
ការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងវិស័យឯកជនអំពីចេញសេចក្ដីជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់សេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលការបញ្ជាក់អត្តសញ្ញាណបុគ្គលនិងការបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ចាប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ លើសេវាដូចខាងក្រោម៖
- ផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាល់ប្ដូរទិន្នន័យកម្ពុជា CamDX ។
- បញ្ជាក់អត្តសញ្ញាណបុគ្គល។ និង
- បញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។
អំពីថ្លៃសេវារដ្ឋបាល
ចំពោះថ្លៃសេវារដ្ឋបាលត្រូវអនុវត្តតាមខ្លឹមសារប្រកាសអន្តរក្រសួងលេខ៦០១ សហវ.ប្រក.អទច ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតលេខ៣៥៧ សជណ.ហធ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
អំពីការដាក់ពាក្យស្នើសុំសេវា
សម្រាប់សេវាផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់ក្រសួង ស្ថាប័នទាំងអស់ដែលមានបំណងប្រើប្រាស់សេវាខាងលើ សូមដាក់ ពាក្យស្នើសុំប្រើប្រាស់សេវា ដោយភ្ជាប់ជាមួយព័ត៌មានបច្ចេកទេសមួយចំនួនដើម្បីតភ្ជាប់ប្រព័ន្ធ ស្របតាមខ្លឹមសារ ប្រកាសលេខ៣៩២២ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ ដោយឡែក សម្រាប់ក្រសួង និងស្ថាប័នដែលកំពុងប្រើប្រាស់សេវាខាងលើ សូមរួសរាន់បំពេញបែបបទស្នើសុំឡើងវិញ ដោយអនុលោមតាម បទដ្ឋានបច្ចេកទេសដែលបានកំណត់ ដូចមានចែងក្នុងប្រកាសលេខ៣៩២២ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដើម្បីចៀសវាងការផ្អាកសេវាដោយមូលហេតុផ្សេងៗ។
អំពីការប្រើប្រាស់
អាចប្រើប្រាស់ ក្នុងគោលបំណងផ្សេងៗដូចជា៖
- ការចុះឈ្មោះចូលរៀន ។
- ការបំពេញបែបបទចូលបម្រើការងារ ។
- ការចុះបញ្ជីអចលនវត្ថុ ។
- ការចុះបញ្ជីយានយន្ត ។
- ការបើកគណនីធនាគារ ។
- ការចុះបញ្ជីពាណិជ្ជកម្ម ។
- ការចុះកិច្ចសន្យា ។ ឬ
- ការប្រើប្រាស់សេវា រដ្ឋបាលផ្សេងទៀត លើកលែងតែមានប្បញ្ញត្តិដោយឡែក។
អំពីគំរូលិខិត៖
លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល។

លិខិតបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។

យោង៖ សេចក្ដីជូនដំណឹងលេខ១៣៧៣សជណ ស្ដីអំពីការដាក់ឱ្យប្រើប្រាស់សេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលការបញ្ជាក់អត្តសញ្ញាណបុគ្គល និងការបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-Buddha-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment