
១. តំណាងស្របច្បាប់របស់ក្រុមហ៊ុន៖ សំដៅដល់អគ្គនាយកក្រុមហ៊ុន នាយកក្រុមហ៊ុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឬអភិបាលក្រុមហ៊ុនដែលមានគោត្តនាមនិងនាមត្រូវបានចែងនៅក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន។
២. វិញ្ញាបនបត្រធានារ៉ាប់រង៖ សំដៅដល់លិខិតផ្ដល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈ ឬប្រកបអាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់។
៣. វិញ្ញាបនបត្រប្រើប្រាស់សំណង់៖ សំដៅដល់លិខិតអនុញ្ញាតផ្ដល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ ដើម្បីប្រើប្រាស់ ជួល ឬធ្វើអាជីវកម្មលើសំណង់នោះបាន។
៤. វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីនៅគណៈវិជ្ជាជីវៈ៖ សំដៅដល់វិញ្ញាបនបត្រស្ថាបត្យករចុះបញ្ជីវិញ្ញាបនបត្រស្ថាបត្យករ គ.ស.ក. Certifacate of Registration as an Asean ARCHITECT (វិញ្ញាបនបត្រចុះបញ្ជីជាស្ថាបត្យករអាស៊ាន) វិញ្ញាបនបត្រស្ថាបត្យករបរទេសចុះបញ្ជីវិញ្ញាបនបត្រចុះបញ្ជីវិស្វករបរទេស និងវិញ្ញាបនបត្រចុះបញ្ជីវិស្វករអាជីពឆ្នើមបរទេស។
៥. អាជ្ញាបណ្ណ៖ សំដៅសល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់។
៦. អ្នកកាន់អាជ្ញាបណ្ណ៖ សំដៅដល់អ្នកវិជ្ញាជីវៈ ឬក្រុមហ៊ុនដែលបានទទួលសិទ្ធិផ្ដល់ដោយអាជ្ញាបណ្ណ និងដែលមានគោត្តនាមនិងនាម ឬនាមករណ៍នៅលើអាជ្ញាបណ្ណ។
៧. អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់៖ សំដៅដល់ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ផ្ដល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់។
៨. អ្នកវិជ្ជាជីវៈ៖ សំដៅដល់ស្ថាបត្យករ និងវិស្វករដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងនាយកបច្ចេកទេស ឬអ្នកបច្ចេកទេសនៃក្រុមហ៊ុនដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ។
៩. ឯកសារបញ្ជាក់បទពិសោធន៍ការងារ៖ សំដៅដល់កិច្ចសន្យាការងារ លិខិតបញ្ជាក់ ឬឯកសារដទៃទៀតដែលផ្ដល់ព័ត៌មានអំពីការងារដែលអ្នកវិជ្ជាជីវៈធ្លាប់បានបំពេញកន្លងមក មានជាអាទិ៍មុខជំនាញ រយៈពេល ទីកន្លែង អត្តសញ្ញាណរបស់និយោជក។
១០. ឯកសារបញ្ជាក់សិទ្ធិស្នាក់នៅរយៈពេលវែង៖ សំដៅដល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅបណ្ដោះអាសន្នយ៉ាងតិច១២ (ដប់ពីរ) ខែ សម្រាប់ផ្ដល់ចំពោះជនបរទេសមិនមែនអន្តោប្រវេសន្តជាពាណិជ្ជកររួមមានទិដ្ឋាការប្រភេទ E1EX E2EX E3EX EB ជនបរទេសមិនមែនអន្តោប្រវេសសន្ត ជាអ្នកបច្ចេកទេសជំនាញរួមមានទិដ្ឋាការប្រភេទ ET និងជនបរទេសមិនមែនអន្តោប្រវេសសន្ត ជានិស្សិតរួមមានទិដ្ឋាការប្រទេភ ES។
ប្រកាសលេខ ០៣៣ ដ.ន.ស./ប្រ.ក.នី.ក ស្ដីពីបែបបទនិងបរិបថនៃការផ្ដល់អាជ្ញាបណ្ណ ការផ្ដល់សន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-

Leave a comment