ការចរចា-Negotiation (១) ការផ្សះផ្សា ឬសម្របសម្រួល-Conciliation or mediation (២) មជ្ឈត្តកម្ម ឬអាជ្ញាកណ្ដាល-Arbitration (៣) ។

ការចរចា (Negotiation)

ការចរចា (Negotiation)៖ ជាទម្រង់ដ៏សាមញ្ញបំផុតនៃដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ការចរចា អាចធ្វើឡើងដោយផ្ទាល់រវាងភាគីវិវាទ ឬតាមរយៈអ្នកតំណាងរបស់ភាគីវិវាទ។ ភាគីលើកសំណើដំណោះស្រាយជាមួយគ្នាទៅវិញទៅមករហូតដល់សម្រេចបាននូវការព្រមព្រៀងគ្នាលើសំណើដំណោះស្រាយណាមួយដែលនាំឱ្យឈានដល់ការបញ្ចប់វិវាទ។ ជាទូទៅការចរចានេះ គឺជាជម្រើសដំបូងដ៏ល្អបំផុត និងវិធីសាស្ត្រដែលមានការពេញនិយមបំផុត ដោយសារជាវិធីសាស្ត្រដែលលឿន ហើយភាគីគ្រប់គ្រាងបាននូវការសម្ងាត់របស់ភាគី។ ជាធម្មតាមុននឹងសម្រេចប្ដឹងផ្ដល់គ្នាទៅយន្តការផ្សេងៗសម្រាប់វិនិច្ឆ័យកាត់ក្ដី ភាគច្រើនភាគីតែងព្យាយាមសាកល្បងចរចាគ្នាជាមុនសិន ទោះដោយផ្ទាល់ក្ដី ទោះតាមរយៈអ្នកតំណាងក្ដី។

ការផ្សះផ្សា (conciliation) ឬការសម្រុះសម្រួល (mediation)

ការផ្សះផ្សា (conciliation) ឬការសម្រុះសម្រួល (mediation)៖ ជាវិធីសាស្ត្រក្នុងការដោះស្រាយវិវាទតាមរយៈការចរចាគ្នា ដោយមានជំនួយពីភាគីទី៣ ដែលត្រូវតែមានភាពអព្យាក្រឹតចំពោះភាគីទាំងសងខាង។ ភាគីទី៣ ដែលជាអ្នកគ្រប់គ្រងដំណើរការផ្សះផ្សារ ឬសម្រុះសម្រួលវិវាទ មិនមានសិទ្ធិអំណាចចាប់បង្ខំឱ្យភាគីឱ្យភាគីវិវាទទទួលយកនូវដំណោះស្រាយណាមួយនោះទេ។ រាល់ការសម្រេចនៅតែជាសិទ្ធិអំណាចរបស់ភាគីវិវាទ។ ភាគីទី៣ ជាអ្នកសម្របសម្រួលឱ្យភាគីវិវាទជួបជជែកចរចាគ្នា ហើយភាគីទី៣ អាចមានតួនាទីសកម្ម ឬមិនសូវសកម្ម អាស្រ័យទៅលើថាតើវិធីសាស្ត្រនៃការដោះស្រាយនោះជាការផ្សះផ្សាវិវាទឬជាសម្រុះសម្រួលវិវាទ។ ប៉ុន្តែលើការជាកស្ដែងពាក្យការផ្សះផ្សា និងការសម្រុះស្រួលនេះត្រូវបានប្រើឡាយឡំគ្នា ទាំងក្នុងក្របខ័ណ្ឌច្បាប់ ទាំងក្នុងការអនុវត្តជាក់ស្ដែង។

មជ្ឈត្តកម្ម ឬអាជ្ញាកណ្ដាល (Arbitration)

មជ្ឈត្តកម្ម ឬអាជ្ញាកណ្ដាល (Arbitration)៖ គឺជាកិច្ចដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយប្រភេទ ដែលធ្វើឡើងដោយភាគីទីបីជាអ្នកអព្យាក្រឹត (មជ្ឈត្តករ ឬអាជ្ញាកណ្ដាល) ដែលមានសិទ្ធិសម្រេច និងវិនិច្ឆ័យរកខុសត្រូវចំពោះវិវាទ (ការកាត់ក្ដី) បន្ទាប់ពីបានពិនិត្យអង្គហេតុ អង្គច្បាប់ ភស្តុតាង និងស្ដាប់ការជជែកវែកញែកពីភាគីវិវាទរួចមក។ មជ្ឈត្តកម្ម ឬអាជ្ញាកណ្ដាល នេះ តែងត្រូវបានប្រើប្រាស់សម្រាប់វិវាទដែលមានលក្ខណៈស្មុគស្មាញ ជាអាទិ៍ វិវាទការងាររួម និងវិវាទពាណិជ្ជកម្ម ជាដើម។

សម្រាប់អត្ថបទពេញសូមទាញ់យកខាងក្រោម៖

សព្វទានំ ធម្មទានំ ជិនាតិ

ព្រះពុទ្ធ

Leave a comment