
១. ការងារដី៖ សំដៅដល់ការងារកែប្រែរចនាសម្ព័ន្ធដីដែលបម្រើដល់ការងារសាងសង់ មានជាអាទិ៍ការងារឈូសឆាយដី ការងារជីកដី ការងារចាកបំពេញដី ការងារបង្ហាប់ដី ការងារពង្រឹងគុណភាពដី។
២. ការងារដំឡើង៖ សំដៅដល់ការងារដំឡើងផលិតផលសំណង់ ឬការងារបំពាក់បរិក្ខារសំណង់ភ្ជាប់ទៅនឹងផ្នែកនៃសំណង់ មានជាអាទិ៍គ្រឿងផ្គុំសំណង់ ជញ្ជាំង ដំបូលនៃសំណង់សម្រាប់ការប្រើប្រាស់ជាបណ្ដោះអាសន្ន ឬជាប់លាប់។
៣. ការងារសាងសង់សំណង់ថ្មី៖ សំដៅសល់ការងារសាងសង់ដែលចាប់ផ្ដើមពីការងារដី ឬការងារគ្រឹះការងារគ្រឿងផ្គុំ ការងារជញ្ជាំង ការងារដំឡើងរហូតដល់ការងារបង្ហើយដើម្បីបង្កើតសំណង់ថ្មីមួយ។
៤. គ្រឿងផ្គុំសំណង់៖ សំដៅដល់រចនាសម្ព័ន្ធរបស់សំណង់ មានជាអាទិ៍គ្រឹះ សសរ ធ្នឹម កម្រាលខណ្ឌ ជណ្ដើរ ជញ្ជាំងទ្របន្ទុក គ្រឿងផ្គុំដំបូល និងគ្រឿងផ្គុំផ្សេងទៀតដែលមានមុខងារទ្របន្ទុក។
៥.ជញ្ជាំងទប់ដី៖ សំដៅដល់សំណង់ ឬសិល្បការ ដែលសាងសង់សម្រាប់ទប់ការរអិលដី ការបាក់ដី ឬសម្ពាធដីផ្សេងទៀត និងដែលមិនមែនជាផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬសំណង់ការងារទឹក។
៦. ឋបនីយភណ្ឌ៖ សំដៅដល់គ្រឿងផ្គុំ ឬគ្រឿងឧបករណ៍ សម្ភារៈ បរិក្ខារដែលតម្កល់ទុកវត្ថុ ឬផលិតផលគ្រឿងឆេះដែលអាចបង្កអគ្គិសភ័យផ្សេងៗជាយថាហេតុ និងដែលត្រូវទុកដាក់ឱ្យបានល្អ។
៧. ផ្ទៃក្រឡាកម្រាលសំណង់៖ សំដៅដល់ផ្ទៃក្រឡាកម្រាលសំណង់ដែលធ្វើការសាងសង់។
៨.មន្ត្រីមានសមត្ថកិច្ច៖ សំដៅដល់អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
៩. មុខងារសមាសភាគសំណង់៖ សំដៅដល់មុខងារទាំងឡាយនៃផ្នែកនីមួយៗរបស់សំណង់ដែលផ្សំគ្នាសម្រាប់បង្កើតមុខងារប្រើប្រាស់សំណង់។
១០. យន្តការច្រកចេញចូលតែមួយ៖ សំដៅសល់ច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
១១. លិខិតបញ្ជាក់អនុលោមភាព៖ សំដៅដល់លិខិតចេញដោយអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ដើម្បីបញ្ជាក់អំពីអនុលោមភាពនៃសំណង់ ឬការងារសំណង់តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត។
១២. វិញ្ញាបនបត្រប្រើប្រាស់សំណង់៖ សំដៅដល់លិខិតអនុញ្ញាតផ្ដល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ដើម្បីប្រើប្រាស់ ជួល ឬធ្វើអាជីវកម្មលើសំណង់នោះបាន។
១៣. សលាកបត្រក្បាលដី៖ សំដៅដល់ឯកសារផ្ដល់ដោយរដ្ឋបាលសុរិយោដី ដែលមានបង្ហាញកម្មសិទ្ធិករនៃដី ទីតាំងនៃដី និយាមកាចំណុចព្រំដី និងទំហំនៃដី។
១៤. សៀវភៅបន្ទុក៖ សំដៅដល់កម្រងឯកសារបច្ចេកទេសសម្រាប់បម្រើដល់ការអនុវត្តការងារសាងសង់ ឬរុះរើ មានជាអាទិ៍ផែនការការងារ សេចក្ដីណែនាំបច្ចេកទេស វិធីសាស្ត្រ និងឯកសារបច្ចេកទេសដទៃទៀត។
១៥. សំណង់បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ៖ សំដៅដល់សំណង់ជាកេរដំណែលបន្សល់ទុកពីមនុស្សជំនាន់មុនដែលមានចរិតវិទ្យាសាស្ត្រ វប្បធម៌ ប្រវត្តិសាស្ត្រ បុរាណវិទ្យា សិល្បៈ សាសនា ដែលឆ្លុះបញ្ចាំងពីដំណាក់កាលនៃការវិវត្តរបស់អរិយធម៌ និងដែលបានចុះបញ្ជីសារពើភណ្ឌ បេតិកភណ្ឌស្របតាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌។
១៦. សំណង់មិនមែនអគារ៖ សំដៅដល់សំណង់ដែលសាងសង់ឡើងភ្ជាប់នឹងដី ឬអចលនវត្ថុដទៃទៀតសម្រាប់ទ្របន្ទុកដែលត្រូវបានសិក្សាឡើងមិនមែនសម្រាប់មនុស្សស្នាក់នៅ ឬប្រើប្រាស់ជានិរន្តរ៍មានជាអាទិ៍បង្គោលអង់តែនទូរសព្ទ បង្គោលអង់តែនស្ថានីយវិទ្យុ ឬទូរទស្សន៍ សំណង់ពាក់ព័ន្ធ នឹងការគ្រប់គ្រងសកម្មភាពផ្នែកដោយស្ទ្រីម បង្គោលអគ្គិសនី ដងទង់ ប៉ម ខ្លោងទ្វារ អាងស្តុកទឹក ខ្ពស់ពីដី ស្ដូប បដិមា កន្ត្រកវិល។
១៧. សំណង់លំនៅឋាន៖ សំដៅដល់សំណង់ដែលមានមុខងារប្រើប្រាស់ជាទីលំនៅអចិន្ត្រៃយ៍ ។
១៨. អគារ៖ សំដៅដល់សំណង់ដែលសាងសង់ឡើងភ្ជាប់នឹងដីសម្រាប់ទ្របន្ទុកដែលត្រូវបានសិក្សាឡើងសម្រាប់មនុស្សស្នាក់នៅ ឬប្រើប្រាស់ជានិរន្តរ៍ មានជាអាទិ៍សំណង់លំនៅឋាន សណ្ឋាគារ អគារការិយាល័យ មន្ទីរពេទ្យ អគារសិក្សា បណ្ណាល័យ រោងភាពយន្ត សារមន្ទ្រី សាលមហោស្រព ផ្សារ រោងចក្រ ស្ថានីយអ្នកដំណើរ។
១៩. អាជ្ញាធរមានសមត្ថកិច្ច៖ សំដៅសល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២០. ឯកសារបច្ចេកទេស៖ សំដៅដល់គម្រោងប្លង់ស្ថាបត្រកម្ម គម្រោងប្លង់គ្រឿងផ្គុំសំណង់ គម្រោងប្លង់រុះរើ គម្រោងប្លង់ប្រព័ន្ធមេកានិក អគ្គិសនី ឬទឹក លិខិតបញ្ជាក់អនុលោមភាព វិញ្ញាបនបត្រប្រើប្រាស់សំណង់ ឯកសារសិក្សាភូគព្ភសាស្ត្រ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឯកសារសិក្សាសមិទ្ធិលទ្ធកម្ម សៀវភៅបន្ទុកនៃការងារសាងសង់ និងគម្រោងប្លង់បច្ចេកទេសដទៃទៀត។
អនុក្រឹត្យលេខ២២៤ អនក្រ.បក ស្ដីពីលិខិតអនុញ្ញាតសាងសង់ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
សព្វទានំ ធម្មទានំ ជិនាតិ
ព្រះពុទ្ធ

Leave a comment