គន្លឺះច្បាប់សំខាន់ៗសម្រាប់អ្នកមានបំណងទិញ ឬវិនិយោគអចលនវត្ថុ Essential Legal Tips for Real Estate Investors in Cambodia

ការវិនិយោគលើអចលនវត្ថុគឺជាការល្អ បើទោះបីជាយ៉ងណាក្ដី អ្នកវិនិយោគ ឬអ្នកទិញ គួរមានចំណេះដឹងជាមូលដ្ឋានមួយចំនួនជាមុនសិន មុននឹងសម្រេចចិត្តក្នុងការវិនិយោគ ឬទិញអចលនវត្ថុណាមួយ ដើម្បីការពារហានិភ័យណាមួយដែលអាចនឹងកើតមានឡើងជាយថាហេតុ។ ការស្វែងយល់អំពីច្បាប់ពាក់ព័ន្ធនឹងអចលនវត្ថុគឺពិតជាមានសារៈសំខាន់ណាស់ ដែលជាជំនួយឱ្យលោកអ្នកមានទំនុកចិត្តច្បាស់លាស់ចំពោះប្រតិបត្តិការទិញលក់ ឬការវិនិយោគ ព្រមទាំងអាចជួយបង្ការហានិភ័យផងដែរ។ ដូច្នេះនៅក្នុងអត្ថបទខ្លីមួយនេះ ខ្ញុំនឹងសាកល្បងលើកយកគន្លឺះច្បាប់មួយចំនួនដែលពាក់ព័ន្ធជូនអ្នកវិនិយោគ ឬអ្នកទិញអចលនវត្ថុ ជាចំណុចដែលគួរតែយល់ដឹង និងពិនិត្យពិចារណាឱ្យបានច្បាស់លាស់ដូចខាងក្រោម៖

១. ការស្វែងយល់អំពីច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លី

នៅប្រទេសកម្ពុជា​មាន​ច្បាប់​កម្មសិទ្ធិ​ដីធ្លី​គឺមានជាក់លាក់ ជាពិសេស​ទាក់ទង​នឹង​អ្នក​វិនិយោគ ឬអ្នកទិញដែលជាជន​បរទេស។ យោងតាមច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ភូមិបាលឆ្នាំ ២០០១ បានកម្រិត និង/ឬ កំណត់ថា៖

  • មានតែជនជាតិខ្មែរ ឬនីតិបុគ្គលដែលមានកម្មសិទ្ធិជនជាតិខ្មែរយ៉ាងតិច ៥១% តែប៉ុណ្ណោះដែលអាចកាន់កាប់ដីធ្លី (មានកម្មសិទ្ធិ) បាន។
  • ចំពោះអគារសហកម្មសិទ្ធិ ជនបរទេសអាចទិញចាប់ពីជាន់ទីមួយឡើងទៅ មិនអាចទិញជាន់ក្រោមដី និងជាន់ផ្ទាល់ដីនៃអគារសហកម្មសិទ្ធិបានទេ។ (លម្អិតពេលក្រោយ)

២. Due Diligence: ការផ្ទៀងផ្ទាត់កម្មសិទ្ធិអចលនទ្រព្យ

មុន​នឹង​ទិញ​អចលនទ្រព្យ ត្រូវ​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់ដូចខាងក្រោម៖

  • ផ្ទៀងផ្ទាត់ប័ណ្ណកម្មសិទ្ធិជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបញ្ជាក់អំពីស្ថានភាពនៃដីនិងកម្មសិទ្ធិនៃដីនោះ។
  • ពិនិត្យមើលថាតើដីនោះមានប្លង់រឹងឬនៅ (ប្លង់ទន់ ឬប្លង់រឹង) ។
  • ពិនិត្យមើលថាតើដីនោះ មានវិវាទ ឬការជាប់គាំង ឬការហាមឃាត់ដូចជា ជាប់បញ្ចាំ ហ៊ីប៉ូតែកជាមួយធនាគារ ឬជំពាក់ពន្ធមិនទាន់បង់ ឬជាប់រក្សាការពាររបស់តុលាការដែរឬទេ។
  • ពនិត្យមើលថាតើ អ្នកលក់ពិតជាមានសិទ្ធិស្របច្បាប់ក្នុងការលក់អចលនទ្រព្យនេះដែរឬទេ។

៣. កាតព្វកិច្ចពន្ធ និងថ្លៃសេវានានា។

អ្នកទិញត្រូវពិភាក្សាជាមួយអ្នកលក់ និងកំណត់អំពីកាតព្វកិច្ចថាតើអ្នកណាមានកាតព្វកិច្ចក្នុងការទូទាត់នូវចំណាយពន្ធ និងសេវាពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិឱ្យបានច្បាស់លាស់ ។ ចំពោះព័ន្ធអាចមានដូចជា៖

  • ពន្ធប្រថាប់ត្រា (ផ្ទេរកម្មសិទ្ធិ) បច្ចុប្បន្នមានអត្រា ០៤% (បួនភាគរយ) ។
  • ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ បច្ចុប្បនមានអត្រា ០,១% (សូន្យក្បៀសមួយភាគរយ)។
  • អាចមានពន្ធផ្សេងៗទៀត។

៤. ការដោះស្រាយវិវាទ

គូភាគីអាចកំណត់យកការដោះស្រាយក្រៅប្រព័ន្ធតុលាការបានដោយការព្រមព្រៀង ហើយអាចជ្រើសរើសយកវិវាទដែលកើតឡើងនោះទៅដោះស្រាយនៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ម.ជ.ម (NCAC) ឬតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបាន។

សេចក្តីសន្និដ្ឋាន

ការវិនិយោគលើអចលនៈទ្រព្យគឺជាការល្អ យ៉ាងណាមិញការយល់ដឹងផ្នែកច្បាប់ក៏គឺជាគន្លឹះយ៉ាងសំខាន់មួយក្នុងការជួយឱ្យការទិញលក់ និងការវិនិយោគនោះកាន់តែមានប្រសិទ្ធភាព និងបង្ការហានិភ័យ។ ដើម្បីធានាឱ្យកាន់ប្រសើនោះគួរស្វែងការពីគ្រោះយោយល់ផ្នែកច្បាប់ពីអ្នកច្បាប់ដែលមានវិជ្ញាជីវៈច្បាស់លាស់។

Leave a comment