធិនភាព៖ ការបើកឱ្យក្មេងដែលនៅក្នុងអនីតិភាពនៅឡើយគ្រប់គ្រងខ្លួន និងទ្រព្យសម្បត្តិខ្លួនដោយខ្លួនឯង ។

អត្ថគាហក៖ អ្នកដែលបានចំណេញ ឬបានកម្រៃពីវត្ថុណាមួយ ពីគុណប្រយោជន៍អ្វីមួយ ឬពីឯកសិទ្ធិណាមួយ ។

អនុបយោគ៖ ការលែងប្រើតាមការចាត់ការលុបនូវគម្យស្ថាននៃអគារសាធារណៈ ។ នៅទីនេះច្បាប់អនុបយោគជាច្បាប់ដែលរំសាយពីប្រភេទទ្រព្យសម្បត្តិមួយទៅប្រភេទទ្រព្យសម្បត្តិមួយទៀត ដូចជារំសាយពីទ្រព្យសម្បត្តិសាធារណៈ មកជាសម្បត្តិឯកជនរបស់រដ្ឋជាដើម ។

អាណាព្យាបាល៖ បុគ្គលដែលមានភារកិច្ចតំណាងឱ្យអនីតិជន ។

អវយវភេទ៖ ការបាក់បែកអវយវៈ ។ ក្នុងច្បាប់ អវយវភេទបានន័យថា ការផ្ទេរសិទ្ធិខ្លះរបស់ខ្លួនលើកម្មសិទ្ធិណាមួយឱ្យទៅអ្នកដទៃ ។

អវិភាគកម្ម៖ ភាពដែលចែកគ្នាមិនបាន ។ ឧទារណ៍៖ ផ្ទះមួយជាមរតករបស់កូន ៥នាក់ ពុះផ្ទះនោះចែកគ្នា ផ្ទះនោះនឹងអន្តរាយជាមិនខាន ។ ដូច្នេះផ្ទះនេះជាមរតកអវិភាគ ។

អសារកម្មសិទ្ធិ៖ កម្មសិទ្ធិដែលឥតឱ្យផលដល់ម្ចាស់កម្មសិទ្ធិទេ ដោយហេតុថា ម្ចាស់កម្មសិទ្ធិនោះ ឱ្យសិទ្ធិខ្លួនទៅ អ្នកដទៃស៊ីផលនៃកម្មសិទ្ធិនេះទាំងអស់ ។

អាជ្ញាធរ៖ អ្នកទ្រទ្រង់អំណាច អ្នករាជការដែលកាន់អំណាច ។

អាជ្ញាយុកាល៖ មធ្យោបាយម្យ៉ាងសម្រាប់ដោះខ្លួនឱ្យរួចផុតពីកាតព្វកិច្ចណាមួយ កាលណាបើម្ចាស់កាតព្វកិច្ចនោះបណ្ដែតបណ្ដោយឱ្យជំពាក់យូរពេកមិនទារ ។

ឧបាគមន៍៖ អំពើដែលឈានទៅដល់ ការឈានទៅទទួលបាន ( ក្រមរដ្ឋប្បវេណីចាស់ប្រើ សិទ្ធិដំណុះ ) ។

សូមអរគុណ!

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

សព្វទានំ ធម្មទានំ ជិនាតិ
Sharing knowledge is the most worthwhile endeavor of all.

-ព្រះពុទ្ធ-

Leave a comment